អ្នកវិភាគបញ្ហាសង្គម លើកឡើងពីក្ដីបារម្ភនៃបំណុលរបស់ពលរដ្ឋទៅលើស្ថិរភាពសង្គម ដោយថាពលរដ្ឋដែលជំពាក់បំណុលមួយគ្រួសារ ជាមធ្យមត្រូវបង់យ៉ាងហោចជាង៣០០ដុល្លារក្នុងមួយខែទៅធនាគារ ខណៈចំណូលពលរដ្ឋម្នាក់មានជាង១ពាន់ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។
ក្នុងរបាយការណ៍របស់ធនាគារជាតិឆ្នាំ២០១៨ ចេញផ្សាយកាលពីខែមករាកន្លងទៅ ឲ្យដឹងថា ចំនួនអ្នកខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៨ មានជិត៤លាននាក់ ដែលមានចំនួនទឹកប្រាក់កម្ចីសរុបប្រមាណ ៣ម៉ឺនលានដុល្លារអាមេរិក។
អ្នកវិភាគសេដ្ឋកិច្ច លោក យ៉ង ប៉ាក់ បានលើកឡើងថា ទំហំបំណុលរបស់ពលរដ្ឋដែលជំពាក់ធនាគារហាក់កើនឡើងយ៉ាងគំហុកពីឆ្នាំ២០១៥មក ដោយលោកបញ្ហាពីក្ដីបារម្ភថា វានឹងជះឥទ្ធិពលទៅលើជីវភាពរបស់ពលរដ្ឋដែលធ្វើឲ្យពួកគេចាប់ផ្ដើមលក់ដី ធ្វើចំណាកស្រុក និងបញ្ហាអសន្តិសុខសង្គមក៏កើតមានផងដែរ។