មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានអះអាងថា ដីព្រៃទំហំ ១០០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានធ្វើរបងព័ទ្ធយកធ្វើជាកម្មសិទ្ធិឯកជន។
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ថា ដីដែលគេធ្វើរបងហ៊ុំព័ទ្ធ និងឈូសឆាយទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនោះមានទំហំ ១០០ហិកតាស្ថិតនៅចំណុចអូរពង្រ និងវាលព្រះឥន្ទ ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។
លោកបន្តថា បន្ទាប់ពីលោកចុះទៅពិនិត្យរួចលោកបានដាក់សំណើរទៅមន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ ដើម្បីឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកផ្ដន្ទាទោស តាមច្បាប់។ លោកថាដីព្រៃទាំងនោះត្រូវបានគេឈូសឆាយរួចរាល់ បានធ្វើររបងព័ទ្ធជុំវិញ និងបានដាំដូងបានប្រហែល២០ហិកតា និងសាងសង់ខ្ទមតូចជាច្រើនឱ្យពលរដ្ឋចូលទៅរស់យកពលរដ្ឋទាំងនោះជាខែល។ លោកថា ពលរដ្ឋក្រីក្រគ្មានដីរស់នៅ តែការពិតពលរដ្ឋទាំងនោះទៅយាមដីឱ្យអ្នកមានលុយមានអំណាច ។
លោក ជា ហ៊ាន និយាយថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺបានបានចាត់ឱ្យមន្រ្ដីឧទ្យាននុរក្សបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅពិនិត្យភ្លាមៗ និងបានរុះរើរបងនោះចេញបានចំនួនពាក់កណ្ដាល ទុកពាក់កណ្ដាលឱ្យម្ចាស់ទីតាំងធ្វើការតវ៉ា ។
ប្រធានអង្គការក្រៅរដ្ឋាភិបាលរូបនេះបានអះអាងថា ករណីនេះលោកបានដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្ដកំពង់ស្ពឺរួចហើយ និងបានទៅឆ្លើយបំភ្លឺជូនតុលាការរួចហើយ ដោយតុលាការតម្រូវឱ្យលោកដាក់ភស្តុតាង និងសាក្សីបន្ថែម ។
លោកលើកឡើងថា៖ « នៅពេលដែលមានតម្រុយហើយ យើងបានចុះអនុវត្តអញ្ចឹងហើយគួរតែមន្ត្រីឧទ្យាននុរក្ស ធ្វើយ៉ាងណាកសាងសំណុំរឿងបន្ថែមទៅតុលាការដើម្បីឱ្យតុលាការធ្វើការចោទប្រកាន់ជនប្រព្រឹត្តបទល្មើសតាមផ្លូវច្បាប់។ បើសិនជាមិនចោទប្រកាន់ជនប្រព្រឹត្តបទល្មើសទៅតាមផ្លូវច្បាប់ទេ ជនប្រព្រឹត្តបទល្មើសគាត់មិនរាងចាលទេ ជនប្រព្រឹត្តបទល្មើសណាមានសុទ្ធតែមានអ្នកនៅពីក្រោយខ្នង ហើយអ្នកនៅពីក្រោយខ្នងមានទាំងអំណាចមានទាំងលុយដូច្នេះមានផលលំបាកណាស់ » ។
លោក ថន ចាន់ នាយករងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលបានចុះទៅរុះរើរបងដោយផ្ទាល់កាលពីថ្ងៃទី៤ម្សិលមិញ បានធ្វើការបដិសេធមិនឆ្លើយសំណួររបស់ពលរដ្ឋអ្នកសារព័ត៌មានទេ ដោយលោកប្រាប់ថាចាំសួរមេរបស់លោកសិន ។
នាយកស្ដីទីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់លោក សុខ លៀង ក៏មិនឆ្លើយតបដែរដោយលោកប្រាប់ថាកំពុងជាប់រវល់ប្រជុំ ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងឱ្យមន្ទីរបរិស្ថានរាជធានី ខេត្ដ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិត្រូវអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស ។
នៅក្នុងសេចក្ដីជូនដំណឹងនោះបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់រាល់ការចុះហត្ថលេខាលើលីខិត ឬឯកសារស្នើសុំ កាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ។
ក្រសួងបន្តថា បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬរុករានឆ្ការដុតឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិត្រូវផ្ដន្ទារទោសតាមបទប្បញ្ញត្តិច្បាប់ និងត្រូវប្រគាល់ដីដែលខ្លួនកាន់កាប់នោះជូនរដ្ឋវិញដោយស្ម័គ្រចិត្ដ និងឥតលក្ខខណ្ឌ ។
លិខិតលើកឡើងថា៖ « ក្រសួងបរិស្ថានបាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលីខិតបទដ្ឋាន គតិយុត្តជាធរមាន » ។
ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិលោក តាន់ គីមសួរ បានចាត់ទុកការកាប់ទន្រ្ទានព្រៃឈើយកដី គឺជាវិនាសសកម្មព្រៃឈើគឺស្ថិតនៅលេខរៀងទីមួយនៅក្នុងប្រទេសកម្ពុជា។ លោកថា អាជ្ញាធរត្រូវតែរកមុខឱ្យឃើញមេខ្យល់នៅពីក្រោយខ្នង ការកាប់ព្រៃឈើ ទន្រ្ទានយកដីរបស់រដ្ឋមកផ្ដន្ទាទោសឱ្យតឹងរ៉ឹងបំផុត។
លោកបន្តថា បទល្មើសពព្រៃឈើកើតមានគ្រប់តំបន់គ្រាន់តែមានតិច និងច្រើន ហើយទីណាមានមន្រ្ដីការពារព្រៃឈើទីនោះសំបូរទៅដោយបទល្មើសព្រៃឈើ គ្រប់កន្លែងតែងតែមានទីស្នាក់ការបរិស្ថានចាំយាម ។
លោក តាន់ គីមសួរ បន្ថែមថា ការឈូសឆាយព្រៃដែលមានទំហំ១០០ហិកតាគឺមានទំហំធំណាស់គួរណាមន្រ្ដីបរិស្ថានដឹងព្រោះគេប្រើសុទ្ធតែគ្រឿងចក្រ។ លោកស្ដីបន្ទោសថាការដែលអ្នកប្រព្រឹត្តិបទល្មើសនៅតែឈូសបានរហូតដល់១០០ហិកតាបែបនេះគឺមកពីមន្រ្ដីទាំងនោះមិនយកចិត្ដទុកដាក់ការងារនៅតែក្នុងស្នាក់ការមិនដើរល្បាត ឬមានជាប់ពាក់ព័ន្ធផលប្រយោជន៍ផ្ទាល់ខ្លួន គប់គិតគ្នាជាប្រព័ន្ធ ។
លោកលើកឡើងថា៖ « ស្ថាប័នពាក់ព័ន្ធ ក្រសួងបរិស្ថានចុះធ្វើអធិការកិច្ចគ្រប់កន្លែង គ្រប់តំបន់ដែលរកឃើញថាមានការកាប់បំផ្លាញ់ព្រៃឈើដោយអនាធិបតេយ្យ។ជម្រុះជ្រើសយកមន្រ្ដីណាល្អៗឱ្យគាត់បំពេញកិច្ចការពិតប្រាកដ[…]ធ្វើយ៉ាងណាឱ្យមន្រ្ដីក្រោមឱវ៉ាតហ្នឹងគាត់ឈប់បន្តប្រព្រឹត្តរឿងរ៉ាវមិនប្រក្ដី ជាពិសេសគឺការគប់គិតជាមួយបទល្មើសព្រៃឈើតែម្ដង » ។
ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតនៅក្នុងខេត្ដចំនួន៣រួមមានខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ឆ្នាំង និងខេត្ដពោធិ៍សាត់ ។ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដំបូងមានផ្ទៃដីសរុបចំនួន២៥៣ ៧៥០(ពីរសែនប្រាំពីររយហាសិប)ហិកតា។
នៅថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៣ អនុក្រឹត្យស្ដីពីការកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់លេខ១៩៤បានសម្រេចកែប្រែផ្ទៃដីពីចំនួន២៥៣ ៧៥០(ពីរសែនប្រាំពីររយហាសិប)ហិកតាទៅចំនួន២៥៨ ១៧២(ពីរសែនប្រាំម៉ីនប្រាំបីពាន់មួយរយចិតសិបពីរ)ហិកតា៕
………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា