ប្រធានសហគន៍នេសាទអះអាងថា ព្រៃលិចទឹកក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅតែត្រូវបានគេកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ ដោយគ្មានវិធានការណ៍ទប់ស្កាត់ឱ្យមានប្រសិទ្ធិភាពពីអាជ្ញាធរពាក់ព័ន្ធ។
ប្រធានសមាគមន៍នេសាទភូមិបន្ទាយប្រិយ៍ លោក ណុះ ម៉ាត់ និយាយក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធរួមទាំងជលផលផង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ថា តាមរយៈការចុះល្បាតព្រៃលិចទឹកនៅតំបន់មាត់សមុទ្រ ស្ថិតភូមិបន្ទាយប្រិយ៍ លោកសង្កេតឃើញមានការកាប់ទន្ទ្រាន និងបោះបង្គោលហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិ។
គណៈកម្មការសហគមន៍នេសាទទទួលបន្ទុកផ្នែកល្បាត លោក ក្រាវ ងៀម និយាយក្នុងកិច្ចប្រជុំនោះដែរថា ៣ឆ្នាំមកនេះ ព្រៃលិចទឹកបន្តរងការកាប់បំផ្លាញជាបន្តបន្ទាប់។
លោក ក្រាវ ងៀប បង្ហាញការព្រួយបារម្ភថា ព្រៃលិចទឹករបស់សហគមន៍មួយនេះអាចនឹងបាត់បង់នៅថ្ងៃណាមួយ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឲ្យប្រសិទ្ធភាពពីអាជ្ញាធរពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនោះដែរ នាយខណ្ឌជលផលស្រុកព្រៃនប់ លោក អ៊ុក សំអន ទទួលស្គាល់ថា ពិតជាមានបទល្មើសនេះកើតឡើងមែន។ ប៉ុន្តែលោកថា មន្ត្រីជំនាញមិនទាន់មានលទ្ធភាពចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសបាននៅឡើយ ព្រោះខ្វះកិច្ចសហការណ៍ពីប្រជាសហគមន៍ និងខ្វះកម្លាំងចុះល្បាតទាន់ពេល ដោយថា ជនល្មើសច្រើនធ្វើសកម្មភាពនៅពេលយប់។
យ៉ាងណា នាយខណ្ឌជលផលរូបនេះបង្ហាញការប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងវិធានការនេះដើម្បីស្វែងរកអ្នកជាប់ពាក់ព័ន្ធមកដាក់ទោស ដើម្បីការពារព្រៃលិចទឹកមួយនេះទុកជាសម្បត្តិរបស់សហគមន៍។
បើតាមប្រធានសមាគមន៍នេសាទភូមិបន្ទាយប្រិយ៍ លោក ណុះ ម៉ាត់ ព្រៃលិចទឹកនៅជាប់មាត់សមុទ្រនេះ មានទំហំ២២៩ហិកតា ត្រូវបានចុះបញ្ជីនៅក្រសួងកសិកម្ម ដើម្បីឲ្យសហគមន៍គ្រប់គ្រងតាំងពីឆ្នាំ២០០៤មក។
ប្រភពដដែលឱ្យដឹងថា ពលរដ្ឋចំនួន ១៤៥៩គ្រួសារទទួលផលទាំងផ្ទាល់ និងប្រយោលពីព្រៃលិចទឹកមួយនេះ ហើយបច្ចុប្បន្នព្រៃលិចទឹកមួយនេះ ត្រូវគេលួចកាប់អស់ជាង១ហិកតា (១ហិកតា៣០អា)៕
—————————————————-
ដោយក្រុមពលរដ្ឋសារព័ត៌មានខេត្តព្រះសីហនុ
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។