ពលរដ្ឋនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បង្ហាញការព្រួយបារម្ភក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ទៅដល់សហគមន៍ ប៉ុន្ដែជនជាតិដើមភាគតិចមួយចំនួនមិនហ៊ានទទួលវ៉ាក់សាំងនេះនោះទេ ដោយបារម្ភបញ្ហាសុខភាព។
យុវជនម្នាក់ទៀតរស់នៅឃុំសេដា លោក ផុង ញូរ បារម្ភពីផលប៉ះពាល់សុខភាពរបស់គាត់ ដោយថា គាត់មានជំងឺប្រចាំកាយ ខ្សោយកម្លាំង ទ្រុឌទ្រោម និងមានអាយុច្រើន ឈឺសន្លាក់និងគ្មានកម្លាំងកំហែង ទើបភ័យខ្លាចក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។
ពលរដ្ឋម្នាក់ទៀតរស់នៅស្រុកលំផាត់ ខេត្តរតនគិរី លោក ជិន ពេន ប្រាប់ថា លោកមិនហ៊ានធ្វើដំណើរចេញក្រៅផ្ទះ ឬកន្លែងមានមនុស្សប្រមូលផ្ដុំគ្នាច្រើននោះទេ ដោយបារម្ភខ្លាចឆ្លងជំងឺដ៏កាចសាហាវមួយនេះ។ ក្រៅពីនេះ លោកថា លោកស្ម័គ្រចិត្តទទួលយកវ៉ាក់សាំងក្នុងយុទ្ធនាការរបស់រដ្ឋាភិបាល ប៉ុន្ដែ លោកក៏បារម្ភពីពីបញ្ហាសុខភាពផងដែរ។
លោក ជិន ពេន ប្រាប់ថា៖ «ខ្ញុំមិនហ៊ានធ្វើដំណើរទៅណាមកណាដូចថ្ងៃមុនៗឡើយដោយសារខ្លាចឆ្លងកូវីដ-១៩ ជាពិសេសនៅទីរួមខេត្តបានលុងកំពុងផ្ទុះខ្លាំង។ ម្យ៉ាងទៀតក្រៅពីក្តីបារម្ភខ្លាចឆ្លងជំងឺដ៏កាចសាហាវមួយនេះ»។
ពលរដ្ឋម្នាក់ទៀតរស់នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី លោក ម៉ៃ តុន គាំទ្រចំពោះយុទ្ធនាការចាក់សាំងនេះ ដោយថា លោកព្រមទទួលយកបញ្ហាសុខភាពទាំងនោះ បើវាកើតឡើងមែន។
លោកបន្តថា៖ «សុខភាពខ្ញុំពេលនេះគ្មានអ្វីកត់សម្គាល់ទេ។ ឱ្យតែយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ខ្ញុំគាំទ្រពេញទំហឹងសម្រាប់ខ្ញុំ»។
មេឃុំសេដា លោក អង់ ប៊ុនថៀង មានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះបានផ្ដល់អាទិភាពដល់អ្នកជួរមុខចំនួន ២៦នាក់ ដូចជា មេឃុំ អនុភូមិ គ្រូពេទ្យ មន្ដ្រីប៉ុស្ដិ៍រដ្ឋបាល និងគ្រូបង្រៀនជាដើម។
លោកមិនអាចឆ្លើយបានថា ការផ្ដល់វ៉ាក់សាំងដល់ពលរដ្ឋនៅតាមសហគមន៍មកដល់ពេលណានោះទេ។ យ៉ាងនេះក្ដី មេឃុំរូបនេះជឿជាក់ថា ពលរដ្ឋអាចស៊ូទ្រាំនឹងឥទ្ធិពលវ៉ាក់សាំងបាន ព្រោះតាមបទពិសោធន៍ដែលបានចាក់ហើយ លោកមិនមានអាការៈ ឬផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទេ។
លោក អង់ ប៊ុនថៀង បន្ដថា៖ «ចាក់ហើយដូចមិនឃើញកើតអីផង លើកលែងតែពេទ្យពិនិត្យឃើញថា អ្នកត្រូវចាក់ ឬមិនត្រូវចាក់ ដូចជា រោគឡើងឈាមខ្លាំង រោគអាលាក់ស៊ី ស៊ីស្បែក។ អ្នកណាមិនត្រូវចាក់ គេចេញបណ្ណឱ្យមួយដើម្បីសម្គាល់»។
បើទោះបីជាមានការផ្ទុះជំងឺកូវីដ-១៩ជាបន្ដបន្ទាប់នៅខេត្តរតនគីរីក្ដី មេឃុំសេដា លោក អង់ ប៊ុនថៀង អះអាងថា នៅឃុំរបស់លោក មិនទាន់រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩នោះទេ ខណៈអាជ្ញាធរក៏បានខិតខំផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឱ្យបង្កើនការការពារសុវត្ថិភាព និងអនាម័យ៕
__________________________________
ពលរដ្ឋអ្នកសារព័ត៌មានខេត្តរតនគីរី លោក ផុង ផាន់ណាថាត់