ពលរដ្ឋកំពុងស្នាក់នៅរាជធានីភ្នំពេញដែលមិនទាន់ទទួលបានវ៉ាក់សាំងអះអាងថា ពួកគេពិបាកស្នើសុំលិខិតចាក់វ៉ាក់សាំងពីអាជ្ញាធរនៅតាមសង្កាត់នានា បន្ទាប់ក្រសួងសុខាភិបាលប្រកាសជាថ្មីឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យឆាប់មុនផុតកំណត់។
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសម្ដងទៀតដោយអំពាវនាវឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលពុំទាន់ទទួលបានវ៉ាក់សាំងនោះ ប្រញាប់ប្រញាលទៅចាក់វ៉ាក់សាំងឱ្យបានឆាប់ ព្រោះយុទ្ធនាការនេះនឹងបញ្ចប់នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ ក្រសួងប្រកាសទៀតថា ពលរដ្ឋដែលមិនធ្វើតាមនឹងទទួលខុសត្រូវដោយខ្លួនឯង ក្រោយផុតកំណត់កាលបរិច្ឆេទនេះ។
ក្រោយសេចក្ដីប្រកាសចុងក្រោយនេះ ក៏ឃើញមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលរស់នៅរាជធានីភ្នំពេញបានត្អូញត្អែរថា ពួកគេជួបការលំបាកនិងស្មុគស្មាញក្នុងការស្នើសុំធ្វើលិខិតបញ្ជាក់ពីអាជ្ញាធររដ្ឋបាលសង្កាត់ក្នុងខណ្ឌនីមួយៗ ដើម្បីបានចាក់វ៉ាក់សាំង។
ពលរដ្ឋម្នាក់រស់នៅភូមិត្រពាំងឈូក សង្កាត់ អូបែកក្អម ខណ្ឌសែនសុខ លោក កើត សូរិយា អាយុ៥០ឆ្នាំ បានពលរដ្ឋសារព័ត៌មាន CCIM ដឹងថា អាជ្ញាធរ និង ក្រសួងសុខាភិបាលគួរកាត់ចោលទៅ លើបញ្ជាក់លិខិតស្នាមអីនោះ ព្រោះប្រជាពលរដ្ឋខ្លះ គាត់រវល់រកទទួលទានផង ហើយរវល់តែដើរទៅបញ្ជាក់ឯកសារតាមភូមិ សង្កាត់ ជូនកាលហួសពេលវេលាអាជ្ញាធរភូមិ សង្កាត់ដល់ម៉ោងការងារ ហើយទៅមិនជួបខកខានពេលវេលាដដែរ ដូច្នេះគួរកាត់ទៅ ឱ្យប្រជាពលរដ្ឋ កាន់ត្រឹមតែ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ហើយមើលទៅ បើគ្រប់អាយុហើយ ចាក់ឱ្យគ្នាទៅ ។
លោកបន្ថែមថា៖ «ក្រសួងសុខាភិបាលគួររកមន្ទីរពេទ្យណាមួយធ្វើជាទីតាំងគោល សម្រាប់ឱ្យប្រជាពលរដ្ឋ ងាយស្រួលទៅចាក់វ៉ាក់សាំង បើបានជាចប់ការចាក់នៅរាជនីភ្នំពេញ ទៅចាក់នៅតាមខេត្តជាដើម ដោយសារមានប្រជាជនខ្លះ មិនទាន់គ្រប់អាយុ ឬ ឆ្នាំគ្រប់ហើយ ប៉ុន្តែមិនទាន់គ្រប់ខែ ដូច្នេះត្រូវជួយសម្រួលគ្នា»។
ពលរដ្ឋរស់នៅក្នុងសង្កាត់ដង្កោត រាជធានីភ្នំពេញ លោក សុខា ឌឿន អះអាងថា លោកបានស្នើសុំលិខិតពីអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើសុំចាក់សាំងដល់សមាជិកគ្រួសាររបស់គាត់ ប៉ុន្ដែ លោកថា អាជ្ញាធរនៅទីនោះប្រាប់ថា ពួកគេមិនធ្វើលិខិតស្នើសុំតទៅទៀតទេ និងប្រាប់ឱ្យពួកគេចាក់ទៅខេត្តវិញ។
លោកស្នើដល់ក្រសួងសុខាភិបាលឱ្យកែតម្រូវដំណើររដ្ឋបាលមានលក្ខណៈងាយស្រួលជាងនេះ ដោយថា កន្លែងចាក់វ៉ាក់សាំងទាំងនោះ គួរតម្រូវឱ្យមានតែអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបានហើយ។
លោកបន្ដថា៖ «ខ្ញុំបានទៅស្នើសុំក្រដាសចាក់វ៉ាក់សាំងឱ្យគ្រួសារនៅសង្កាត់ដង្កោ តែខាងសង្កាត់គាត់អស់ក្រដាសចាក់វ៉ាកសាំងហើយថា ចាំទៅចាក់នៅខេត្តទៅ។ ប៉ុន្តែក្រសួងប្រកាសឱ្យរួសរាន់ទៅចាក់វិញ ខ្ញុំអត់យល់ ហើយខាងសង្កាត់ប្រាប់ថា បើចង់វ៉ាក់សាំងទល់តែចុះឈ្មោះពីរទៅបីខែមុន។ សូមឱ្យក្រសួងសុខាភិបាលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលទទួលបានចាក់វ៉ាក់សាំងដោយពុំចាំបាច់បញ្ជាក់ឯកសារលិខិតស្នាម ព្រោះអីវាលំបាកក្នុងការជួបជាមួយអាជ្ញាធរ ដើម្បីបញ្ជាក់»។
នាយរដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ឆាយ វាសនា អះអាងថា នៅសង្កាត់របស់លោក ពលរដ្ឋបានចាក់វ៉ាក់រួចហើយ។ ប៉ុន្ដែ សម្រាប់ពលរដ្ឋផ្សេងទៀតដែលអះអាងថា រស់នៅក្នុងសង្កាត់នេះហើយមិនទាន់ចាក់វ៉ាក់សាំង លោកក៏មិនដឹងដូចគ្នា ដោយបង្វែរសំណួរនេះទៅកាន់អាជ្ញាធររាជធានីភ្នំពេញជាអ្នកឆ្លើយជំនួសវិញ។
លោកបន្ដថា៖ «វ៉ាក់សាំងបានអស់ហើយ។ អាហ្នឹងខ្ញុំអត់ដឹងថា ធ្វើយ៉ាងម៉េចទេបង សួរទៅខាងអាជ្ញាធររាជធានីភ្នំពេញទៅ»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានសាកសួរសំណួរនេះទៅអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប៉ុន្ដែ មិនទាន់មានការឆ្លើយតបយ៉ាណានោះទេ គិតត្រឹមល្ងាចថ្ងៃទី៨ ខែកក្កដានេះ។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី៧ កក្កដា ឆ្នាំ២០២១ អាជ្ញាធរសុខាភិបាលបានផ្ដល់វ៉ាក់សាំងដល់អ្នកចាក់ដូសលើកទី១ សរុបចំនួន ៤ ៧០១ ២៥៥នាក់ និងលើកទី២ ចំនួន ៣ ៤៤០ ៩៣០នាក់ ពោលគឺស្មើនឹងចំនួន ៤៧.០១ភាគរយ ធៀបនឹងគោលដៅដែលរដ្ឋាភិបាលគ្រោងសម្រេចឱ្យបានចំនួន ១០លាននាក់ ដើម្បីបង្ការការបន្ដចម្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៕
———————————————————
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ហួត គឹមហ៊ាត