ស្រ្តីជនបទមិនមានដីស្រែចំការម្នាក់មានសភាពរាងកាយស្គមស្គាំង មានជម្ងឺជាប់ខ្លួន ដែលតែងតែប្រមូលទិញបន្លែធម្មជាតិក្នុងភូមិលក់គ្រាន់ដោះស្រាយជីវភាពថាខ្លួនមិនអាចមានកម្លាំងប្រកបរបរចិញ្ចឹមជីវិតដូចសព្វដងបានទៀតឡើយ។
អ្នកស្រី ឆិន លាង មានវ័យប្រមាណ ៤៤ ឆ្នាំ រស់នៅភូមិ តាភោក ឃុំ បល្ល័ង្គ ស្រុក បារាយណ៍ ខេត្ត កំពង់ធំ បានរៀបរាប់ទុក្ខលំបាកប្រាប់ពលរដ្ឋសារព័ត៌មាន CCIM ឱ្យបានដឹងថា អ្នកស្រី មានកូនចំនួន បី នាក់ ក្នុងនោះកូនច្បង បានទៅធ្វើការរោងចក្រ ទើបបានប្រហែល ១០ ថ្ងៃ។ អ្នកស្រីថាគ្រួសាររបស់អ្នកស្រីមិនមានដីស្រែចំការដាំដុះធ្វើដូចគេឡើយ ដូច្នេះហើយទើបជ្រើសរើសប្រកបមុខរបរទិញលក់បន្លែ គ្រាន់បានផលចំណេញតិចតូចដោះស្រាយជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ។ អ្នកស្រីធ្លាក់ខ្លួនឈឺទៅមិនរួច កំពុងទទួលការព្យាបាលជម្ងឺរបេងនៅមណ្ឌលសុខភាពបល្ល័ង ឃុំ បល្ល័ង្គ រយៈពេល៦ខែ ឥឡូវនេះ ទើបតែលេបថ្នាំព្យាបាលបាន ១ ខែប៉ុណ្ណោះ ។
អ្នកស្រីបានបន្ថែមទៀតថា៖ «មុខរបរក្នុងគ្រួសាររបស់ខ្ញុំ ទិញបន្លែធម្មជាតិក្នុងភូមិ ដែលក្មេង បេះបោចយកមកលក់ឱ្យដូចជា កញ្ឆែត ស្លឹកបាស ត្រកូន ផ្ទី ជាដើម។ នៅម៉ោង ១២ យប់ងើបចេញដំណើរយកបន្លែទាំងនេះ ទៅបោះដុំ និងលក់រាយនៅផ្សារកំពង់ថ្ម ប៉ុន្តែឥឡូវខ្ញុំទៅលែងរួចហើយដោយសារបញ្ហាជម្ងឺស្ថិតនៅក្នុងដំណាក់ព្យាបាល»។
ស្វាមីអ្នកស្រី ឆិន លាង គឺលោក ឡៃ ទៀង មានអាយុ ៤៥ ឆ្នាំ អង្គុយលក់នៅផ្សារកំពង់ថ្ម បានឱ្យដឹងថា មានម៉ូយប្រមូលទិញបន្ត បានចំណេញតិចតូច សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងមួយថ្ងៃរកចំណូលបាន៥០០០រៀល ទៅ ១០០០០ រៀល ក្នុងមួយថ្ងៃ បានសន្សំធ្វើផ្ទះ ដំបូលប្រក់សង័្គសី ដែលជញ្ជាំងក៍បាំងសង័្គសីដែរ។
លោកបន្តថា៖ «គ្រាន់បើជាងមុន បើកាលមុននៅដីសាលារៀនបឋមសិក្សាតាភោក សូមគេរស់នៅបណ្តោះអាសន្ន។ លំបាកណាស់ជីវភាពហូបចុកមិនសូវគ្រប់គ្រាន់ បានលុយមកមើលតែជម្ងឺប្រពន្ធ បាន ម្ភៃម៉ឺន អស់ម្ភៃម៉ឺន ឈឺរហូត»៕
__________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ហ៊ត គឹមហ៊ាត