អាជ្ញាធរខេត្តកណ្ដាលបានឆ្លើយបំភ្លឺចំណាត់ការរបស់ខ្លួន ដែលបានប្រើរថយន្ដបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ាដីធ្លី ខណៈភាគីពលរដ្ឋទាមទារម្ដងហើយម្ដងទៀតឱ្យអាជ្ញាធរជួយរកដំណោះស្រាយដែលអាចទទួលយកបាន។
ក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋបាលខេត្តកណ្ដាលបកស្រាយថា ការប្រើរថយន្ដបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមពលរដ្ឋមានជម្លោះដីធ្លី គឺជាការការពារខ្លួន និងបំពេញភារកិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់ ខណៈចោទភាគីពលរដ្ឋថា ពួកគេបានប្រើអំពើហិង្សាមកលើពួកគេមុន ដែលធ្វើឱ្យសមត្ថកិច្ចបង្ខំចិត្តបំបែកក្រុមបាតុករ ព្រមទាំងបានឃាត់ខ្លួនមនុស្សចំនួន ៣០នាក់ ក្នុងនោះស្រី២០នាក់ ដើម្បីយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
រដ្ឋបាលខេត្តកណ្ដាលចោទថា កាលពីថ្ងៃម្សិលមិញ ពលរដ្ឋប្រមាណជា ១០០នាក់ បានប្រមូលផ្ដុំគ្នាប្រើអំពើហិង្សា និងធ្វើការជេរប្រមាថ ដោយមានទាំងដុតកៅស៊ូ ប្រើដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ គប់ដបសាំងលើសមត្ថកិច្ច ដែលបង្កឱ្យសមត្ថកិច្ចចំនួន ១៣នាក់រងរបួស។
រដ្ឋបាលខេត្តកណ្ដាលចាត់ទុកសកម្មភាពរបស់ក្រុមអ្នកមានជម្លោះដីធ្លីនេះថាជា «ទង្វើជ្រុលនិយម» និងបំពានច្បាប់ និងជាសកម្មភាពធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងបំផ្លាញផលប្រយោជន៍របស់ជាតិ។
រដ្ឋបាលខេត្តកណ្ដាលបញ្ជាក់ថា៖ «រដ្ឋបាលខេត្តកណ្ដាលពិតជាមានការសោកស្ដាយចំពោះទង្វើជ្រុលនិយមរបស់ក្រុមមនុស្សដែលបានប្រព្រឹត្តខុសច្បាប់ ដែលអំពើនេះអាចធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សន្ដិសុខ និងការបំភ្លេចបំផ្លាញផលប្រយោជន៍របស់ជាតិ»។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ ដែលអះអាងថា ប្ដីរបស់គាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន អ្នកស្រី ប៊ូ លាប ថ្កោលទោសការចំណាត់ការរបស់អាជ្ញាធរនេះ ដោយថា ប្ដីរបស់គាត់មិនបានចូលរួមធ្វើសកម្មណាមួយឡើយ ហើយប្ដីគាត់ក៏មិនស្រួលខ្លួននិងសម្រាន្ដនៅក្រោមផ្ទះ ប៉ុន្ដែ ត្រូវសមត្ថកិច្ចចូលមចាប់ខ្លួន និងវាយទាត់ធាក់ប្រើហិង្សាទៀតផង។
អ្នកស្រីរៀបរាប់ថា៖ «ពេលណាលឺសំឡេងកាំភ្លើងគាត់ក៏ងើបមើល ត្រូវគេយកទៅវាយធ្វើបាប ទាត់ធាក់ និងវាយបែកមុខយកតែម្ដង។ ពេលខ្ញុំចង់ចូលទៅជួយ បែរជាខាងកងកម្លាំងចាប់ខ្ញុំចេញភ្លាម។ ខ្ញុំមិនអាចជួយប្ដីបាន ក្រៅពីមើលពីចម្ងាយនិងយំបោកខ្លួន។ ប្ដីខ្ញុំឈឺ សុំអង្វរ សុំកុំធ្វើបាបគាត់អីហើយគាត់មិនបានចូលរួមទេ»។
ស្ដ្រីម្នាក់ទៀត ដែលអះអាងថា ប្ដីរបស់គាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដែរនោះ អ្នកស្រី ទូច កែវ ប្រាប់ថា ប្ដីរបស់គាត់បានឈរមើលសកម្មភាពតវ៉ា និងប៉ះទង្គិចរវាងអាជ្ញាធរ និងពលរដ្ឋមានជម្លោះដីធ្លី ប៉ុន្ដែ មិនបានធ្វើសកម្មភាពចូលរួមនោះទេ។
អ្នកស្រីស្នើឱ្យសមត្ថកិច្ចដោះលែងប្ដីរបស់គាត់ឱ្យសេរីភាពវិញ និងស្នើឱ្យអង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងក្រៅប្រទេសតាមដានករណីនេះ ព្រោះថា ជារឿងអយុត្តិធម៌ជាទីបំផុត។
អ្នកស្រីរៀប់រាប់ថា៖ «គ្រាន់ទៅឈរមើលសោះ ក៏ត្រូវបានចាប់ខ្លួន និងវាយធ្វើបាបដែរ។ កុំចាប់ជនដែលគ្មានកំហុស។ ខ្ញុំ ស្នើសុំដល់អង្គការសង្គមស៊ីវិលក្រៅប្រទេស និងក្នុងប្រទេសមេត្ដាជួយឃ្លាំមើលនិងតាមដានរឿងនេះផង»។
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ មានការប៉ះទង្គិចគ្នាជាថ្មីទៀតរវាងកងកម្លាំងខេត្តកណ្ដាល និងប្រជាពលរដ្ឋមានជម្លោះដីធ្លី ដោយមានការបាញ់ទឹក និងគ្រាប់បែកផ្សែងមកលើពលរដ្ឋទៀតផង។
បើតាមប្រភពពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចប្រមាណ ៣០០នាក់ ដែលប្រដាប់ដោយខែល និងដំបង បានប្រើហិង្សាទៅលើពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់ ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលបណ្ដាលឱ្យមានអ្នករងរបួស និងការចាប់ខ្លួនពលរដ្ឋ ២៧នាក់ ពាក់ព័ន្ធនឹងការតវ៉ាបញ្ហាដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី។
ករណីនេះ អ្នកធ្វើការផ្នែកសិទ្ធិមនុស្សយល់ថា ការអូសបន្លាយមិនរកដំណោះស្រាយចំពោះបញ្ហាដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីនេះ គឺជាកត្តាជំរុញឱ្យការប៉ះទង្គិចគ្នាអាចនឹងកើតមានជាថ្មីទៀត ហើយអាចឈានដល់ការផ្ទុះអំពើហិង្សា និងការចាប់ខ្លួនផងដែរ។
សង្គមស៊ីវិលថា ភាគីក្រុមហ៊ុនគួរសិក្សាអំពីតម្លៃដីដែលខ្លួនបានដាក់ជូនប្រជាពលរដ្ឋថាតើ វាជាតម្លៃទីផ្សារ និងអាចទទួលយកបានពីភាគីប្រជាពលរដ្ឋដែរឬទេ។ សង្គមស៊ីវិលថា ការអភិវឌ្ឍណាមួយអាចធ្វើទៅបាន លុះត្រាក្រុមហ៊ុនបានដោះស្រាយផលប៉ះពាល់លើសិទ្ធិរបស់ពលរដ្ឋជាមុនសិន៕
____________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុខមាន