បណ្ដាញអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកលើកកម្ពស់សិទ្ធិកុមារលើកឡើងថា កុមារនៅកម្ពុជានៅតែបន្ដប្រឈមបញ្ហាជាច្រើន រាប់ចាប់តាំងពីពលកម្មលើកុមារ ឥទ្ធិពលនៃជំងឺកូវីដ១៩ ការបោះបង់ចោលការសិក្សា និងអំពើហិង្សាផ្សេងៗ។
ក្នុងទិវាកុមារអន្ដរជាតិ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា បណ្ដាញអង្គការ ដែលដឹកនាំដោយកុមារ និងយុវជន ជាបណ្ដាញមួយដែលរួមបញ្ចូលគ្នាចំនួនបី រួមមានបណ្ដាញកុមារអ្នកតស៊ូមតិ (CAN) ក្រុមតំណាងយុវវ័យ និងយុវជន (AYRG) និងសមាគមចលនាកុមារ នឹងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR) បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយលើកឡើងពីសមិទ្ធិផលផ្សេងៗ ដែលរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ដូចជា ការលើកកម្ពស់សិទ្ធិកុមារ ការទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើកុមារ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម យុទ្ធសាស្រ្តស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន គោលនយោបាយ និងផែនការសកម្មភាពសម្រាប់កិច្ចការពារកុមារនៅសាលារៀន និងការយកចិត្តទុកដាក់លើការទប់ស្កាត់ និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសកុមារ នឹងយុវជន អំពីការឆ្លងរាតត្បាតនៃជំងឺកូវិដ១៩។
យ៉ាងណាក៏ដោយ បើតាមសេចក្ដីថ្លែងការណ៍រួមនេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះអះអាងថា នៅមានបញ្ហាប្រឈម និងឧបសគ្គមួយចំនួន ដែលកុមារកម្ពុជាកំពុងជួបប្រទះ រួមមាន អំពើហិង្សានៃពលកម្មលើកុមារ រួមទាំងការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ការយល់ដឹងរបស់អាណាព្យាបាលមួយចំនួននៅមានកម្រិត ពាក់ព័ន្ធនឹងការប្រើប្រាសពាក្យសម្ដីមិនសមរម្យ ការស្ដីបន្ទោស ការគំរាមកំហែង នឹងការវាយដំជាដើម។
មួយវិញទៀត ករណីចែកចាយ និងការប្រើប្រាសគ្រឿងញៀននៅតែបន្តកើតមាននៅក្នងសហគមន៌ ដែលបង្កជាក្ដីព្រួយបារម្ភសម្រាប់កុមារ និងយុវជននាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ តាមការស្ទង់មតិឆ្នាំ២០១៩ មានកុមារប្រមាណជាង១១% ដែលមានចន្លោះអាយុពី១២ដល់១៧ឆ្នាំ បានរៀបអាពាពិពាហ៌នៅវ័យក្មេង ពិសេសកុមារនៅតំបន់ដាច់ស្រយាល និងសហគមន៌ជនជាតិដើមភាគតិច។
លើសពីនេះទៅទៀត អត្រានៃការបោះបង់ចោលការសិក្សារបស់កុមានៅតំបន់ដាច់ស្រយាយនៅតែមានចំនួនច្រើនដដែលដោយសារឪពុកម្ដាយ ក៌ដូចជាអាណាព្យាបាលភាគច្រើនខ្វះការយល់ដឹងពីបញ្ហានេះ និងម្យ៉ាងដោយសារបញ្ហាសេដ្ឋកិច្ចក្នងគ្រួសារ ដែលជាដើមចងនាំអោយមានការចំណាកស្រុក និងជាបុព្វហេតុបង្កឲ្យកុមារងាយប្រឈមនឹងការកេងចំណេញ អំពើហិង្សា និងការរំលោភបំពាននានា។
សេចក្ដីថ្លែងការណ៍លើកឡើងទៀតថា បច្ចុប្បន្នកុមារជាច្រើនកំពុងតែមានការព្រួយបារម្ភ និងជួបការលំបាកផងដែរដោយសារតែបញ្ហាជំងឺកូវីដ១៩ ដែលបានអូសបន្លាយពេលវេលាដ៌យូរ ធ្វើឲ្យកុមារភាគច្រើន ជាពិសេសកុមារនៅតំបន់ដាច់ស្រយាលពិបាកក្នងការសិក្សាតាមប្រព័ន្ធអេឡិចត្រនិច និងបណ្ដាញសង្គមនានា ដោយសារតែចំណេះដឹងរបស់ពួកគេនៅទាប និងអនក្ខរកម្មផ្នែកប្រព័ន្ធបច្ចេកវិទ្យាជាដើម។
ក្នុងសេចក្ដីថ្លែងការណ៍ ក្រុមអង្គការសង្គមស៊ីវិលស្នើនូវចំណុចមួយចំនួន ដូចជា៖
១- បន្តជំរុញការលើកកម្ពស់កុមារក្នងការចូលរួមសកម្មភាពនានា ឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩។
២- បន្តបង្កើនការយកចិត្តទុកដាក់ការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យគឿងញៀនឲ្យមានប្រសិទ្ធិភាព
៣- បង្កើតសារអប់រំខ្លីទាក់ទងទៅនឹងផលប៉ះពាល់នៃការបោះបង់ការសិក្សា អំពើហិង្សាលើកុមារ ការជួញដូរគ្រប់ទម្រង់លើកុមារ
៤- ជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅដាច់ស្រយាលអំពីសារៈសំខាន់ៗនៃការសិក្សា
៥- បង្កើត និងពង្រឹងប្រព័ន្ធត្រួតពិនិត្យតាមដានការអប់រំ ដើម្បីលើកកម្ពស់ការអនុវត្ដគោលនយោបាយអប់រំកុមារតាមបែបកុមារមេត្រីដល់កុមារនៅតំបន់ជនបទដាច់ស្រយាល។
៦- ពង្រឹងការចាត់វិធានការក្នងការត្រួតពិនិត្យ ដើម្បីធានាថា ការចុះបញ្ចីអត្រានុកូលដ្ឋានសម្រាប់កុមារក្រីក្រទទួលបានការគាំទ្រយ៉ាងល្អប្រសើ ដើម្បីប្រើប្រាស់ក្នងគោលបំណងអប់រំ និងសេវាសង្គម។
៧- ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងការបណុះបណ្ដាលជំនាញវិជ្ជាជីវៈដល់កុមារដែលប្រឈមនឹងហានិភ័យខ្ពស់
៨- រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំគួរមានវិធានការ និងអប់រំផ្សព្វផ្សាយដើម្បីធានាថា មានសុវត្ថិភាព
៩- បន្តជំរុញ និងពង្រឹងវិស័យសិក្សាដល់សិស្សនុសិស្សទៅលើប្រព័ន្ធអ៊ីនធីណែត
១០- បន្តអប់រំផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទាក់ទងជំងឺកូវីដ១៩ ឲ្យបានទូលំទូលាយ ជាពិសេសជំរុញលើកទឹកចិត្តកុមារអំឡុងពេលដែលពួកគេនៅក្នងផ្ទះ និងផ្ដល់សម្ភារៈការពារមួយចំនួនដល់កុមារងាយរងគ្រោះ៕
————————————————
ដោយពលរដ្ឋសារព័ត៌មាន អ្នកស្រី ណេត នឿន