ពលរដ្ឋសារព័ត៌មានពីខេត្តព្រះសីហនុ
—————————————–
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតំបន់អូអារ៉េវ ខេត្តព្រះសីហនុ ទទូចឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជួយដោះស្រាយបញ្ហាជម្លោះដីធ្លីជាមួយម្ចាស់ចែកចាយស្រាបៀមួយកន្លែង នៅខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋប្រមាណ១៨គ្រួសារ រស់នៅតំបន់អូអារ៉េវ ក្នុងភូមិ០២ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ អះអាងថា ពួកគេបានទទួលរងការរំលោភបំពានយកដីធ្លីពីសំណាក់ម្ចាស់ចែកចាយស្រាបៀមួយកន្លែង ដែលមានឈ្មោះ «គិត ប៊ុន» និងប្រពន្ធឈ្មោះ «ឡឹក លក្ខិណា» ដោយពួកគេបានសំណូមពរដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជួយអន្ដរាគមន៍ ខណៈអះអាងទៀតថា ថ្នាក់ដឹកនាំខេត្តព្រះសីហនុមិនមានចំណាត់ការច្បាស់លាស់ណាមួយសោះនោះ។
ក្រុមអ្នកមានជម្លោះដីធ្លីទាំងនេះអះអាងថា អស់រយៈពេលជិត៦ខែមកហើយ ពួកគេមិនទាន់ឃើញមានការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរខេត្តព្រះសីហនុនោះទេ ដែលថា ធ្វើឲ្យប្រជាពលរដ្ឋមានទំនាស់ដីធ្លីបង្ហាញការអស់សង្ឃឹមយ៉ាងខ្លាំងទៅលើចំណាត់ការរបស់អាជ្ញាធរខេត្ត ខណៈបណ្តឹងពួកគេក៏ត្រូវបានទុកចោលមិនដោះស្រាយ។
ការអស់ជំនឿចិត្តលើអាជ្ញាធរដែនដី ខេត្តព្រះសីហនុ បានចាក់ចូលជ្រៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតំបន់អូអារ៉េវ ដែលកំពុងត្រូវបានក្រុមគ្រួសារមួយ ដែលមានឥទ្ឋិពលក្នុងខេត្តព្រះសីហនុ ធ្វើព្យុះភ្លៀង សាងសង់សំណង់ជារៀងរាល់ថ្ងៃ បើទោះបីជាអាជ្ញាធរចុះហាមឃាត់ជាច្រើនលើកច្រើនសារក៏ដោយ ជាពិសេសបណ្តឹងរបស់ពួកគាត់បានដាក់ជូនអភិបាលខេត្តជាច្រើនខែយ៉ាងណាក្តី។
ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរខេត្តគួរតែមានវិធានការទប់ស្កាត់ជាបន្ទាន់លើឈ្មោះគិត ប៊ុន និងប្រពន្ធឈ្មោះឡឹក លក្ខិណា ឲ្យបញ្ឈប់ធ្វើសកម្មភាព និងរុះរើសំណង់ទាំងឡាយដែលបានសាងសង់ និងកំពុងសាងសង់នៅលើទីតាំងដីនេះចេញ ហើយប្រសិនបើករណីរឹងរូសអាជ្ញាធរខេត្ត គួរតែមានវិធានការណ៏តាមផ្លូវច្បាប់អោយបានតឹងរ៉ឹង ដើម្បីកុំឲ្យការបង្កភាពអនាធិបតេយ្យរំលោភលើច្បាប់ រំលោភដីប្រជាពលរដ្ឋបន្តទៀត។
កាលពីថ្ងៃទី២០ខែសីហាកន្លងទៅនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក៏បានដឹកនាំក្រុមការងារចម្រុះ ចុះសម្របសម្រួលករណីនេះផងដែរ ដោយក្នុងនោះ ភាគីប្រជាពលរដ្ឋសំអាងលើដីរដ្ឋបាលចែកជូន ចំណែកឯភាភីចែកចាយស្រាបៀសំអាងលើប័ណ្ណកម្មសិទ្ឋឆ្នាំ១៩៩៣ និងភាពចម្រូងចម្រាស់ជុំវិញការដែលរដ្ឋាភិបាលនិរាករណ៏កាលពីឆ្នាំ១៩៩៧៕
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។