ពលរដ្ឋប្រមាណ១០០គ្រួសារនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀល បាននាំគ្នាតវ៉ានៅមុខសាលាឃុំនិងនៅលើដីស្រែរបស់ខ្លួនដែលបានអាស្រ័យផលតាំងពីដូនតា ដើម្បីទាមទារទៅអាជ្ញាធរឱ្យចេញប័ណ្ណកម្មសិទ្ធិ ក្រោយអាជ្ញាធរថា ដីនោះជាដីរបស់រដ្ឋ។
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រហែល១០០នាក់មកពីឃុំចំនួន៣ រួមមាន ឃុំសង្កែ ឃុំបុសមន និងឃុំពងទឹក ស្ថិតនៅក្នុងស្រុករំដួលប្រមូលផ្ដុំគ្នាតវ៉ា ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនចេញប័ណ្ណកម្មសិទ្ធិដីស្រែ ក្រោយពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ដថា ដីនោះជាដីរបស់រដ្ឋ។
លោក វាន់ សុផល រស់នៅភូមិទួលចំបក់ ឃុំសង្កែ ប្រាប់់ពលរដ្ឋអ្នកសារព័ត៌មានថា មូលហេតុដែលពលរដ្ឋនាំគ្នាតវ៉ានៅពេលគឺដោយសារមន្ទីរធនធានទឹក និងឧតុនិយមខេត្ដស្វាយរៀង បានហាមឃាត់មិនឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ក្រោមហេតុផលថា ដីតំបន់នោះជាដីរបស់រដ្ឋ។
បុរស់វ័យ៥៦ឆ្នាំរូបនេះ អះអាងថា ពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលដោយធ្វើស្រែនៅលើដីរបស់ខ្លួនតាំងតែពីមុនរបបពលពតដឹកនាំប្រទេសទៅទៀត។ លោកបន្តថា ពលរដ្ឋស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើដីទំហំ៣០០ហិតា ដោយនៅក្នុងនោះដីរបស់លោកមានទំហំ១ហហិតា៣០អា ហើយដីនេះគ្រួសារលោកបាន និងពលរដ្ឋផ្សេងទៀតធ្លាប់ទទួលបានប្លង់កម្មសិទ្ធិម្ដងរួចហើយកាលឆ្នាំ២៩៩២ ដែលហៅថា ប្លង់ស្លាបមាន់។
លោក វាន់ សុផល ឆ្ងល់ថា ហេតុអ្វីនៅឆ្នាំ១៩៩២អាជ្ញាធរចេញប្លង់ឱ្យពលរដ្ឋ ប៉ុន្តែនៅឆ្នាំ២០២៤ បែរជាមិនចេញប្លង់ឱ្យពលរដ្ឋទៅវិញ ហើយនាំគ្នានិយាយថា ជាដីរបស់មន្ទីរធនធានទឹកទៅវិញ។
លោកលើកឡើងថា៖ « ដីប្រជាជនគេធ្វើពីដូន ពីតាមក កេរ្ដិ៍មកពីជីដូនជីតាមក ទាំងអស់ហ្នឹងដល់វាស់ប្លង់គ្មាននរណាគេចេញឱ្យផងហ្នឹង។ គេថាដីធនធានទឹក។ បានអីរស់ទៀត បើយកអស់អាលីងហើយ។ ដូចខ្ញុំអាយុជិត៦០អស់ហើយកូនចៅបានអីស៊ី។ ធនធានទឹកគេយកអស់ហើយគិតមើលមានតែម៉ាតួរផ្ទះ»។
លោក វាន់ សុផល បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយដោយចេញប័ណ្ណកម្មសិទ្ធិជួនពលរដ្ឋ ដោយថាពលរដ្ឋសុទ្ធតែមានប្លង់កម្មសិទ្ធត្រឹមត្រូវមិនមែនចូលទៅកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់នោះទេ ។
ពលរដ្ឋម្នាក់ទៀត គឺលោក អ៊ូ ប៊ន បានប្រាប់ថា លោកមានដីទំហំ៧០អាប៉ុណ្ណោះ ដែលជាដីកេរ្ដិ៍របស់ឪពុកម្ដាយចែកឱ្យ ហើយដីរបស់លោកក៏មានប្លង់ស្លាបមាន់ដូចពលរដ្ឋផ្សេទៀតដែរ ហើយដីនោះលោក បង្កបង្កើនផលដោយធ្វើស្រូវជារៀងរាល់ឆ្នាំ ដោយគ្មានអាជ្ញាធរណាទៅហាមឃាត់ឡើយ។
លោកបន្តថា បច្ចុប្បន្នគ្រួសារលោក រស់ពឹងលើការអាស្រ័យផលលើដីកំពុងមានជម្លោះនោះ។ លោកថា ប្រសិនបើបាត់បង់ដីស្រែនោះទៀត គឺគ្រួសាររបស់លោកនឹងជួបផលបំបាកបន្ថែមមួយកំរិតទៀត ត្រូវការចំណាយលុយសម្រាប់ទិញអង្កយកមកទុកហូប និងចំណាក់ស្រុករកការងារជាដើម។
លោកលើឡើងថា៖ « ពឹងការធ្វើស្រែតិចតួចគ្រាន់ធ្វើស្រែបានអង្កទុកហូបដល់អត់មានស្រែធ្វើទៅពឹងអីនៅស្រុកស្រែរកអីបាន។ គ្នាគ្រាន់បានស្រូវបានអង្កហ្នឹងហើយគ្រាន់បានដោះទាល់បានបាយហូប ហីបើយើងអត់បានស្រែធ្វើចប់បាត់ហើយអ្នកស្រែ »។
មេឃុំសង្កែលោក ពៅ មឿន ប្រាប់ថា ការហាមឃាត់មិនឱ្យចេញប្លង់ជូនពលរដ្ឋនៅពេលនេះ អាជ្ញាធរឃុំមិនបានហាមទេគឺមន្ទីរធនធានទឹក និងឧតុនិយមខេត្ដស្វាយរៀងជាអ្នកហាមឃាត់។ លោកថា ពេលនេះលោកកំពុងសំណូមពរទៅថ្នាក់លើធ្វើយ៉ាងណាត្រូវចេញប្លង់ឱ្យប្រជាពលរដ្ឋកាន់កាប់ដូចដើមវិញ។
លោកលើកឡើងថា៖ « ដីហ្នឹងពីដើមជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋយូរយាហើយ។ដល់ជំនាន់ពលពត ពលពតជីកជាកូនអាង ជាប្រឡាយអាង។ដល់មើលផែនទីជារបស់រដ្ឋ ប៉ុន្តែជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋទេ »។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតមពីអភិបាលខេត្ដស្វាយរៀងលោក ប៉េង ពោធិ៍សា និងលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានទេនៅថ្ងៃច័ន្ទនេះ ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ប្រទេសកម្ពុជាបានបង្កើតឱ្យមានការកាន់កាប់កម្មសិទ្ធិដីធ្លីគឺនៅក្នុងឆ្នាំ១៩៨៧។ លោកថា ក្នុងករណីដែលពលរដ្ឋធ្លាប់បានទទួលប្លង់កម្មសិទ្ធស្លាបមាន់រួចហើយនោះ គឺបញ្ជាក់ថា ដីនោះមិនមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៀតទេ ដោយសាររដ្ឋបានប្រគល់ទៅឱ្យប្រជាពលរដ្ឋរួចហើយតាមរយៈប្លង់ស្លាបមាននេះ។
លោកលើកឡើងថា៖ «ប្លង់ស្លាប់មាន់ហ្នឹងវាស្មើហ្នឹងកម្មសិទ្ធឯកជនទៅហើយ។ ចឹងអាប្លង់ស្លាបមាន់អាចជំនួសមកថ្មីដោយគេធ្វើប័ណ្ណកម្មសិទ្ធថ្មី ដែលអាចចេញប្លង់ថ្មីសម្រាប់ដូរប្លង់ចាស់ហ្នឹង។ ចំពោះបញ្ហាហ្នឹងខ្ញុំគិតថា អាជ្ញាធរគួរពិនិត្យមើលឡើងវិញពីមុនហេតុអីយើងចេញប័ណ្ណកម្មសិទ្ធឱ្យ ហើយដល់ពេលក្រោយមិនចេញវិញ ប៉ុន្តែប័ណ្ណគាត់ចាស់មិនទាន់អស់សុពលភាពទេ វាស្មើគាត់ទទួលបានប័ណ្ណកម្មសិទ្ធ ហើយវាគ្រាន់តែផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធ»៕
……………………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា