តុលាការខេត្តកោះកុងសម្រេចចេញដីកាកោះហៅស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ដែលត្រូវបានរដ្ឋាភិបាលបណ្ដេញចេញកាលពីឆ្នាំ២០១៥ ឲ្យចូលសវនាការថ្ងៃទី៣០ ខែកក្កដា។
ក្នុងដីកាកោះហៅ ចុះថ្ងៃទី២៥ ខែមេសា តំណាងរាជអាជ្ញាសាលាដំបូងខេត្តកោះកុង លោក អ៊ីវ ត្រាយ បានកោះហៅលោក អាឡិច ហ្គន់សាឡេស ដេវិតសុន ឲ្យចូលបំភ្លឺនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង៨ និង៣០នាទីព្រឹក ដើម្បីឆ្លើយបំភ្លឺទាក់ទងនឹងបទចោទ សមគំនិតក្នុងអំពើគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតតាមមាត្រា២៩ និង៤២៤នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តនៅក្នុងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ដល់២៨ ខែកក្កដា និងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។
លោក អាឡិច ហ្គន់សាឡេស ដេវិតសុន បានឲ្យ VOD ដឹងពីប្រទេសអេស្ប៉ាញ ថា លោកនៅតែរក្សាជំហរដើម្បីចូលរួមនៅក្នុងសវនាការនេះ តែលោកសួរទៅរដ្ឋាភិបាលវិញថា តើហ៊ានអនុញ្ញាតឲ្យលោកចូលវិញដែរឬអត់នោះ។