សាលាដំបូងខេត្តក្រចេះបានសម្រេចដោះលែងម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក និងសកម្មជនការពារព្រៃឈើ៣នាក់ផ្សេងទៀត បន្ទាប់ពីពួកគេត្រូវបានបុគ្គលិកក្រុមហ៊ុនឯកជនចាប់បញ្ជូនទៅអាជ្ញាធរ ជុំវិញការចោទថា ចូលក្នុងបរិវេណក្រុមហ៊ុនដោយគ្មានច្បាប់អនុញ្ញាត។
នៅចន្ទ ទី១៦ ខែមិនា ឆ្នាំ២០២០នេះ សាលាដំបូងខេត្តក្រចេះបានសម្រេចដោះលែង លោក អ៊ូច ឡេង ដែលជាសកម្មជនព្រៃឈើដ៏ល្បីនៅកម្ពុជា និងជាម្ចាស់ពានរង្វាន់បរិស្ថានពិភពលោកឆ្នាំ២០១៦ និងសកម្មជនព្រៃឡង់ចំនួន ៣នាក់ផ្សេងទៀត បន្ទាប់ពីមនុស្សទាំង៤នាក់នេះ បានទទួលរងនូវអំពើហិង្សាពីសំណាក់កម្លាំងការពាររបស់ក្រុមហ៊ុនស៊ីឯកជនមួយឈ្មោះ «បាយអូថេក» ដែលបានធ្វើការឃាត់ខ្លួន និងបញ្ជូនពួកគេ ឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្រុកសុំបូរ ខេត្តក្រចេះ សួរនាំនៅព្រឹកថ្ងៃទី១៣ មីនា ឆ្នាំ២០២០នេះ។
ករណីនេះ ខាងតំណាងក្រុមហ៊ុន បាយអូថេក អះអាងថា សកម្មជនព្រៃឈើទាំង៤នាក់នេះបានចូលទៅក្នុងបរិវេណក្រុមហ៊ុន ដោយមិនសុំច្បាប់ត្រឹមត្រូវ និងមិនបានសហការជាមួយមន្ត្រីជំនាញ ឬអាជ្ញាធរដែនដី ។
អ្នកការពារព្រៃឈើទាំង៤នាក់នោះ ត្រូវបានបុគ្គលិកក្រុមហ៊ុនឯកជនមួយឈ្មោះ ស៊ីងបាយអូតិក ចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែមីនា នៅចំណុចដំបូកស ភូមិរមួល ឃុំបឹងចា ស្រុកសំបូរ ខេត្តក្រចេះ។
លោក អ៊ូច ឡេង និងប្រជាពលរដ្ឋ៣នាក់ទៀតដែលជាសមាជិកបណ្ដាញអ្នកការពារព្រៃឡង់ រួមមានលោក ខេម សុឃី លោក ស្រី ថី និងលោក មេន ម៉ាត់៕
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។