រតនគិរីគឺជាខេត្តមួយរបស់កម្ពុជាស្ថិតនៅភាគភាគឦសាននៃប្រទេស ជាតំបន់ខ្ពង់រាបសំបូរទៅដោយភ្នំ សត្វ និងព្រៃឈើសំបូរបែប។ ខេត្តនេះក៏ជាទីតាំងមួយ ក្នុងចំណោមទីតាំងផ្សេងទៀតរបស់កម្ពុជា ដែលមានជនជាតិដើមភាគតិចរស់នៅតំបន់នោះច្រើនជាងគេ។
នៅរតនគិរីមាន៨ជនជាតិដើមភាគតិច រួមមាន ជនជាតិពូនង(ព្នង) ទំពួន ចារ៉ាយ គ្រឹង កាវ៉ែត លន់ កាចក់ និងជនជាតិព្រៅ សរុបមានជាង១៣០ ០០០នាក់។ ក្នុងចំណោមជនជាតិទាំងនោះ គឺជនជាតិទំពួន មានច្រើនជាងគេ។ នេះបើតាមរបាយការណ៍អង្គការខ្មែរលើ។
តាមរបាយការណ៍នានារួមទាំងអង្គការខ្មែរលើ មន្ត្រីអង្គការអាដហុកប្រចាំខេត្តនេះ និងការអះអាងរបស់ជនជាតិដើមភាគតិចផ្ទាល់ឲ្យដឹងថា នៅប្រមាណ១០ឆ្នាំចុងក្រោយនេះ ជនជាតិដើមភាគតិចទាំងនោះ បានបោះបង់មុខរបរបែបប្រពៃណីដែលពឹងផ្អែកអនុផលព្រៃឈើ និងធនធានធម្មជាតិផ្សេងៗ មកធ្វើកសិកម្មតាមបច្ចេកទេស ស្វែងរកការងារធ្វើតាមវិស័យឯកជន និងការងាររដ្ឋវិញ។