ពលរដ្ឋជាង៣០០នាក់មកពីខេត្តចំនួន៥បានប្រមូលផ្តុំតវ៉ាមុខក្រសួងមហាផ្ទៃនៅថ្ងៃសុក្រម្សិលមិញនេះ ដើម្បីទាមទារឱ្យដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងមន្ត្រី២រូបរបស់សមាគមនេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះចាប់ខ្លួន និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីសាកសួរបន្ត។
កាលពីថ្ងៃទី១៧ ខែឧសភានេះ សមត្ថកិច្ចខេត្តក្រចេះបានចាប់ខ្លួនលោក ថេង សាវឿន ជាប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសមាគមបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនៈគិរីកាលពីថ្ងៃព្រហស្បតិ៍ ក្រោយលោក ថេង សាវឿន និងក្រុមការងារបានធ្វើសិក្ខាសាលាមួយនៅខេត្តរតនគិរី។
ក្នុងញត្តិដាក់ទៅក្រសួងមហាផ្ទៃនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ពលរដ្ឋដែលមកប្រមូលផ្តុំមុខក្រសួងមហាផ្ទៃនោះភាគច្រើនជាកសិករមកពីខេត្តកោះកុង កំពង់ស្ពឺ កណ្តាល ស្វាយរៀង និងខេត្តព្រះសីហនុ ដោយពួកគេស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជួយអន្តរាគមន៍ដោះលែងលោក ថេង សាវឿន និងមន្ត្រីសមាគមទាំងពីរូបដោយគ្មានលក្ខខណ្ឌ។
ខ្លឹមសារញត្តិលើកឡើងថា៖«សូមសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍ទៅស្នងការនគរបាលខេត្តក្រចេះ ដោះលែងពួកគាត់ទាំង៣រូបឱ្យមានសេរីភាពឡើងវិញ ដោយសារពួកគាត់ធ្វើការជាមួយកសិករដោយបានយកចិត្តទុកដាក់ជួយកសិករក្រីក្រតាមបណ្តាខេត្តនានា»។
អ្នកស្រី ខៀវ សារុន ដែលអះអាងថា ជាតំណាងពលរដ្ឋមកពីខេត្តស្វាយរៀងសារព័ត៌មានពលរដ្ឋថា លោក ថេង សាវឿង និងក្រុមការងាររបស់សមាគមពុំមានកំហុសអ្វីនោះទេ។ អ្នកស្រីបន្តថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលមានលោក ថេង សាវឿន ជាអ្នកដឹកនាំតែងតែយកទុកដាក់ជួយដល់កសិករក្រីក្រនៅតាមបណ្តាខេត្តនានាអំពីការធ្វើកសិកម្មតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗ ខណៈអាជ្ញាធរមិនដែលយកចិត្តទុកដាក់រឿងនេះ។
អ្នកស្រីបន្ថែមថា៖«អញ្ចឹងហើយ ពួកយើងត្រូវការពួកគាត់ មកបង្រៀនពួកយើងបន្តទៀត។ អញ្ចឹងហើយពួកយើងសុំទទូចអង្វរដល់សម្តេច ស ខេង និងសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ទៅអាជ្ញាធររតនគិរីទម្លាក់ចោលបទចោទ និងដោះលែងលោក ថេង សាវឿន និងបុគ្គលិក២នាក់ដោយឥតលក្ខខណ្ឌ»។
អ្នកស្រី ដេត ហួរ ដែលអះអាងថា ជាតំណាងពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុងលើកឡើងថា លោក ថេង សាវឿន និងក្រុមការងារសហគមជួយដល់ពួកគាត់ដែលកំពុងរងគ្រោះដីធ្លី។ អ្នកស្រីបន្តថា ការជួយរបស់ក្រុមការងារសមាគមកន្លងមកគឺមិនដែលនិយាយជាមួយពលរដ្ឋពាក់ព័ន្ធនយោបាយនោះទេ។ អ្នកស្រីថា មន្ត្រីសមាគមតែងតែបណ្តុះបណ្តាលឬបង្រៀនដល់ផ្នែកកសិកម្មដល់ប្រជាពលរដ្ឋដែលកំពុងមានជម្លោះដីធ្លី។
អ្នកស្រីបន្ថែមថា៖«ខ្ញុំសំណូមពរដល់សម្តេចក្រឡាហោម ស ខេង និងសម្តេច[ហ៊ុន សែន]អន្តរាគមន៍ទៅអាជ្ញាធរថ្នាក់ក្រោមកុំឱ្យមានការបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ហើយយើងក៏ទាមទារឱ្យអ្នកទាំង៣នាក់បានត្រឡប់មកជួបជុំគ្រួសារវិញដោយឥតមានលក្ខខណ្ឌ ព្រោះពួកយើងត្រូវការសិទ្ធិសេរីភាព»។
សារព័ត៌មានពលរដ្ឋមិនអាចសុំការឆ្លើយពីតំណាងក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តរតនគិរីបានទេពាក់ព័ន្ធរឿងនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណ ដែលចុះតាមដានករណីនេះបានឱ្យដឹងថា រហូតមកម៉ោង៤ល្ងាចម្សិលមិញនេះលោក ថេង សាវឿន និងមន្ត្រី២រូបរបស់សមាគមនៅបន្តសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីនៅឡើយទេ។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សរូបនេះបានលើកឡើងថា សមាគមរបស់លោក ថេង សាវឿន បានធ្វើសកម្មភាពការងារដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គម។ លោកថា ករណីដែលសមត្ថកិច្ចឃាត់ខ្លួនក្រុមលោក ថេង សាវឿន ដោយផ្តើមឆែកឆេរទៅលើឧបករណ៍អេឡិចត្រូនិច និងឯកសារផ្សេងៗនោះជាការរំលោភលើសិទ្ធិឯកជនភាពរបស់ពួកគេ។
លោកបន្ថែមថា៖«យើងអាចវាស់វែងបានតាមរយៈសកម្មភាពរបស់ពួកគាត់កន្លងមកគឺការជួយទៅលើប្រជាពលរដ្ឋ។ អាហ្នឹងដែលយើងបានដឹងឮទាំងអស់គ្នា ហើយការដែលចាប់ផ្តើមចាប់ខ្លួនពួកគាត់យកមកធ្វើការឆែកឆេរ អីវ៉ាន់ ឬសម្ភារៈឧបករណ៍អេឡិចត្រូនិចរបស់ពួកគាត់និងអ្វីផ្សេងៗហ្នឹង យើងយល់ថា ជាការរំលោភទៅលើសិទ្ធិឯកជនរបស់ពួកគាត់។ អញ្ចឹងរាល់បទល្មើសទាំងជាក់ស្តែង និងមិនជាក់ស្តែងត្រូវក្តីត្រូវមានភាពច្បាស់ជាមុន»។
សហភាពផ្ទះសាមគ្គីដែលជាបណ្តុំដោយអង្គការធ្វើការងារផ្នែកសិទ្ធិមនុស្ស និងបរិស្ថានបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដោយលើកឡើងថា សកម្មភាពសាកសួររបស់សមត្ថកិច្ច ដោយមានការដកហូតសម្ភារៈ និងឧបករណ៍អេឡិចត្រូនិចរបស់មន្ត្រីសមាគមនោះ គឺជាសកម្មភាពរំលោភលើឯកជនភាពធ្ងន់ធ្ងរ។
ផ្ទះសាមគ្គីបន្ថែមទៀតថា ការឃាត់ខ្លួននោះទៀត ជាទង្វើរំលោភអំណាចរបស់ស្ថាប័នរដ្ឋ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធររដ្ឋមកលើសមាគមដែលកំពុងធ្វើការងារយ៉ាងសកម្មលើការលើកកម្ពស់សិទ្ធិមនុស្សជាមូលដ្ឋានដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។
ផ្ទះសាមគ្គីចាត់ទុកករណីសមត្ថកិច្ចឃាត់មន្ត្រីសមាគមទាំង៣នាក់នេះថា ជាទង្វើគំរាមកំហែងឥតឈប់ឈររបស់អាជ្ញាធររដ្ឋទៅលើក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋរបស់ខ្លួនឯង ហើយថា ទង្វើនេះមិនមែនជាលើកទីមួយឡើយ។
សហភាពផ្ទះសាមគ្គី បានអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរខេត្តរតនគិរី ឱ្យដោះលែងលោក ថេង សាវឿន និងមន្ត្រី២រូបរបស់សមាគមឱ្យមានសេរីភាពវិញ និងបញ្ឈប់សកម្មភាពយាយីមកលើសកម្មជនសិទ្ធិមនុស្សគ្រប់រូបបន្តទៀត៕
…………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន