ពលរដ្ឋ និងអាជីវករនៅក្រុងកែប ខេត្តកែប អះអាងថា ពួកគេរកប្រាក់ចំណូលបានច្រើនគួរសមឡើងវិញ ដោយសារសង្កេតឃើញចំនួនភ្ញៀវទេសចរណ៍កើនឡើង ក្រោយពេលជំងឺកូវីដ-១៩ ថមថយឥទ្ធិពល។
អាជីវករម្នាក់ដែលប្រកបមុខរបរលក់ក្ដាម អ្នកស្រី យឹម ឡះ ប្រាប់ថា ក្នុងរយៈពេល២ ទៅ៣សប្ដាហ៍មកនេះ ពោលគឺក្រោយពេលជំងឺកូវីដ-១៩ ថមថយបន្ដិច គាត់ថា ភ្ញៀវទេសចរណ៍បានចាប់ផ្ដើមហ៊ានត្រឡប់មកដើរកម្សាន្ដនៅតំបន់រមណីយដ្ឋានជាប់មាត់សមុទ្រមួយនេះ។
ស្ដ្រីវ័យ៤៧ឆ្នាំរូបនេះរៀបរាប់ថា គាត់រកប្រាក់ចំណូលបានច្រើនជាងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ដោយថា ចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ គាត់លក់ក្ដាមបានចំនួនពី៣០ ទៅ ៥០គីឡូក្រាមក្នុងមួយថ្ងៃ។ ដោយឡែក សម្រាប់ថ្ងៃចុងសប្ដាហ៍ គាត់លក់ក្ដាមបានចន្លោះពី៥០ ទោ ៩០គីឡូក្រាមក្នុងមួយថ្ងៃ។
អ្នកស្រី យឹម ឡះ អះអាងថា នៅអំឡុងពេលផ្ទុះជំងឺកូវីដ១៩ គាត់លក់ក្ដាមមិនបានដល់៣០គីឡូក្រាមផងក្នុងមួយថ្ងៃ។
បុគ្គលិកម្នាក់ដែលបម្រើការងារនៅសណ្ឋាគារសាម៉ាណេអា លោក លីន វិន ក៏ឲ្យដឹងផងដែរថា នៅអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ម្ចាស់សណ្ឋាគារ និងកន្លែងលក់ដូរភាគច្រើនបានបាត់បង់ប្រាក់ចំណូល ឬបិទទ្វារតែម្ដង ដោយសារគ្មានភ្ញៀវទេសចរណ៍ចូលមកកម្សាន្ដ។
ប៉ុន្ដែ ចាប់ពីពាក់កណ្ដាលខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ភ្ញៀវទេសចរណ៍មានការកើនឡើងវិញ ស្របពេលដែលជំងឺកូវីដ១៩ ថមថយឥទ្ធិពលបន្ដិច។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ឱ្យដឹងក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយខែមិថុនា ឆ្នាំ២០២០ ថា រយៈពេល ៣សប្ដាហ៍ ខែមិថុនា ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា មានចំនួណជាង ៤៥ម៉ឺននាក់ (៤៥២,៦៩២ នាក់) ពោលគឺកើនឡើង ៧.២៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ខែឧសភាកន្លងមក។
របាយការណ៍ដដែលបញ្ជាក់ថា ខេត្តនៅតំបន់ឆ្នេរ ពិសេសខេត្តកំពត និងខេត្ដកែប នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលទាក់ទាញភ្ញៀវទេសចរជាតិប្រមាណជិត ៥០ភាគរយ នៃទេសចរផ្ទៃក្នុងសរុប។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា ឲ្យដឹងកាលពីខែមិនាកន្លងទៅថា ការរីករាលដាលនៃជំងឺកូវីដ-១៩នៅលើពិភពលោក និងនៅកម្ពុជា ពិតជាធ្វើឱ្យមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរក្នុងខេត្តកែបនេះ។ ប៉ុន្ដែ លោកសុំមិនបញ្ជាក់លម្អិតថាតើចំនួនភ្ញៀវទេសចរនៅខេត្តនេះធ្លាក់ដល់កម្រិតណានោះទេ៕
—————————————–
ដោយក្រុមពលរដ្ឋសារព័ត៌មានខេត្តកែប