ប្រធានសមាគមចិញ្ចឹមជ្រូក អះអាងថា កម្ពុជាមិនដែលនាំសាច់ជ្រូកចូលទៅប្រទេសចិននោះទេ ដោយលោកថា មានតែចិននាំសាច់ជ្រូកមកលក់នៅកម្ពុជា។
ការអះអាងរបស់ប្រធានសមាគមចិញ្ចឹមជ្រូក ធ្វើឡើងបន្ទាប់ពីមន្ត្រីគយចិនថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីម្សិលមិញថា ចិននឹងហាមមិនឱ្យកម្ពុជានាំចូលសាច់ជ្រូកស្រុក សាច់ជ្រូកព្រៃ និងផលិតផលផ្សេងៗ ដែលកែច្នៃពីសាច់ជ្រូកទៅប្រទេសចិនទៀតទេ ដោយសារ បច្ចុប្បន្នកម្ពុជាកំពុងតែមានការឆ្លងរាលដាលជំងឺផ្តាសាយអាហ្វ្រិក។
ប៉ុន្តែ ប្រធានសមាគមចិញ្ចឹមជ្រូក លោក ស្រ៊ុន ពៅ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា សព្វថ្ងៃកម្ពុជាខ្វះសាច់ជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងប្រទេស។ លោកថា កម្ពុជាមិនអាចនាំសាច់ជ្រូកទៅលក់នៅប្រទេសចិន ដូចមន្ត្រីគយចិនប្រាប់ព័ត៌មាននោះទេ។
លោកថា៖ «កម្ពុជាយើងមិនដែលនាំសាច់ជ្រូកទៅប្រទេសចិនទេ ព្រោះអីជ្រូកនៅកម្ពុជាហូបអត់គ្រប់ផងហ្នឹង រឿងអីនាំទៅប្រទេសចិន វាអត់ត្រឹមត្រូវ។ បាទ! អត់ទេ មានតែចិននាំជ្រូកមកលក់នៅប្រទេសខ្មែរ អារឿងខ្មែរនាំទៅចិនអត់មានទេ»។
លោក ស្រ៊ុន ពៅ បន្តថា សព្វថ្ងៃកម្ពុជានាំចូលសាច់ជ្រូកពីប្រទេសថៃក្នុងមួយថ្ងៃជាង ១០០តោន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងប្រទេស។ លោកបន្តថា ការដែលកម្ពុជានាំចូលសាច់ជ្រូកពីថៃនេះ ធ្វើឡើងបន្ទាប់ប្រជាពលរដ្ឋបានបោះបង់ការចិញ្ចឹម ដោយសារ ពួកគេលក់បានតម្លៃថោក។
វី.អូ.ឌី បានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ប៉ុន្តែទូរសព្ទមិនអាចទាក់ទងបាន។ ចំណែកឯលោក ឡុង កែមវិចត្រ ទូរសព្ទចូល ប៉ុន្តែ គ្មានអ្នកទទួល។
នៅប្រទេសចិនមានការឆ្លងជំងឺផ្តាយសាយអាហ្វ្រិក កាលពីដើមខែសីហា ឆ្នាំ២០១៨ ហើយជំងឺនេះរាលដាលដល់វៀតណាម បន្ទាប់មកដល់កម្ពុជានៅដើមខែមេសា ឆ្នាំ២០១៩។
នៅដើមខែមេសា ឆ្នាំ២០១៩នេះ ជ្រូករាប់រយក្បាលនៅក្នុងខេត្តរតនគិរី បានងាប់ជាបន្តបន្ទាប់ដោយសារជំងឺផ្តាសាយអាហ្វ្រិក។