ស្ដ្រីខ្មែរម្នាក់ទៀតនៅប្រទេសម៉ាឡេស៊ី គឺអ្នកស្រី ម៉ារីណា ស៊ូលីម៉ាន ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្ដរាគមន៍សម្របសម្រួលបានត្រឡប់មកប្រទេសកម្ពុជាវិញ ស្របពេលខ្លួនកំពុងជាប់គាំងនៅក្រៅប្រទេស និងមានកូនតូចនៅជាមួយផង។
យោងតាមវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ អ្នកស្រី ម៉ារីណា ស៊ូលីម៉ាន រៀបរាប់ថា គាត់បានជាប់គាំងនៅប្រទេសម៉ាឡេស៊ីអស់រយៈពេលជាច្រើនថ្ងៃមកហើយ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ និងម្យ៉ាងទៀតរូបគាត់ក៏កំពុងមានកូនតូចអាយុទើបបាន៦ខែផងនោះ។
អ្នកស្រីរៀបរាប់ថា គាត់ចង់ត្រឡប់មកប្រទេសកម្ពុជា ដើម្បីជួបជុំគ្រួសារ និងថា នៅប្រទេសម៉ាឡេស៊ីនេះ រូបគាត់មិនមានការងារធ្វើ និងមានប្រាក់ជាប់ខ្លួនច្រើនទេ ចំណែកប្ដីរបស់គាត់ក៏ត្រូវបានគេចាប់បញ្ជូនត្រឡប់ទៅប្រទេសខ្មែរមុនហើយ។
អ្នកស្រីបន្ដថា ៖ «នៅពេលនេះខ្ញុំគ្មានការងារធ្វើទេហើយក៍គ្មានប្រាក់ចំណូលដែរ ហើយគ្មានអីហូបទេ និងគ្មានកន្លែងស្នាក់នៅដែរ ដើរសុំកន្លែងអ្នកជិតខាងនៅជាបណ្តោះអាសន្ន។ ខ្ញុំសុំឲ្យរដ្ឋាភិបាលខ្មែរជួយបើកផ្លូវឲ្យពួកខ្ញុំត្រឡប់ទៅស្រុកខ្មែរវិញផង ខ្ញុំចង់ទៅខ្មែរ ហើយបងប្អូនយើងនៅនឹងច្រើនណាស់ ខ្ញុំទៅខ្មែរទាំងអស់គ្នា»។
ស៊ូលីម៉ាន បន្តថា សព្វថ្ងៃនេះមិនមែនមានតែពួកគាត់ប៉ុន្មាននាក់ហ្នឹងដែរជួបការលំបាកនៅប្រទេសម៉ាឡេស៊ីទេ នៅមានពលរដ្ឋខ្មែរជាច្រើននាក់ទៀតក៏កំពុងជួបការលំបាកដូចគាត់ ហើយកំពុងស្វែងរកជួយអន្តរាគមន៍ពីស្ថានទូតខ្មែរនិងរដ្ឋាភិបាលខ្មែរឲ្យបានជួយពួកគាត់បានវិលត្រឡប់ទៅស្រុកខ្មែរវិញ។
កាលពីសប្ដាហ៍មុន ស្ដ្រីខ្មែរម្នាក់ទៀត គឺអ្នកស្រី ម៉ាត់ មារី ក៏បានរៀបរាប់ថា គាត់បានជាប់គាំងនៅប្រទេសម៉ាឡេស៊ីអស់រយៈពេលជាច្រើនថ្ងៃដូចគ្នា ខណៈគាត់កំពុងពរពោះកូនក្នុងផ្ទៃ៨ ខែផងនោះ។ អ្នកស្រីក៏ស្នើដល់រដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាជួយសម្របសម្រួលឲ្យគាត់បានវិលត្រឡប់មកស្រុកខ្មែរវិញ ព្រោះកូនក្នុងផ្ទៃកាន់តែជិតគ្រប់ខែ និងមិនមានប្រាក់សម្រាប់សម្រាលកូននោះទេ៕
————————————————
ដោយពលរដ្ឋសារព័ត៌មាន លោក នូ រ៉េន