អ្នកស្រី ងិន ហ៊ាង វ័យ៥៨ឆ្នាំរស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានប្រាប់ថា អ្នកស្រីអាចរកប្រាក់ចំណូលបានពី ៣ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ពីការដាំម្អម។
អ្នកស្រី ងិន ហ៊ាង អះអាងថា គាត់បានប្រកបរបរដាំម្អមអស់រយៈពេល៥ឆ្នាំមកហើយ លើផ្ទៃទំហំ ២៥×៥០ម៉ែត្រ ដោយដាំខួបប្រាំងខួបវស្សា ដោយសារសម្បូរទីផ្សារក្នុងការលក់ ហើយងាយស្រួលក្នុងការដាំនឹងថែទាំ។
គាត់បន្តថា៖ «ម្អមស្រួលដាំស្រួលថែណាស់ ហើយដាំម្តងអាចប្រមូលផលបានពី៥ទៅ៦ខែ ហើយស្រួលលក់ទៀត មួយថ្ងៃៗខ្ញុំកាត់លក់បាន៣០០ដុំមានម៉ូយកុម៉្មង់មកយកដល់ផ្ទះ បានលុយពី៣ទៅ៤រៀល គ្រាន់ចិញ្ចឹមឆ្នាំង»។
អ្នកស្រីប្រាប់ទៀតថា ដោយសារដាំម្អមលក់ធ្វើឲ្យជីវភាពគ្រួសារគាត់ប្រសើរ ដោយបានជួយឲ្យកូនៗរៀនគ្រប់គ្នា ហើយថា គាត់នឹងបន្ដដាំដាំណាំប្រភេទនេះរហូតទៅ។
អ្នកស្រីអំពាវនាវដល់កសិករទាំងអស់ដែលមានដីតិចតួចដូចគាត់ឲ្យងាកមកដាំម្អមវិញ ដោយមិនបាច់ចំណាកស្រុកទាំងប្រថុយប្រថានទៅធ្វើការនៅក្រៅប្រទេស ព្រោះម្អមសម្បូរទីផ្សារលក់ និងមានទីផ្សារក្នុងស្រុកផងដែរ។
ក្នុងភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានអ្នកប្រកបរបរដាំម្អមប្រហែល៥ទៅ៦គ្រួសាប៉ុណ្ណោះ៕
———————————————
ដោយពលរដ្ឋសារព័ត៌មាន លោក នូ រ៉េន