របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
សកម្មជនតវ៉ាដីធ្លីឡពាងចំនួន៤៥គ្រួសារ បាននាំគ្នាឡើងមកដាក់ញត្តិនៅរដ្ឋសភា និងសហគមន៍អឺរ៉ុបដើម្បីសុំអន្តរាគមន៍ឱ្យជួយដោះលែងតំណាងសហគមន៍លោក រាជ សីម៉ា និងពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ ដែលបានអូសបន្លាយអស់រយៈពេល២០ឆ្នាំមកហើយ។
ប្រធានសហគមន៍ដីធ្លីឡពាង មកពីឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី បានថ្លែងថា មូលហេតុដែលពួកអ្នកស្រីឡើងមកដាក់ញត្តិនៅរដ្ឋសភា និងសហគមន៍អឺរុបដោយសារតែសង្ឃឹមថា ស្ថាប័នទាំងនេះ នឹងអាចមានអំណាចជួយដោះស្រាយបញ្ហាជម្លោះដីធ្លីនៅក្នុងសហគមន៍អ្នកស្រី ដែលអូសបន្លាយអស់រយៈពេល២០ឆ្នាំមកហើយ។ អ្នកស្រីបន្ដថា ការដាក់ញត្តិនេះមិនត្រឹមតែជាជម្លោះដីធ្លីទេ ក៏មានករណីមួយទៀតទាក់ទងនិងការបិទទ្វារសាលាមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ និងការគំរាមកំហែងសិស្សសាលារបស់នាយករងសាលាបឋមសិក្សាផងដែរ។
ប្រធានសហគមន៍រូបនេះបន្ដអះអាងថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋសភានិងសហគមន៍អឺរ៉ុបអាចនឹងផ្ដល់កិច្ចអន្ដរាគមន៍មួយសម្រាប់បញ្ហាជម្លោះដីធ្លីដែលអូសបន្លាយជិត២០ឆ្នាំមកនេះ»។
សកម្មជនតវ៉ាដីធ្លីម្នាក់ទៀត គឺអ្នកស្រី ស្ងួន ញ៉េន អាយុ៤៧ឆ្នាំ រស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននិយាយថា ការដែលពួកអ្នកស្រីធ្វើដំណើរមកដាក់ញត្ដិនៅសហគមន៍អឺរ៉ុបនេះ ដោយអ្នកស្រីមានសង្ឃឹមថា ការដាក់ញត្ដិនេះ នឹងមានដំណោះស្រាយមួយសម្រាប់ពួកគាត់។
អ្នកស្រីបន្ដថា៖ «បើពួកខ្ញុំយកទៅហើយមានដំណោះស្រាយទៅ ពួកខ្ញុំសប្បាយចិត្ដខ្លះ តែបើគាត់យកទៅទុកចោលអត់មានជួយអីដដែលពួកខ្ញុំក៏គ្មានសង្ឃឹមចឹងទៅ»។
លោក ផេង រុំ អាយុ៥៧ឆ្នាំ រស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច បានថ្លែងដែរថា ពួកគាត់ក៏ស្នើសុំឱ្យស្ថាប័នជាតិនិងអន្តរជាតិជួយអន្តរាគមន៍ដោះលែងតំណាងសហគមន៍ម្នាក់ គឺលោក រាជ សីម៉ា ចេញពីពន្ធនាគារ និងស្នើសុំគ្រប់គ្រង បឹងឡពាង ដើម្បីយកមកអភិរក្សជាបឹងសហគមន៍ផងដែរ។ លោកថា កន្លងមក អាជ្ញាធរមានគម្រោងយកបឹងធម្មជាតិនេះ ទៅបម្រើផលប្រយោជន៍ឯកជន។
លោកបន្ថែមថា៖ «រឿងរដ្ឋសភាគេដោះស្រាយមិចក៏មិនដឹងដែរ ពីព្រោះកន្លងពួកខ្ញុំធ្លាប់ដាក់ហើយប៉ុន្ដែស្ងាត់ឈឹង ហើយលើកនេះ មិនថាយ៉ាងមិចទៀតទេ ប៉ុន្ដែលោកសង្ឃឹមខាងសហគមអឺរ៉ុបថា អាចមានកិច្ចអន្ដរាគមន៍ចំពោះអាជ្ញាធរ»។
ប្រធានគណៈកម្មការទី១នៃរដ្ឋសភា ទទួលបន្ទុកពាក្យបណ្ដឹង ស៊ើបអង្កេត និងអធិការកិច្ច លោក សរ ចម្រុង មានប្រសាសន៍ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកមិនទាន់បានទទួលញត្ដិដែលប្រជាសហគមន៍ឡពាងបានដាក់មករដ្ឋសភានោះទេ។ លោកថា ជាធម្មតាមុននឹងមកដល់លោក គឺខុទ្ទកាល័យអគ្គលេខាធិការរដ្ឋសភាទទួលជាមុនសិន មុនបញ្ជូនមកលោក។
លោកបានអះអាងថា៖ «ខ្ញុំអត់ទាន់បានទទួលផង ខ្ញុំអត់ទាន់ឃើញផង ប៉ុន្ដែបើយើងទទួលបានគឺនឹងឲ្យខាងខេត្តអ្នកទទួលដោះស្រាយ»។
បើតាមនាយកចាត់ការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដាក់ញត្តិដើម្បីអភិរក្សធនធានបឹងធម្មជាតិនៅមូលដ្ឋានរបស់ពួកគាត់ គួរតែមានការពិចារណាផងដែរ ពីព្រោះពួកគាត់ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ក៏ដូចជាផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។
លោកបន្ដថា៖ «ខ្ញុំគ្រាន់តែថា ករណីហ្នឹងសង្ឃឹម ថារដ្ឋសភាក៏ដូចជាស្ថាប័នពាក់ព័ន្ធហ្នឹង លោកនឹងពិនិត្យពិចារណាដើម្បីស្វែងរកដំណោះស្រាយ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ តំណាងសហគមន៍ដីធ្លីឡពាងម្នាក់ គឺលោក រាជ សីម៉ា ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀលផងដែរ។
ដោយឡែកនៅរសៀលថ្ងៃ២០ ខែកក្កដានេះ សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ក៏បានកោះហៅប្រជាសហគមន៍ឡពាងឲ្យចូលបំភ្លឺនៅតុលាការតាមបណ្ដឹងដែលពួកគាត់បានប្ដឹងក្រុមហ៊ុនKDC ដែលជាកម្មសិទ្ធិរបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលដែលមានជម្លោះតាំងពីឆ្នាំ២០០២មកម្ល៉េះ ប៉ុន្ដែត្រូវបានសាលាឧទ្ធរណ៍លើកថ្ងៃប្រកាសសាលក្រមវិញដោយសារតែពួកគាត់គ្មានតំណាងច្បាស់លាស់៕
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល លោក ឃាង សុខមាន