CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​៦៦​គ្រួសារ​ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ដ​កំពត​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ​ក្រោយ​មាន​ជម្លោះ​ជា​មួយ​ឧកញ៉ា​

Admin ដោយ Admin
September 15, 2023
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ពលរដ្ឋ ១៨នាក់តំណាងឱ្យពលរដ្ឋ៦៦គ្រួសារនាំគ្នាទៅសាលាសង្កាត់ព្រែកត្នោតកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឱ្យចៅសង្កាត់ព្រែកត្នោត ជួយដោះស្រាយបញ្ហាដីធ្លីជាមួយ លោក យឹម សុគន្ធ និងលោក មាស ធំ ដែលអ្នកស្រុកបញ្ជាក់ថា បានធ្វើប្លង់រំលោភយកដីស្រែចម្ការរបស់ពលរដ្ឋ។ (ផ្តល់ឱ្យ)

ពលរដ្ឋ ១៨នាក់តំណាងឱ្យពលរដ្ឋ៦៦គ្រួសារនាំគ្នាទៅសាលាសង្កាត់ព្រែកត្នោតកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឱ្យចៅសង្កាត់ព្រែកត្នោត ជួយដោះស្រាយបញ្ហាដីធ្លីជាមួយ លោក យឹម សុគន្ធ និងលោក មាស ធំ ដែលអ្នកស្រុកបញ្ជាក់ថា បានធ្វើប្លង់រំលោភយកដីស្រែចម្ការរបស់ពលរដ្ឋ។ (ផ្តល់ឱ្យ)

0
ចែករំលែក
110
ចំនួនមើល

ពលរដ្ឋ៦៦គ្រួសារនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្ដកំពត ជំរុញទៅអាជ្ញាធរខេត្តនេះ ឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ ក្រោយមានជម្លោះជាមួយអ្នកមានឥទ្ធិពលដែលគេដឹងថាមានងារជាឧកញ៉ា និងអ្នកឧកញ៉ា។

យោងតាមលិខិតចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បុគ្គលម្នាក់ឈ្មោះ យឹម សុគន្ធ នៅរាជធានីភ្នំពេញ បានដាក់សំណើរមួយទៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពត ដើម្បីសុំចុះបញ្ជីដីធ្លីស្ថិតនៅភូមិចង្កោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ហើយនៅថ្ងៃខែដដែល អភិបាលក្រុងបូកគោ លោកស្រី ងិន ផលរ័ត្ន បានចេញលិខិតអនុញ្ញាតឱ្យមានការវាស់វែងតាមការស្នើសុំរបស់លោក យឹម សុគន្ធ។

ប៉ុន្តែអ្នកភូមិអះអាងថា ប្លង់ដីដែលបុគ្គលឈ្មោះ យឹម សុគន្ធ សុំចុះបញ្ជីនោះ គឺបានជាន់ ឬគ្របលើដីរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលធ្វើស្រែចម្ការជាច្រើនឆ្នាំមកហើយ។

លោក ណុល វុទ្ធី អាយុ៤៤ឆ្នាំ នៅភូមិចង្កោន សង្កាត់ព្រែកត្នោត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រោយពីរដ្ឋបាលក្រុងបូកគោបិទប្រកាសពីការចុះបញ្ជីដីធ្លីគឺ មានបុគ្គលពីរនាក់បានស្នើសុំចុះបញ្ជីដីប៉ះពាល់ពលរដ្ឋ មានលោក យឹម សុគន្ធ និងលោក មាស ធំ។

ពលរដ្ឋរូបនេះបន្តថា តំបន់ដីដែលបុគ្គលពីរនាក់នោះសុំចុះបញ្ជីគឺបានប៉ះពាល់លើដីធ្លីអ្នកភូមិចំនួន៦៦គ្រួសារ និងមានដីទំហំដីសរុបប្រហែល ៣០០ហិកតា ដោយក្នុងនោះ ដីរបស់គ្រួសារលោកមានទំហំ ២ហិកតាចំនួន២កន្លែងផងដែរ។

លោក ណុល វុទ្ធី ឱ្យដឹងថា ជុំវិញបញ្ហានេះ អ្នកភូមិបានដាក់ពាក្យបណ្តឹងទៅរដ្ឋបាលសង្កាត់ព្រែកត្នោត និងរដ្ឋបាលក្រុងបូកគោដែរ ប៉ុន្តែពុំមានដំណោះស្រាយណាមួយឡើយ ហើយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ រូបលោក និងពលរដ្ឋផ្សេងទៀតនាំគ្នាទៅសាលាសង្កាត់សារជាថ្មី ដើម្បីជំរុញដល់អាជ្ញាធរឱ្យពន្លឿនការដោះស្រាយជូនពួកគាត់។

លោកលើកឡើងថា៖ «បើគាត់ [រដ្ឋបាលក្រុងបូកគោ] ធ្វើដោយចិត្ដឯង ធ្វើដោយចង់បាន ដោយរំលោភបំពាន គឺពលរដ្ឋគាត់អត់សប្បាយចិត្ដហ្នឹងធ្វើទង្វើហ្នឹងទេ។ ប្រទេសមានច្បាប់ ពលរដ្ឋគាត់រស់នៅអាស្រ័យផលតាំងពីដូនតាគាត់មកតគ្នា។ ដល់គាត់មកធ្វើចឹង វាអយុត្តិធម៌ខ្លាំងណាស់។ សូមឯកឧត្ដមអភិបាលខេត្ដ [កំពត]និងឯកឧត្ដម ហ៊ុន ម៉ាណែត ជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលរង់ទុក្ខលំបាកក្នុងការធ្វើស្រែចំការឱ្យបានឆាប់» ។

លោក ឯម សាមុត អាយុ៥០ឆ្នាំ នៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត បាននិយាយថា វាជារឿងអយុត្តិធម៌មួយសម្រាប់ប្រជាពលរដ្ឋ ដែលអ្នកមានលុយមានអំណាចមានសិទ្ធិស្នើសុំចុះបញ្ជីដីធ្លី ឬធ្វើប័ណ្ណកម្មសិទ្ធិជាន់ពីលើដីរបស់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាច្រើនឆ្នាំមកហើយនោះ។

ពលរដ្ឋរូបនេះ អះអាងថា អ្នកដែលមករំលោភយកដីស្រែចំការរបស់ពលរដ្ឋគឺលោក យឹម សុគន្ធ និងលោក មាស ធំ មិនមែនជាប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកត្នោតឡើយ ប៉ុន្តែបុគ្គលទាំងពីរូបនោះ មានសិទ្ធិកាន់កាប់ដីនៅក្នុងសង្កាត់ព្រែកត្នោតជាច្រើនហិកតា ខណៈពលរដ្ឋមានដីអាស្រ័យផលបន្តិចបន្តួចគ្មានសិទ្ធិកាប់កាន់ ដោយអាជ្ញាធរមិនបានចេញប័ណ្ណកម្មសិទ្ធិឱ្យពួកគាត់ឡើយ។

លោក ឯម សាមុត ឱ្យដឹងថា ដីស្រែរបស់លោកត្រូវបានគេរំលោភយកអស់កន្លះហិកតាដែលត្រូវបាននិស្សិតស្ម័គ្រចិត្តវាស់​វែងឱ្យកាលពីឆ្នាំ២០១២។ លោកថា ប្រសិនបើវិវាទដីធ្លីនេះមិនត្រូវបានដោះស្រាយទេ គឺគ្រួសារលោកនឹងជួបការលំបាកក្នុងជីវភាពគ្រួសារដោយសារគ្មានដីសម្រាប់បង្កបង្កើនផល។

លោកលើកឡើងថា៖ « ខ្ញុំធ្វើស្រែរាល់តែឆ្នាំ ហើយស្រែនេះ ខ្ញុំកាន់កាន់តាំងតែពីសង្គមរាស្រ្ដនិយមមកម្លេះ មុនជំនាន់ ប៉ុល ពត ទៀត។ បើនិយាយទៅ វាតជំនាន់មកហើយ»។

យ៉ាងណា ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកឆ្លើយតបពីភាគី លោក យឹម សុគន្ធ និងលោក មាស ធំ និងចៅសង្កាត់ព្រែកត្នោតបាននោះទេ ។

ក្រុមប្រឹក្សាសង្កាត់ព្រែកត្នោត លោក ទិត រីន បានឱ្យដឹងថា លោក យឹម សុគន្ធ មានងារជាឧកញ៉ា រស់នៅរាជធានីភ្នំពេញ ហើយទទួលបានសិទ្ធិកាន់កាប់ដីសង្កាត់ព្រែកត្នោតក្រុងបូកគោ ខេត្តកំពត។ លោកថា ជុំវិញជម្លោះដីនេះគឺរដ្ឋបាលសង្កាត់បានបញ្ជូនទៅរដ្ឋបាលក្រុងជាអ្នកដោះស្រាយហើយ ដោយថា ជម្លោះដីធ្លីនេះពាក់ព័ន្ធជាមួយដីឧទ្យានជាតិ ដោយហួសពីសមត្ថកិច្ចរដ្ឋបានសង្កាត់ក្នុងការដោះស្រាយ។

លោកលើកឡើងថា៖ « ព្រោះអីដីរបស់រដ្ឋវាពាក់ព័ន្ធប្រជាពលរដ្ឋមួយចំនួនទៅទន្រ្ទានយកដីរដ្ឋ ប៉ុន្តែដីចំការដីស្រែគាត់ដប់ជាងគ្រួសារគេដោះហើយ។ អាហ្នឹងគេកាត់ឆ្វៀលជាប្លង់រឹងឱ្យទៀត ប៉ុន្តែដីនៅក្នុងឧទ្យានមិនដឹងថា យ៉ាងមិចទេព្រោះជាប់ពាក់ព័ន្ធជាមួយដីរដ្ឋ»។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានទ្រាស់បង្កាប់ផ្តល់គោរមងារ ដល់លោក មាស ធំ ជាអ្នកឧកញ៉ា។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សូផាត មាន​ប្រសាសន៍ថា ប្រសិនបើពលរដ្ឋគាត់រស់លើដីនោះដោយស្របច្បាប់ហើយមានសាលកប័ត្រទទួលស្គាល់ពីអាជ្ញាធរ ហើយមានក្រុមហ៊ុនឬអ្នកមានអំណាចមកគប់គិតជាមួយអាជ្ញាធរមូលដ្ឋានមកធ្វើប័ណ្ណជាន់លើដីរបស់ពួកគាត់នោះ គឺវាឆ្លុះបញ្ចាំងពីការចេញប័ណ្ណមិនស្របទៅតាមផ្លូវច្បាប់។

លោក វណ្ណ សូផាត បន្តថា មុនចេញប័ណ្ណទៅឱ្យបុគ្គលណាមួយត្រូវបិតប្រកាសជាសាធារណៈ ដើម្បីឱ្យម្ចាស់ដីដែលមានព្រំប្រទល់ជាប់ ឬអ្នកដែលពាក់ព័ន្ធមានសិទ្ធិទាមទារឱ្យមានការសើរើឡើងវិញ។ លោកថា បើសិនជាមានប្រជាពលរដ្ឋជំទាស់នោះនិតិវិធីក្នុងការចេញប័ណ្ណនោះ គឺអាជ្ញាធរមិនអាចធ្វើបាននោះទេ។

លោកលើកឡើងថា៖ « ព្រោះការចេញប្លង់មួយៗមិនមែនប្រើរយៈពេលខ្លីមួយខែពីខែបានទេ ចង់ចូលរាប់ឆ្នាំទម្រាំហ្នឹងបានប្លង់ហ្នឹងមក។ ចឹងបានន័យថា ដំណើរការចេញប្លង់ហ្នឹង មិនមែនឥឡូវទេ ប្រហែលយូរណាស់ហើយបានចេញមកបច្ចុប្បន្ននេះ » ។

ប្រជាពលរដ្ឋ​កម្ពុជា​បាន​រង​ផល​បះ​ពាល់​ ឬ​ជាប់ពាក់ព័ន្ធ​នៅក្នុង​ទំនាស់​ដីធ្លី​​យ៉ាងហោចណាស់​ ៩២ករណី​​នៅ​​​ទូទាំង​ប្រទេស​​ក្នុងរយៈពេល​បួន​ឆ្នាំនេះ​ ចាប់តាំងពី​ឆ្នាំ២០១៩​ ដល់២០២៣​។​​ ករណី​ទាំងនេះ​គ្រប​ដណ្តប់​ស្ទើរតែ​ទូទាំង​ ២៥​ រាជធានី​-ខេត្ត​ នៃ​​ប្រទេស​កម្ពុជា​​ ហើយ​​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ដី​របស់​រដ្ឋ​ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ក្រុមហ៊ុន​ ឧកញ៉ា​ បុគ្គល​ដែល​មាន​ខ្នង​​ និង​មន្ត្រី​រដ្ឋាភិបាល​ និង​សមាជិក​គ្រួសារ​របស់​ពួកគេ​។​​ នេះបើយោងតាមរបាយការណ៍ចងក្រងរបស់គេហទំព័រកំណាត់ត្រា នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សាយឯករាជ(CCIM)៕

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

កម្មករ​រោងចក្រ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង​ថា ខ្លួន​មិន​ទទួល​ប្រាក់​ឧបត្ថម្ភ​អំឡុង​ពេល​ព្យួរ​កិច្ច​សន្យា​ការងារ​

អត្ថបទបន្ទាប់

បទល្មើស​កាប់​ឈើ​នៅ​​តំបន់​ភ្នំឱរ៉ាល់​នៅ​តែ​បន្ត​កើត​មាន​ ​​

អត្ថបទបន្ទាប់
ឈើបន្ទះជាច្រើន ត្រូវបានប្រទះឃើញនៅភូមិសាស្រ្តច្រកHនៃភូមិស្រែកិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលរកឃើញដោយក្រុមការងាររបស់លោក តាន់ គីមសួរ អំឡុងពេលពួកគេដើរល្បាតព្រៃ ចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

បទល្មើស​កាប់​ឈើ​នៅ​​តំបន់​ភ្នំឱរ៉ាល់​នៅ​តែ​បន្ត​កើត​មាន​ ​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង