ពលរដ្ឋនៅខេត្តកែបសាទរចំពោះការសម្រេចដកផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀនៅក្នុងខេត្តនេះ ប៉ុន្ដែ ពួកគេស្នើឱ្យដកស្លាកផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀទាំងអស់នៅទូទាំងប្រទេសតែម្ដង ដោយជំនួយវិញនូវស្លាកអប់រំ។
គ្រូពេទ្យម្នាក់នៅក្រុងកែប ខេត្តកែប លោក អូ៑ក ឃឹម ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ថ្នាក់ដឹកនាំនៅគ្រប់ខេត្តក្រុង គួរបន្តវិធានការម៉ឺងម៉ាត់លើក្រុមហ៊ុនផលិតស្រាបៀ និងកុំអនុញ្ញាតឱ្យដាក់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមដងផ្លូវសាធារណៈតទៅទៀត។
គ្រូពេទ្យរូបនេះបន្ថែមទៀតថា ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះបានជះឥទ្ធិពលមិនល្អដល់អនាគតយុវជន ដែលជាទំពាំងស្នងឬស្សី និងថែមទាំងប៉ះពាល់ដល់សង្គមជាតិទាំងមូលទៀតផង ព្រោះវាបានបង្កជាអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងខាតបង់ប្រាក់ចំណូលក្នុងគ្រួសារ។
លោកបន្តថា៖ «ខ្ញុំស្វាគមន៍ចំណាត់ការរដ្ឋបាលខេត្តកែប និងខេត្តនានាឱ្យធ្វើការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជកម្មស្រាបៀនេះ។ គួរតែរុះរើឱ្យបានគ្រប់រាជធានីខេត្តទាំង២៥ ព្រោះជាគោលការណ៍ថ្នាក់ក្រោមជាតិដូចគ្នា»។
ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកែប អ្នកស្រី អួ៑ន ស្រីពៅ លើកឡើងថា អ្នកស្រីសាទរចំពោះការសម្រេចរបស់រដ្ឋបាលខេត្តកែបនេះ ដោយថា ការសេពគ្រឿងស្រវឹងបានធ្វើឱ្យខាតបង់ថវិកា និងសុខភាពធ្ងន់ធ្ងរ។
អ្នកស្រីបន្តថា៖ «ខ្ញុំត្រេកអរដែរដែលចៅហ្វាយខេត្តគាត់ឱ្យគេដកស្លាកទាំងនោះចេញ ខ្ញុំគិតថា វាមិនចំណេញអីសោះ អ្នកដែលផឹកស្រាមានតែខាតបង់លុយ ហើយឈ្លោះគ្នាព្រោះគ្រឿងស្រវឹងនេះផង ខូចអនាគតផង»។
មន្ត្រីអង្គការលីកាដូនៅខេត្តកំពត លោក អ៊ុក សុវណ្ណចាន់ថន មានប្រសាសន៍ថា ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀកន្លងមកបានធ្វើឱ្យពលរដ្ឋប្រកាន់យកផ្នត់គំនិតងប់ងល់នឹងគ្រឿងស្រវឹង។ លោកស្នើឱ្យអាជ្ញាធរគ្រប់ខេត្តក្រុងគិតគូរុះរើផ្ទាំងប៉ាណូស្រាបៀទាំងនោះចេញ ហើយដាក់ជំនួសវិញនូវស្លាកអប់រំ និងការលើកកម្ពស់ជាតិពិតប្រាកដ។
លោកបន្ដថា៖ «ពលរដ្ឋចូលចិត្តពិសារនោះផ្តោតតែរឿងផឹកតែម្យ៉ាង ខូចចិត្តក៏ផឹក ជោគជ័យក៏ផឹក ប្រឡងជាប់ក៏ផឹក ប្រឡងធ្លាក់ក៏ផឹក បុណ្យសពក៏ផឹក ជួបជុំធម្មតាក៏ផឹក។ បើរដ្ឋបាលខេត្តកែប និងខេត្តនានាដាក់ជំនួសមកវិញស្លាកអប់រំ ដើម្បីអាចកាត់បន្ថយបានខ្លះ»៕
_______________________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកំពត លោក សំ ឌីម