កូនស្រីជំទប់ទី២គណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ កំពុងស្វះស្វែងរកវិធីឱ្យតុលាការដោះលែងឪពុករបស់ខ្លួនវិញ ខណៈប្រជាពលរដ្ឋតំណាងសហគមន៍ព្រៃឈើតាព្រហ្មភ្នំមួយរយស្រទាប់ អះអាងថា ពួកគេស្ម័គ្រចិត្តទៅដកពាក្យបណ្តឹងមកវិញ។
កញ្ញា ធិន ចិន្តា អាយុ ២៥ ឆ្នាំ ត្រូវជាកូនស្រីរបស់លោក បេន ប៊ុនធិន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា នាងកំពុងតែស្វះស្បែងរកវិធីផ្សេងៗ ដើម្បីស្នើសុំឱ្យតុលាការខេត្តកំពង់ស្ពឺដោះលែងឪពុករបស់ខ្លួនមកវិញ។ ក្នុងនោះកញ្ញាក៏បានស្នើសុំឱ្យតំណាងសហគមន៍ព្រៃឈើតាព្រហ្មភ្នំមួយរយស្រទាប់ ស្ថិតនៅក្នុងឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទៅដកពាក្យបណ្តឹងចេញពីតុលាការវិញភ្លាម។
កញ្ញា ធិន ចិន្តា ដែលជានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅទីក្រុងភ្នំពេញបានំរៀបរាប់ថា៖ «គេចាប់ហ្នឹង គឺគេចោទប្រកាន់ឪខ្ញុំថា គាត់កាប់បំផ្លាញព្រៃឈើសហគមន៍ តែដីហ្នឹងកាលពីដើម គឺជាដីរបស់ឪខ្ញុំទេ មុនហ្នឹង គាត់បានទិញដីហ្នឹងពីសហគមន៍ហ្នឹងទៀត តែឪខ្ញុំហ្នឹងគាត់ទៅថៃ គាត់ត្រឡប់មកពីថៃវិញ គាត់ទៅកាប់ឆ្កា តែមុនហ្នឹងទៅកាប់ឆ្កា ឪខ្ញុំក៏បានទៅជំរាបប្រាប់ខាងឃុំ ហើយខាងឃុំក៏យល់ព្រម ដល់ពេលអញ្ចឹង គាត់ទៅកាប់ឆ្កាម្ដងទៀត គេក៏បានហាមឃាត់គាត់។ ហើយរឿងរ៉ាវទាំងប៉ុន្មាន គឺឪខ្ញុំគាត់នៅដោះស្រាយអញ្ចឹង តែអ្វីដែលខ្ញុំបានដឹងរឿង ឪពុកខ្ញុំគាត់បានសម្របសម្រួលគ្នាអស់ហើយនៅខាងក្រោម ប៉ុន្តែខាងប្រធានព្រៃសហគមន៍គាត់បានប្ដឹងឪពុកខ្ញុំទៅដល់តុលាការ ចោទពីបទកាប់បំផ្លាញព្រៃឈើ ហើយបានសម្របសម្រួលគ្នាអស់ហើយ»។
កញ្ញា ធិន ចិន្តា បន្តរៀបរាប់ថា បញ្ហានៅត្រង់ថា ខាងសហគមន៍បានដាក់ពាក្យបណ្តឹងឪពុករបស់នាងទៅកាន់តុលាការ ប៉ុន្តែមិនទាន់បានដកពាក្យបណ្តឹងនោះមកវិញនៅឡើយ បើទោះបីជាពួកគេបានសម្របសម្រួលគ្នាហើយក្តី។
កញ្ញា ធិន ចិន្តា បន្តថា៖ «ចា៎ និយាយរួមទៅ នៅពេលនិស្សិតចុះទៅវាស់វែង គឺខាងសហគមន៍ព្រៃឈើ គេក៏បានទៅមើលអស់ហើយដែរ ហើយនៅខាងក្រោមក៏បានសម្របសម្រួលគ្នាអស់ហើយដែរ។ តែខាងព្រៃសហគមន៍ដាក់ពាក្យបណ្ដឹងឪពុកខ្ញុំ ពួកគាត់អត់បានទៅដកពាក្យបណ្ដឹងចេញពីតុលាការវិញ ដល់ពេលអញ្ចឹងទៅ សំណុំរឿងនៅតុលាការវានៅមាន ដល់ពេលយើងធ្វើនៅខាងនេះ វាត្រូវបញ្ចប់រួចរាល់គ្នាហើយអញ្ចឹង តែយើងនៅខាងណោះ យើងអត់បានឡើងទៅដកពាក្យបណ្ដឹងចេញពីតុលាការ»។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានចាប់ខ្លួន លោក បេន ប៊ុនធិន ជំទប់ទី២គណបក្សភ្លើងទៀននៅឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី០៥ ខែមករា ក្រោមការចោទប្រកាន់ពីបទ «កាប់បំផ្លាញព្រៃឈើ»។ ប៉ុន្តែកូនស្រីរបស់លោក បេន ប៊ុនធិន គឺកញ្ញា ធិន ចិន្តា បានថ្លែងថា ការចាប់ខ្លួនឪពុករបស់នាង គឺជារឿងអយុត្តិធម៌ ហើយនាងបានស្នើសុំឱ្យតំណាងសហគមន៍ព្រៃឈើតាព្រហ្មភ្នំមួយរយស្រទាប់ ដកពាក្យបណ្តឹងនៅតុលាការវិញ ដើម្បីឱ្យឪពុករបស់ខ្លួនមានសេរីភាព។
កញ្ញាបន្តថា៖ «ក្រោយមកទៀតខាងតុលាការខេត្តកំពង់ស្ពឺបានកោះហៅគាត់ជាលើកទី១ ជួនជាឪខ្ញុំគាត់ដួលម៉ូតូគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យគាត់ថ្លោះកដៃ អញ្ចឹងហើយឪពុករបស់ខ្ញុំក៏សុំធ្វើលិខិតពន្យារពេលនៅថ្ងៃក្រោយទៀត ពន្យារពេលក្រោយមកឥឡូវអត់ឃើញចេញដីកាមកទៀត មកលើកនេះ គឺខាងប៉ូលីសគេចាប់ឪខ្ញុំយកទៅហ្មង ចា»។
លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការលីកាដូ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ប្រសិនបើដើមបណ្ដឹងដកពាក្យបណ្ដឹងហើយ តុលាការត្រូវតែដោះលែងសកម្មជនបក្សប្រឆាំងឱ្យមានសេរីភាពវិញ។ លោកជាព្យសនកម្មចំពោះគាត់ហ្នឹង គឺវាអត់មាននោះទេ រឿងទាំងនេះ គួរតែខាងតុលាការពិចារណាទៅលើបញ្ហានៃការបញ្ឈប់បណ្ដឹង ឬក៏បញ្ឈប់នៃបទល្មើសរបស់គាត់ជាចេតនានៃការខូចខាត។
លោកថា៖ «បាទរឿងហ្នឹងខ្ញុំយល់ថា បើមានឯកសារទាំងអស់ហ្នឹង គួរតែដាក់ទៅតុលាការទៅ ហើយរឿងហ្នឹង បើអញ្ចឹងមែន គឺវាអត់ត្រូវមានបទល្មើសក្នុងការចោទប្រកាន់ទេ រឿងហ្នឹងខ្ញុំគិតថា បើមានភាពយុត្តិធម៌ចំពោះគាត់ ប្រធានព្រៃសហគមន៍ បើគាត់គិតថា ម្នាក់ហ្នឹង បើគាត់អត់បានប្រព្រឹត្តអ្វីខុសទេ គាត់គួរណាស់តែហ៊ានយកឯកសារទៅឱ្យមេធាវី សុំការដោះលែងដើម្បីឲ្យមានយុត្តិធម៌ក្នុងសង្គម ដើម្បីកុំឲ្យមនុស្សរងភាពអយុត្តិធម៌ក្នុងករណីនេះ ចៀសវាងការរិះគន់អំពីការរើសអើងនៃគណបក្សក្នុងបក្សនយោបាយផងដែរបាទ ឬការធ្វើទុក្ខបុកម្នេញសកម្មជននៃគណបក្សនយោបាយឬគណបក្សប្រឆាំងនេះបាទ»។
ប្រធានសហគមន៍ព្រៃឈើតាព្រហ្មភ្នំមួយរយស្រទាប់ ស្ថិតនៅខេត្តកំពង់ស្ពឹ លោក នាង អៀង បានប្រាប់CCIMថា តំណាងសហគមន៍ស្ម័គ្រចិត្តទៅដកពាក្យបណ្តឹងនៅតុលាការ ដើម្បីឱ្យដោះលែងលោក បេន ប៊ុនធិន មានសេរីភាពវិញ។
លោកបន្តថា៖ «ខាងសហគមន៍ព្រៃឈើអត់ដឹងអ្វីទេ ព្រោះខាងរដ្ឋបាលព្រៃឈើ គេជាអ្នកដាក់ពាក្យទៅតុលាការ ហើយផ្ញើមកឃុំផ្ដិតមេដៃជូនទៅឃុំ ហើយឃុំឆ្លងទៅរដ្ឋបាលព្រៃឈើ រដ្ឋបាលព្រៃឈើដាក់ពាក្យទៅតុលាការខេត្ត ដល់ក្រោយមកទៀតលោក បេន ប៊ុនធិន ខាងតុលាការគេកោះហៅ គាត់មកអង្វរខាងព្រៃសហគមន៍។ លោក បេន ប៊ុនធិន និយាយថា គាត់ប្រគល់ដីទាំងអស់ហ្នឹងឱ្យសហគមន៍វិញ ហើយខ្ញុំលែងកាប់ លែងឆ្ការទៀតហើយ អញ្ចឹងសហគមន៍ទាំង១១រូប បើគាត់លែងធ្វើបាននាំគ្នាផ្ដិតមេដៃទៅ តែពាក្យបណ្ដឹងនៅតុលាការឯនោះទេ ខ្ញុំមិនដឹងទេ សហគមន៍ខ្ញុំមិនអាចទៅដកបានទេ ព្រោះអី ទាល់តែរដ្ឋបាលព្រៃឈើ ពីលើមកក្រោមវិញបានដកបាន»។
ប្រធានសហគមន៍ព្រៃឈើរូបនេះបន្តថា លោកស្មានថា ករណីនេះ បញ្ចប់ទៅហើយ ដោយសារវាបានស្ងប់ស្ងាត់មួយរយៈទៅហើយ។
លោកបានបន្ថែមថា៖ «ពាក្យបណ្ដឹងនេះខាងរដ្ឋបាលព្រៃឈើគេបញ្ជូនទៅ ខ្ញុំក៏មិនសូវដឹង បើខាងរដ្ឋបាលព្រៃឈើ គេហៅខ្ញុំទៅដក ខ្ញុំដកហើយព្រោះអីខ្ញុំមិនសូវដឹង បើឱ្យខាងសហគមន៍ទៅដកខ្លាចគេថា ខ្ញុំស៊ីសំណូក សូកប៉ាន់អី ទាល់តែពីលើមកក្រោមវិញ បានខាងព្រៃសហគមន៍ខ្ញុំទៅដកបាន ព្រោះអីរឿងនេះទៅដល់តុលាការហើយ យើងសហគមន៍តូចតាចទៅដកម៉េចនឹងបាន ទាល់តែខាងថ្នាក់លើពន្យល់ប្រាប់ខាងយើងថា រឿងហ្នឹងវាចេះ វាចុះអាចទៅដកពាក្យបណ្ដឹងបាន បានខ្ញុំហ៊ានទៅដក ហើយខាងប្រជាពលរដ្ឋគេទុកចិត្តយើង ហើយយើងធ្វើការគ្មានប្រាក់ខែ ប្រាក់អីផង»។
លោកបានបន្តទៀតថា លោកអាណិត លោក បេន ប៊ុនធិន ដែរ។
កាលពីឆ្នាំ២០២០ អាជ្ញាធរមូលដ្ឋានបានចោទប្រកាន់ថា លោក បេន ប៊ុនធិន បានកាប់បំផ្លាញព្រៃឈើ។ ប៉ុន្តែលោកថា ករណីជាក់ស្ដែង គឺលោក បេន ប៊ុនធិន មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ពីព្រោះ លោក បេន ប៊ុនធិន គឺបានកាប់ឆ្ការព្រៃនៅលើដីចំការរបស់លោកប៉ុណ្ណោះ។ កាលនោះ លោក បេន ប៊ុនធិន បានសម្របសម្រួលបញ្ចប់រឿងនេះក្រៅប្រពន្ធតុលាការ ជាមួយភាគីដើមបណ្ដឹង គឺអាជ្ញាធរឃុំ និងតំណាងសហគមន៍ព្រៃឈើ ប៉ុន្តែ ភាគីដើមបណ្ដឹងមិនទាន់បានដកពាក្យប្ដឹងពីតុលាការនៅឡើយ៕
អត្ថកបទដោយពលរដ្ឋអ្នកសារព័ត៌មានCCIM លោក សួស ចាន់ឌឿន