ដីព្រៃជាង១០ហិកតា របស់សហគមន៍ព្រៃឈើមួយ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កំពុងរងការទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈអាជ្ញាធរព្រមានចាត់វិធានការជនល្មើសតាមផ្លូវតុលាការ។
លោក ទី ធិ គណៈកម្មការសហគមន៍ព្រៃឈើច្បារតាប់កេះកាប់ចុងលួងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សហគមន៍របស់លោកពិតជារងការទន្ទ្រានយកដីធ្វើកម្មសិទ្ធិឯកជនពិតមែន។ លោកថា អ្នកទន្ទ្រាននោះ គឺជាអ្នកចំណូលស្រុកថ្មី។
បុរសវ័យជាង៥០ឆ្នាំរូបនេះបន្តថា គណៈកម្មការសហគមន៍បានចុះទប់ស្កាត់ និងបានអប់រំណែនាំជាច្រើនលើកច្រើនសារផងដែរ ប៉ុន្តែជនល្មើសទាំងនោះមិនគោរពតាមឡើយ ថែមទាំងបន្តរុករានថែមទៀត។
លោកបន្ថែមថា៖«ពួកនិងហ៊ានចូលកាប់ព្រៃសហគមន៍ក្នុងតំបន់ព្រៃជ្រៅបែបនេះដោយសារមានអ្នកនៅពីខាងក្នុងភូមិឱ្យដៃ ហើយនិយាយថា ព្រៃនេះជាព្រៃដូនតារបស់ពួកគាត់ មិនមែនព្រៃសហគមន៍ទេ ដូច្នេះពួកគាត់មានសិទ្ធិរុករានកាប់យកដីនោះធ្វើជាកម្មសិទ្ធិ»។
លោក ទី ធិ បានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវចាត់វិធានការទៅលើជនល្មើសទាំងឡាយណាដែលបន្តចូលកាប់ទន្ទ្រានយកដីព្រៃសហគមន៍នេះតាមផ្លូវច្បាប់ឱ្យខានតែបាន។
ជំទប់ទីមួយឃុំដាក់ដាំអ្នកស្រី តេះ ស្រីនិច មានប្រសាសន៍ថា រដ្ឋបាលឃុំធ្លាប់បានហៅអ្នកកាប់រានដីព្រៃសហគមន៍នោះមកធ្វើការណែនាំ និងធ្វើកិច្ចសន្យានៅសាលាឃុំឱ្យបញ្ឈប់សកម្មភាពរុករានផងដែរ ប៉ុន្តែជនល្មើសទាំងនោះ មិនបានអនុវត្តតាមកិច្ចសន្យាឡើយ។
អ្នកស្រី តេះ ស្រីនិច ឱ្យដឹងថា អ្នកចូលកាប់ទន្ទ្រានដីព្រៃសហគមន៍នោះ គឺជាអ្នកចំណូលស្រុកដែលបានប្រពន្ធជាអ្នកឃុំដាក់ដាំ។ អ្នកស្រីថា ពួកគេហ៊ានចូលទន្ទ្រានបែបនេះដោយសារមានការញុះញង់ពីអ្នកនៅក្នុងស្រុក ដោយផ្អែកថា ខ្លួនពុំមានដីធ្លីសម្រាប់បង្កបង្កើនផលគ្រប់គ្រាន់។
អ្នកស្រីថា៖« ខាងឃុំពួកខ្ញុំធ្វើការដោះស្រាយបានតែកម្រិតមូលដ្ឋានប៉ុណ្ណោះ ដោយសារដីព្រៃសហគមន៍យកដីព្រៃបម្រុងទុករបស់រដ្ឋ។ ដូច្នេះការងារចំណាត់ការបន្តមានតែផ្នែកជំនាញ និងថ្នាក់លើទេគេអ្នកសម្រេចថាគួរធ្វើយ៉ាងណា ចំណែកឃុំគឺដោះស្រាយត្រឹមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពតែប៉ុណ្ណោះតែបើពួកគាត់នៅតែប្រព្រឹត្តល្មើស គឺថ្នាក់លើជាអ្នកអនុវត្តបន្ត»។
លោក គង់ ប៊ុនលី នាយសង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំនៅស្រុកអូររាំង មានប្រសាសន៍ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រុមការងាររដ្ឋបាលព្រៃឈើ និងក្រុមគណៈកម្មការសហគមន៍ព្រៃឈើច្បារតាប់កេះកាប់ចុងលួង បានចុះល្បាតនៅចំណុចដែលរងការទន្ទ្រាន គឺមានទីតាំង ស្ថិតក្នុងភូមិពូត្រែង ឃុំដាក់ដាំ។
លោក គង់ ប៊ុនលី អះអាងថា តាមការស្រាវជ្រាវ អ្នកដែលលួចទន្ទ្រានយកដីព្រៃសហគមន៍នោះ មិនមែនជាអ្នកចំណូលស្រុកនោះទេ គឺជាសមាជិកសហគមន៍។ លោកថា ពួកគេបានលួចចូលកាប់នៅពេលយប់ ដោយពួកគេចូលកាប់តាមគ្នា។
លោក គង់ ប៊ុនលី បន្តថា ពួកគេពុំមែនអត់ដីសម្រាប់បង្កបង្កើនផលនោះទេ ដោយថា ទន្ទ្រាននេះជាការចង់បានជ្រុលហួសរបស់ពួកគាត់។
លោកថា៖« គេរក្សាទុកហ្នឹងគឺ ដើម្បីទុកឱ្យពួកគាត់គ្រាន់ទុកបោចវល្លិ ចៀរជ័រ តាមលក្ខណៈប្រពៃណីសម្រាប់តែពួកគាត់ទេ។ គេមានយកទៅធ្វើអីណា ប៉ុន្តែពួកគាត់មិនជួយការពារគ្នា បែនាំគ្នាចូលកាប់ទន្ទ្រាន។ ខ្ញុំសោកស្តាយណាស់ដោយសារពួកគាត់មិនជួយគ្នាថែរក្សា»។
មន្ត្រីរដ្ឋបាលព្រៃឈើរូបនេះបន្តថា រដ្ឋបាលព្រៃឈើបានចុះទៅហាមឃាត់ និងឱ្យកិច្ចសន្យាបញ្ឈប់ការរុករានបន្តទៀត ហើយលោកព្រមានថា ប្រសិនបើបុគ្គលណាណានៅតែរឹងរូសបន្តទន្ទ្រានយកដីព្រៃសហគមន៍ដោយខុសច្បាប់ទៀត គឺរដ្ឋបាលព្រៃឈើនឹងដាក់បណ្តឹងទៅតុលាការ ដើម្បីចាត់វិធានការច្បាប់។
អភិបាលរងស្រុកអូររាំងលោក សុខ វណ្ណារិទ្ធ បានបញ្ជាក់បន្ថែមថា ករណីទន្ទ្រានដីព្រៃសហគមន៍ដោយខុសច្បាប់នេះគឺមានជនបង្កខ្លះត្រូវបានប្តឹងទៅតុលាការ ហើយអ្នកខ្លះទៀត ត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ឱ្យសកម្មភាពទន្ទ្រានកាន់កាប់បន្តទៀត។
លោកបន្ថែមថា ៖«ចំពោះអ្នករុករានថ្មីៗយើងហៅមកដោះស្រាយនៅសាលាស្រុក ចំណែកអ្នកដែលជាប់បណ្តឹងរបស់មេព្រៃគឺទុកឲ្យតុលាការគេកោះហៅ»។
គួរបញ្ជាក់ដែរថា សហគមន៍ព្រៃឈើច្បារតាប់កេះកាប់ចុងលួង បង្កើតឡើងនៅឆ្នាំ២០០៨ មានការទទួលស្គាល់ពីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ ដោយសហគមន៍នេះ មានផ្ទៃដីសរុបចំនួន២០០០ហិកតា និងមានសមាជិកសហគមន៍ប្រមាណ២០០គ្រួសារ៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក នូ រ៉េន