#StoryTelling
ដោយវិវត្តខ្លួនចេញពីអ្នកនិពន្ធដែលរងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងចាស់ដៃនាពេលកន្លងមក បានជម្រុញទឹកចិត្តឱ្យយុវជនមួយរូប ក្លាយជាម្ចាស់ជ័យលាភី ប្រកួតប្រជែងយកពានរង្វាន់ថ្នាក់ជាតិជាច្រើនលើក និងបានបង្កើតស្នាដៃនិពន្ធបទចម្រៀងជាច្រើនបទ ឱ្យផលិតកម្មធំៗនៅកម្ពុជា រួមទាំងផលិតរឿងភាគឱ្យទូរទស្សន៍ល្បីៗនៅក្នុងស្រុក។
យុវជនរូបនេះមានឈ្មោះ ពៅ មករា ដែលមានស្រុកកំណើតនៅភូមិកោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មករា គឺជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ នៅក្នុងគ្រួសារក្រក្រីមួយ ដែលកំព្រាទាំងឪពុកទាំងម្តាយ។ គិតត្រឹមឆ្នាំ២០២២ មករា មានអាយុ២៨ឆ្នាំហើយ។
បើតាមមករា នៅឆ្នាំ១៩៩៩ គាត់បានបាត់បង់ឪពុក ហើយ១ឆ្នាំបន្ទាប់មកទៀត គាត់ក៏បានបាត់បង់ម្តាយថែមទៀត ដោយសារតែជំងឺ។ ជាកូនកំព្រាដែលគ្មានមេបាថែរក្សាតទៅទៀត មករា បានមករស់នៅជាមួយជីដូន។ តែដោយសារជីដូនមានជីវភាពទីទ័លក្រដែរនោះ ជីដូនមិនបានផ្តល់ឱកាសឱ្យមករាបានទៅសាលារៀនសូត្រដូចក្មេងដទៃទៀតឡើយ។
មករា និយាយថា៖ «ចាប់ពីខ្ញុំកំព្រាហ្នឹង! ខ្ញុំបានទៅនៅជាមួយយាយ គាត់អត់ដែលឱ្យខ្ញុំទៅសាលារៀនទេ! គាត់ឱ្យទៅតែមើល [ឃ្វៀល] គោ!»។
ជិវិតរសាត់អណ្តែត ដោយសារតែមិនបានរៀនសូត្រ ទីបំផុតកុមារកំព្រាម្នាក់នេះ ក៏បានផ្លាស់ប្តូមករស់នៅខេត្តកំពង់ស្ពឹ ជាមួយបងស្រីបង្កើត ដែលមានភារៈទទួលបន្ទុកចិញ្ចឹមបីបាច់ថែរក្សាបន្ត ពីជីដូន និងរហូតរូបគេបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន ចំបក់ក្នុងកំពង់ស្ពឺ។ ហើយដោយសារតែនិស្ស័យចង់ចេះចង់ដឹងពីសិល្បៈក្នុងការតែងនិពន្ធ និងដើម្បីបំពេញក្តីស្រម័យរបស់ខ្លួន បានជំរុញឱ្យមករា រសាត់អណ្តែតមកកាន់រាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាបន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៣ និងបានទទួលអាហាររូបករណ៍នៅសាកលវិទ្យាល័យភូមិវិចិត្រសិល្បៈ ជំនាញគំនូរសារគមនាគមន៍។
ស្នាដៃប្រលោមលោកដំបូងរបស់មករា មានចំណងជើងថា «មកតាមសន្យា»។ ជាស្នាដៃដែលមករា ចង់រំលេចឱ្យឃើញពីការរើសអើងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គមកម្ពុជា។ ក៏ប៉ុន្តែ ស្នាដៃនេះ មិនទទួលបានការគាំទ្រនោះទេ ហើយផ្ទុយទៅវិញ បាននាំឱ្យមានមតិរិះគន់ជាច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកនិពន្ធដូចគ្នា រហូតរូបគេប្រឈមការបាក់ទឹកចិត្តរយៈពេល១សប្តាហ៍ ហើយចង់បោះបង់ការសរសេរប្រលោមលោកនេះចោលថែមទៀតផង។
យុវជន ពៅ មករា និយាយថា៖ «មានខំាមិន (Comment) ដែលខ្ញុំឈឺចាប់ ឈឺចាប់មែនទែន គាត់ថា អ្នកនិពន្ធក្មេងសម័យឥឡូវ គាត់បើកវង់ក្រចកឈ្មោះខ្ញុំ ខួរឆ្កែ ដែលអត់បានគិតពីវប្បធម៌ ដែលអត់បានគិតពីធម្មជាតិអ្វីទាំងអស់ ប៉ុន្តែសរសេររឿងឱ្យតែបាន ចេញលក់យកលុយគេ! អ៉ូយ! ខ្ញុំឈឺចាប់មែនទែន!»។
ពៅ មករា បន្ថែមថា៖ «អ្នកនិពន្ធដូចគ្នាដែរហ្នឹងក៏គាត់បាន Comment ហើយគាត់ post ក្នុងcaption ហ្នឹងថា មិនបានឆ្លងកាត់ ការរៀនសូត្រ មិនធ្លាប់ទទូលបានជ័យលាភីពានរង្វាន់អ្វីទាំងអស់ តែមានស្នាដៃបោះពុម្ភលក់យកលុយអ្នកដ៏ទៃបានដែរ ហេតុអី! ខ្ញុំពិតជាឈឺចិត្ត!»។
ប៉ុន្តែដោយសារមានការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន និងបានរៀនសូត្រវគ្គសិក្សាខ្លីៗ រាប់ទាំងការអានស្នាដៃប្រលោមលោកដែលជាស្នាដៃរាមច្បងមុនៗ បានជំរុញឱ្យមករា ជំនះហេតុការណ៍ដ៏ខ្មៅស្រអាប់នេះ ហើយក្រោកឈរសាជាថ្មី បន្តដំណើរលើវិថីជីវិត ដោយចាប់កាន់ស្លាបបការឡើងវិញ រហូតអាចឈ្នះការប្រកួតប្រជែងស្នាដៃជាច្រើន។
ស្នាដៃនិងពានរង្វាន់ដែល មករា ទទួលបានរួមមាន ជ័យលាភីលេខ៤នៃពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២១ រឿង «ជំនោរជីវិត»។ ចំណាត់ថ្នាក់លេខ២ រឿង និរតី ក្រោមប្រធានបទ «សីលធម៌នៃការរស់នៅ» ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥ ក្នុងឆ្នាំ២០២២ និងថ្មីៗនេះ មករា ក៏ទើបទទួលបានចំណាត់ថ្នាក់លេខ៣ រឿង «ថ្ងៃរះហើយពុក» នៅក្នុងពានរង្វាន់ព្រះឥន្ទ្រទេវី ឆ្នាំ២០២២ជាដើម។
ក្រៅពីនោះ យុវជន ពៅ មករា ក៏ធ្លាប់បាននិពន្ធទំនុកច្រៀងជាច្រើនបទ និងអត្ថបទភាពយន្តភាគ សម្រាប់ផលិតកម្មរស្មីហង្សមាស និងនៅស្ថានីយ៍ទូរទស្សន៍បាយ័នផងដែរ។
បច្ចុប្បន្ននេះ អ្នកនិពន្ធវ័យក្មេង ពៅ មករា គឺជាជំនួយការដឹកនាំរឿងនៅក្រុមហ៊ុនឯកជនមួយ និងជាអ្នកនិពន្ធ អ្នកដឹកនាំរឿងឯករាជ្យ (Freelancer)។
កញ្ញា ឃុន ធីតា ជាមិត្តភក្តិម្នាក់របស់មករា ចាត់ទុកមករា ថាជាមនុស្សមានការតស៊ូព្យាយាមមានវិន័យក្នុងជីវិតដែលទាញយកការទុកចិត្តពីមនុស្សនៅជុំវិញខ្លួន និងជាមនុស្សមានការអភិវឌ្ឍន៍ខ្លួនជាប្រចាំ។
កញ្ញា ឃុន ធីតា និយាយថា៖ «សម្រាប់បងពៅមករាដែលខ្ញុំស្គាល់ហ្នឹង គាត់ជាមនុស្សម្នាក់ដែលមានការព្យាយាម ហើយអត់ធ្មត់ គាត់ចូលចិត្តរបៀប Challenge [ជម្នះឧបសគ្គ] លក្ខណៈថា អីដែលគេប្រាប់គាត់ថា ធ្វើអត់កើត គាត់នឹងព្យាយាមធ្វើឱ្យទាល់តែបានសម្រេច»។
ភាពជោគជ័យរបស់យុវជន ពៅ មករា បានកើតមានជាបន្តបន្ទាប់ នៅក្នុងពេលបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែជោគជ័យនេះ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ អ្នកនិពន្ធវ័យក្មេង ដែលទើបដុះពន្លករូបនេះ មានក្តីស្រម៉ៃថា ចង់ក្លាយខ្លួនជាអ្នកដឹកនាំរឿងដ៏ល្បីមួយរូបនាថ្ងៃអនាគត។
មករា និយាយថា៖ «ខ្ញុំពិតជាមានមោទកភាពខ្លួនឯង ដែលខ្លួនឯងធ្វើបាន ហើយអាចដើរមកដល់ថ្ងៃនេះ»៕
អត្ថបទដោយលោក ទួក ពិសិដ្ឋ
…………………………
អត្ថបទ Storytelling ខាងលើ គឺជាស្នាដៃរបស់សិក្ខាកាមដែលទទួលបានការបណ្ដុះបណ្ដាលដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ស្ថិតក្នុងគម្រោង Story4Change និងគាំទ្រថវិកាដោយអង្គការ Oxfam។