ប្រជាពលរដ្ឋ១៧៥គ្រួសារនៅសហគមន៍មួយ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្អូញត្អែរពីការលំបាកក្នុងការរស់នៅទីតាំងថ្មីដោយសារពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។
អ្នកស្រី ផាវ ញើង តំណាងពលរដ្ឋ១៩៧គ្រួសារនៅសហគមន៍ជីខលើប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកភូមិ១៧៥គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ ឧកញ៉ា លី យ៉ុងផាត់ អំឡុងឆ្នាំ២០០៦ ហើយត្រូវបានរដ្ឋាភិបាលដោះស្រាយជាគោលនយោបាយដោះដូរឱ្យពលរដ្ឋទៅរស់នៅទីតាំងថ្មី កាលពីឆ្នាំ២០១៧ ដោយ១គ្រួសារទទួលបានដី៣ហិកតា និងសំណងជំងឺចិត្ត២៥០០ដុល្លារ។
អ្នកស្រី ផាវ ញើង អះអាងថា ការដោះដូរទៅនៅទីតាំងថ្មីនោះ គឺពលរដ្ឋបានជួបការលំបាកជាខ្លាំងដោយសារនៅទីតាំងថ្មីនោះពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។ អ្នកស្រីថា កន្លែងទីតាំងថ្មីនោះ គឺផ្លូវពិបាកធ្វើដំណើរ ពុំមានប្រព័ន្ធភ្លើង និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ឡើយ។
តំណាងពលរដ្ឋរូបនេះបន្តថា ដោយសារបញ្ហាគ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នេះបានធ្វើឱ្យពលរដ្ឋមួយចំនួនសម្រេចចិត្តចាកចេញ និងមួយចំនួនទៀតបន្តរស់នៅទាំងលំបាកដោយសារគ្មានជម្រើស។ អ្នកស្រី ផាវ ញើង ឱ្យដឹងថា តំបន់អភិវឌ្ឍន៍ថ្មីនោះមានចម្ងាយ២០គីឡូម៉ែត្រពីផ្លូវជាតិលេខ៤៨។
អ្នកស្រីបន្ថែមថា៖«រដូវប្រាំង គឺវាអត់សូវអីទេ គ្រាន់តែពិបាកដាច់ក្រឡុក រលាក់ យើងធ្វើដំណើរវាងអីបាន។ តែដល់ពេលខែវស្សាវិញ គឺយើងជួបផលលំបាកមែនទែន យើងអត់អាចទៅមើលគោ អត់អាចទៅមើលដីនៅហ្នឹងបានទេ។ វាពិបាកហើយផ្លូវតែងតែច្រោះហូរដាច់ខ្លាំងទៅខ្លាំងទៅៗ។ បើសិនជាមានអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់នាពេលយប់អធ្រាត្រ ច្បាស់ជាត្រូវស្លាប់នៅតាមផ្លូវមិនខាន ដោយសារតែចម្ងាយផ្លូវ មានចម្ងាយឆ្ងាយហើយពិបាកខ្លាំង »។
អ្នកស្រី យី គន្ធា វ័យ៣៦ឆ្នាំនៅភូមិព្រែកជីកឃុំជីខក្រោម និយាយថា ក្រោយទទួលដំណោះស្រាយពីរដ្ឋាភិបាលកាលពីឆ្នាំ២០១៧ គឺគ្រួសារអ្នកស្រីបានទៅសាងសង់លំនៅដ្ឋានរស់នៅភូមិថ្មីនោះមួយរយៈ ប៉ុន្តែដោយសារទីនោះឆ្ងាយពីសាលារៀន មន្ទីរពេទ្យ និងផ្លូវពិបាកធ្វើដំណើរផងនោះ អ្នកស្រីត្រឡប់មកនៅភូមិចាស់វិញ ដោយបារម្ភគ្រាអាសន្នយប់ព្រលប់ពិបាកធ្វើដំណើរ។
អ្នកស្រីបន្ថែមថា៖« ការសន្យារបស់ក្រសួងពេលដោះស្រាយដីហើយថា នឹងធ្វើផ្លូវ ហើយនិងមានសាលារៀនមន្ទីរពេទ្យ ឬមួយក៏ទឹកស្អាត។ ប៉ុន្តែមកដល់ពេលនេះគឺយើងអត់មាន ផ្លូវក៏អត់ ទឹកក៏អត់ អីក៏អត់ អញ្ចឹងខ្ញុំអត់អាចទៅរស់នៅទីនោះបានដោយសារតំបន់វាដាច់ស្រយាលឆ្ងាយ អញ្ចឹងពេលមានធុរៈឈឺអី ខ្ញុំអត់អាចចេញមករកពេទ្យបានទាន់ពេលវេលា»។
ពលរដ្ឋម្នាក់ទៀតអ្នកស្រី សេង លីន វ័យ៥៧ឆ្នាំ នៅភូមិគងឆា ឃុំជីខលើ មានប្រសាសន៍ថា បច្ចុប្បន្នអ្នកស្រីរស់នៅតំបន់គងឆា ដែលរដ្ឋាភិបាលបានផ្តល់ដីសំណងឱ្យនោះ។
អ្នកស្រី សេង លីន បន្តថា ផ្លូវចូលទៅភូមិថ្មី គឺមានភាពលំបាកខ្លាំងពិសេសនៅរដូវស្សា។ អ្នកស្រីថា ផ្លូវ១ខ្សែរនេះបម្រើការដល់ការធ្វើដំណើរឆ្លង់កាត់របស់ប្រជាពលរដ្ឋចំនួន៥ភូមិ ដែលមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រហែល១០០០ គ្រួសារ។
អ្នកស្រីបន្ថែមថា ៖« វាអត់ទឹកហើយណាមួយផ្លូវក៏ពិបាក និយាយទៅយើងទៅពេទ្យទៅអីវាប្រឈមខ្លាំងអាពេលយប់ហ្នឹង ហើយផ្លូវពិបាកផង អីផង ហើយពេទ្យនៅឆ្ងាយ អញ្ចឹងវាឆ្ងាយដាច់ស្រយាលតែម្តង អត់មានមន្ទីរពេទ្យ មានអីទេ ត្រង់ហ្នឹងនោះ។ សាលារៀនមាន ត្រឹមតែថ្នាក់ទី ៦ ទេ សាលារៀននោះ»។
អ្នកស្រី សេង លីន បានសំណូមពរដល់រដ្ឋាភិបាលឱ្យជួយដោះស្រាយ ដោយថា ពលរដ្ឋចង់បានផ្លូវ មានទឹក មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងចង់បានមណ្ឌលសុខភាព សាលារៀន ដើម្បីសម្រួលដល់ការរស់នៅរបស់ពលរដ្ឋផងដែរ។
មេឃុំដងពែងលោក ទី យោង បានទទួលស្គាល់ថា ផ្លូវចូលទីតំបន់អភិវឌ្ឍន៍ថ្មីនោះពិតជាមានការលំបាកខ្លាំងមែន។លោកថា បញ្ហាផ្លូវនេះមិនស្ថិតក្រោមការស្ថាបនារបស់រដ្ឋបាលឃុំឡើយ។
ចំណែកមេឃុំ ជីខលើ លោក ស៊ុន ឃៀម ប្រសាសន៍ថា លោកមិនអាចផ្តល់ព័ត៌មានបានទេ ដោយថា កំណាត់ផ្លូវនេះស្ថិតក្រោមការចាត់ចែងរបស់រដ្ឋបាលខេត្ត ហើយលោកក៏មិនសូវបានដឹងព័ត៌មានច្បាស់ដែរ។
ជុំវិញរឿងនេះ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងលោក សុខ សុទ្ធី មានប្រសាសន៍ថា បញ្ហាផ្លូវនេះក្រុមការងាររដ្ឋបាលខេត្តបានធ្វើពីឆ្នាំមុនបានពាក់កណ្ដាល ហើយថា នៅឆ្នាំ២០២៤នេះនឹងធ្វើបន្តទៀតដើម្បីសម្រួលដល់ប្រជាពលរដ្ឋ។
ចំពោះបញ្ហាទឹកស្អាត់វិញលោកថា លោកនឹងទំនាក់ទំនងទៅអភិបាលស្រុកស្រែអំបិលឱ្យចុះសិក្សាមើលថា តើពលរដ្ឋមានកង្វះខាត និងត្រូវការជំនួយអ្វីខ្លះទៀត។
លោកបន្ថែមថា៖«រឿងធ្វើផ្លូវថវិកាអាចនឹងបន្តនៅក្នុងឆ្នាំ២០២៤នេះទៀត ឥឡូវកំពុងរង់ចាំថវិកាធ្លាក់មក យើងនឹងបានធ្វើបានមួយកំណាត់ទៀត។ រីឯទឹក បងនឹងប្រាប់ទៅអភិបាលស្រុកឲ្យគាត់ចុះទៅសិក្សាពិនិត្យមើល ថាតើយើងត្រូវការជំនួយយ៉ាងម៉េច ប្រជាជនយើងត្រូវការជំនួយយ៉ាងម៉េច អីយ៉ាងម៉េច»។
អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស នៃសមាគមអាដហុកខេត្តកោះកុងលោក ង៉ែត ស៊ីណាប់ មានប្រសាសន៍ថា អាជ្ញាធរគួរ យកចិត្តទុកដាក់ទៅលើបញ្ហាការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់រស់នៅថ្មីនេះ។ លោកថា បញ្ហាការខ្វះផ្លូវ ទឹក និងភ្លើងអាជ្ញាធរគួរតែផ្ដល់ដំណោះស្រាយឱ្យបានឆាប់ ដោយថា បញ្ហាទាំងអស់នេះ វាប៉ះពាល់ដល់ជីវភាព និងការរស់នៅព្រមទាំងសុខខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖«កង្វល់ទាំងអស់ហ្នឹង គឺត្រូវតែរដ្ឋបាលខេត្តក៏ដូចជារដ្ឋ យកចិត្តទុកដាក់ចំពោះគាត់ នឹងធ្វើការដោះស្រាយតាមសំណូមពររបស់គាត់បានសុំ ពីព្រោះគាត់រស់នៅមានការលំបាក ដូចជាផ្លូវ ដូចជាទឹកភ្លើង អីទាំងឡាយហ្នឹង គឺត្រូវតែមានការតាមដានមើលក្រោយពីការដែលបានផ្ដល់ទៅគាត់ហើយ នៅដំណោះស្រាយហ្នឹងថាមានអ្វីកើតឡើងខ្លះ»។
បើតាមតំណាងពលរដ្ឋ ពលរដ្ឋ១៧៥គ្រួសារ ក្នុងឃុំចំនួនបីគឺឃុំ ដងពែង ឃុំជីខលើ និងឃុំជីខក្រោមស្រុកស្រែអំបិលខេត្តកោះកុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់របស់លោក ឧកញ៉ា លី យ៉ុងផាត់ និងត្រូវបានរដ្ឋាភិបាលដោះស្រាយជាគោលនយោបាយកាលពីឆ្នាំ២០១៧ ដោយ១គ្រួសារទទួលបានដី៣ហិកតា និងថវិការ២៥០០ដុល្លារ៕
……………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន