អគ្គិសនីកម្ពុជាបំភ្លឺថា ករណីដាច់ភ្លើងនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ កន្លងទៅជាឧបទ្ទវហេតុ មិនមែនជាចេតនាកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលអគ្គិសិនីដូចការលើកឡើងនោះទេ ។
អគ្គិសនីកម្ពុជា (EDC) កាលពីថ្ងៃចន្ទម្សិលមិញ បានសរសេរលើហ្វេសប៊ុករបស់ខ្លួនបំភ្លឺថា ការដាច់ភ្លើងនៅមន្ទីរពេទ្យព្រះកុសមៈ កាលពីព្រឹកថ្ងៃទី២៥មេសា សប្តាហ៍មុននេះ ជាឧបទ្ទវហេតុផ្ទុះដាច់ខ្សែកាបបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី មិនមែនជាការកាត់ផ្តាច់ទេ។
EDC អះអាងថា ករណីនេះវាបានបង្កជាការយល់ច្រឡំដល់មហាជនមួយចំនួន ដែលពុំបានដឹងច្បាស់អំពីការខូចខាតនេះ ហើយគិតថា អគ្គិសនីកម្ពុជា បានផ្តាច់ភ្លើងមន្ទីរពេទ្យ។
នៅថ្ងៃដាច់ភ្លើងនោះ គណនេយ្យហ្វេសប៊ុករបស់គ្រូពេទ្យម្នាក់ ត្រូវបានគេចែកចាយតាមបណ្តាញសង្គម បានសរសេរថា ការកាត់ផ្តាច់ចរន្តអគ្គិសនីបានប៉ះពាល់ដល់ប្រតិបត្តិការជួយសង្គ្រោះអ្នកជំងឺធ្ងន់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ឬ ICU។