មនុស្សចំនួន២នាក់ បានស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែងដែលមានឈ្មោះថា មីតណាយ ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ។
លោក នេត្រ វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ករណីអគ្គិភ័យឆេះក្លឹបនេះ បានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន២នាក់ និងរបួសធ្ងន់៥នាក់ ហើយសុទ្ធតែជាបុរស។ ក្រៅពីនេះ លោកថា អគ្គិភ័យនេះ ក៏បានបង្កឱ្យខូចខាតម៉ូតូចំនួន៥គ្រឿង និងសម្ភារៈទាំងអស់នៅក្នុងក្លឹប។
លោកនិយាយថា៖ «(ស្លាប់ពីរនាក់) របាយការណ៍ចុងក្រោយហើយ Update តែប៉ុណ្ណឹង»។
មន្ត្រីរូបនេះ បន្តថា ហេតុការណ៍នេះកើតឡើងនៅម៉ោង១០កន្លះព្រឹក រហូតដល់ម៉ោង១កន្លះរសៀលទើបអាចពន្លត់ចប់សព្វគ្រប់ ហើយមូលហេតុដោយសារតែជាងផ្សារដែក ហើយឆ្លងចរន្តអគ្គិសនី ក៏បង្កជាអគ្គីភ័យឆេះក្លឹបទាំងមូលតែម្ដង។
អាជីវករលក់ខោអាវតាមចិញ្ចើមផ្លូវដែលនៅក្បែរកន្លែងកើតហេតុ អ្នកស្រី សំ អូន វ័យ៥៨ឆ្នាំ និយាយថា នាវេលាម៉ោងជាង១០ព្រឹក អ្នកស្រីបានឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយរំពេចនោះអណ្ដាតភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ ក្នុងក្លឹបរហូតដល់ដំបូល។
នៅកន្លែងកើតហេតុ អ្នកស្រី បានឃើញថា មនុស្ស ៣នាក់ បានដេកស្ដូកស្ដឹងនៅនឹងកន្លែង ហើយអ្នកស្រីក៏ឮថា ជនរងគ្រោះគឺជាបុគ្គលិកបម្រើការងារក្នុងក្លឹបនោះ ដែលពួកគេបានសម្រាកក្នុងក្លឹប បន្ទាប់ពីធ្វើការពេញមួយយប់។
អ្នកស្រីនិយាយថា៖ «ខ្ញុំឮគេថា ពួកគាត់ធ្វើការយប់ ដល់ម៉ោង៥ចឹង ពេលថ្ងៃពួកគាត់ដេក។ ជិតភ្លឺបានបិទក្លឹបហ្នឹង»។
បើតាមអ្នកស្រី សំ អូន ក្លឹបកំសាន្តមីតណាយនេះ បើកដំណើរការតាំងពីព្រលប់រហូតដល់ជិតភ្លឺ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ប្រសិនបើជនរងគ្រោះជាសមាជិក បសស នោះ ពួកគេនឹងទទួលបានការព្យាបាល ក៏ដូចជាថវិកាបូជាសពសម្រាប់អ្នកស្លាប់តាមគោលការណ៍របស់ បសស ។
តែទោះជាយ៉ាងណា លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានគូសបញ្ជាក់ថា ម្ចាស់ក្លឹបអាជីវកម្មដែលរងអគ្គិភ័យនេះ មិនបានមកចុះបញ្ជីបុគ្គលិកជាមួយ បសស នោះទេ បើទោះបីជា ខាងលោកបានដាក់កំហិត និងបានព្យាយាមទាក់ទងច្រើនលើកច្រើនសារឱ្យចុះបញ្ជីក្ដី។
ករណីនេះ លោក សុផាន់ណារិទ្ធ ឱ្យដឹងថា ម្ចាស់អាជីវកម្មខាងលើ ត្រូវទទួលរ៉ាប់រងទាំងស្រុងចំពោះសំណងដែល បសស នឹងផ្ដល់ឱ្យជនរងគ្រោះ។
លោកនិយាយថា៖«នីតិវិធីនៅពេលដែលមានកម្មករស្លាប់ ឬមួយក៏របួស ជាកាតព្វកិច្ចរបស់និយោជក ពីព្រោះនិយោជក គាត់អត់ទាន់បានចុះបញ្ជីនៅ បសស ទេ។ ចឹងហើយបានជារាល់សំណងដែល បសស សងទៅជនរងគ្រោះ ឬមួយក៏អ្នកស្លាប់ហ្នឹង ថៅកែជាអ្នកចេញសងជំនួសវិញ»។
បើតាម អគ្គនាយករង បសស រូបនេះ ឱ្យដឹងថា អំឡុងពេលកើតហេតុ ក្រុមការងារ បសស ខណ្ឌដង្កោ និងមន្រ្តីនៃមន្ទីរការងារ បានចុះដល់ទីតាំង ហើយនាំអ្នករងរបួសទាំង ៥នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ខណៈជនរងគ្រោះដែលស្លាប់បានបញ្ជូនសពទៅបូជានៅវត្តឫស្សីសាញ់។
Newsroom មិនអាចសូមការអត្ថាធិប្បាយពី អ្នកស្រី សេង មួយឡេង ដែលសមត្ថកិច្ចអះអាងថា ជាម្ចាស់ក្លឹបកំសាន្តមីតណាយ នោះបានទេ នៅរសៀលថ្ងៃពុធនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ស្នើឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតចំពោះហេតុការណ៍អគ្គិភ័យនេះ ហើយរកអ្នកទទួលខុសត្រូវដើម្បីផ្ដល់សំណងដល់ជនរងគ្រោះ។
លោកនិយាយថា៖ «បើរឿងចៃដន្យរកអ្នកទទួលខុសត្រូវលើរឿងហ្នឹង ទី២បើសិនមានអ្នកបង្កត្រូវចាត់វិធានការតាមផ្លូវច្បាប់»។
គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥ បានកើតមានគ្រោះអគ្គិភ័យចំនួន ៨២៣លើក ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២០នាក់ និងរងរបួសចំនួន ៥៩នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចេញផ្សាយកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។
ប្រភពដដែលបន្តថា គ្រោះអគ្គិភ័យទាំងនោះ ក៏បានបណ្តាលឱ្យឆេះខូចខាតផ្ទះពលរដ្ឋចំនួន ៨៣៧ខ្នង តូបនិងផ្សារចំនួន២៧៤ ឃ្លាំងទំនិញចំនួន២៤ រោងចក្រសិប្បកម្មចំនួន២៥ និងអគាររដ្ឋបាលចំនួន២៧កន្លែង។
ចំណែករបាយការណ៍នាយកដ្ឋានបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ មានគ្រោះអគ្គីភ័យកើតឡើងសរុបចំនួន ៧៦១លើក ក្នុងនោះបណ្តាលឱ្យជនរងគ្រោះចំនួន ៥៤នាក់បានស្លាប់បាត់បង់ជីវិត និង៩៧នាក់ផ្សេងទៀតរងរបួស ហើយផ្ទះ៥៧៩ខ្នង និងតូបចំនួន៥៧ ត្រូវបានបំផ្លាញដោយសារអគ្គីភ័យ។
បើតាមរបាយការណ៍ដែលបានបង្ហាញនេះ បញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ករណីកើតមានគ្រោះអគ្គីភ័យ មានការកើនឡើងជាងឆ្នាំ២០២៣ ចំនួន ៦៣លើក ប៉ុន្តែចំនួនអ្នកស្លាប់ និងរបួសមានការថយចុះ៕
………………………………………
អត្ថបទដោយ៖ វ៉ា សុភានុត