សង្ឃសហគមន៍រុក្ខាវ័នបានតស៊ូនៅក្នុងព្រៃសហគមន៍ប្រមាណ២០ឆ្នាំមកហើយ ដើម្បីថែរក្សាឲ្យគង់វង្សនូវព្រៃសហគមន៍ ការពារ និងទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានព្រៃឈើ និងបរបាញ់សត្វខុសច្បាប់។
សង្ឃសហគម៍រុក្ខាវ័ន គឺជាសហគមន៍ព្រៃឈើដ៏ធំជាងគេនៅកម្ពុជា ស្ថិតក្នុងស្រុកអន្លង់វែង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មានផ្ទៃដីទំហំសរុបជាង ១ម៉ឺន ៨ពាន់ហិកតា (១៨២ ៦៤១ហិកតា) ដែលជាជម្រករបស់ពពួកសត្វរងការគំរាមកំហែង ដូចជា សត្វខ្ទីង គោព្រៃ និងខ្លារខិនជាដើម។ សហគមន៍ព្រៃឈើនេះត្រូវបានដឹកនាំបង្កើតឡើងដោយព្រះសង្ឃក្នុងវត្តសំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅឆ្នាំ២០០២ ដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់។
ព្រះភិក្ខុ ថូ ធូរស់ សព្វថ្ងៃគង់នៅវត្តប្រាសាទរាជាសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានសង្ឃដីកាថា ព្រះអង្គ និងព្រះសង្ឃ ១៥អង្គផ្សេងទៀត ទើបតែបានចូលរួមសកម្មភាពយាមល្បាត និងការពារព្រៃឈើ និងសត្វព្រៃនៅសហគមន៍រុក្ខាវ័នអស់រយៈពេលជាង ១ខែមកហើយ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានបិទសាលារៀននៅអំឡុងផ្ទុះជំងឺកូវីដ-១៩នោះ។
ព្រះអង្គ ថូ ធូរស់ មានសង្ឃដីកាថា សព្វថ្ងៃ ព្រៃសហគមន៍រុក្ខាវ័នមានទំហំសរុបជាង ៣ម៉ឺនហិកតា (៣០២៥៤ ហិកតា) បន្ទាប់ពីរដ្ឋាភិបាលបានពង្រីកផ្ទៃដី និងចុះបញ្ជីជាតំបន់ការពារ «ដែនជម្រកសត្វព្រៃរុក្ខាវ័ន» នៅឆ្នាំ២០១៨។
ព្រះអង្គ ថូ ធូរស់ មានសង្ឃដីកាបន្ដថា សកម្មភាពចុះយាមល្បាត និងការពារព្រៃរបស់ព្រះសង្ឃក្នុងខេត្តឧត្តរមានជ័យ គឺបានធ្វើប្រមាណ២០ឆ្នាំមកហើយ ក្នុងបុព្វហេតុការពារព្រៃ និងសត្វព្រៃនៅកម្ពុជាឲ្យបានគង់វង្សផុតពីការកាប់បំផ្លាញ។
ព្រះអង្គ ថូ ធូរស់ មានសង្ឃដីកាបន្ដថា៖ «នៅកន្លែងនេះ ត្រូវបានបង្កើតទៅជាទីស្នាក់ការរបស់សង្ឃ ក្នុងការធ្វើកិច្ចការមួយសម្រាប់ការពារព្រៃសហគមន៍ ហើយព្រះសង្ឃ ដែលនិមន្ដមកកន្លែងនេះ គ្រាន់តែមកដល់ហើយបែកចែកដាក់តាមគោលដៅសម្រាប់ចុះល្បាតនៅទីស្នាក់ការច្រកចេញចូលពីខាងក្នុង និងខាងក្រៅព្រៃ»។
ព្រះអង្គ ថូ ធូរស់ មានសង្ឃដីកាថា អស់រយៈពេលប្រមាណ២០ឆ្នាំមកនេះ ព្រះសង្ឃនានាមកពីតាមបណ្ដាវត្តអារាមក្នុងខេត្តឧត្ដរមានជ័យបានដាក់វេនបន្ដគ្នាឥតដាច់ចុះមកស្នាក់នៅ និងយាមត្បាតការពារព្រៃសហគមន៍នេះ ក្រោមការជួយជ្រោមជ្រែងពីអាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសប្បុរជននានា ដែលប្រគេនចង្ហាន់ និងការឧបត្ថម្ភផ្សេងៗ។
ព្រះសង្ឃមួយអង្គទៀត ព្រះនាម អ៊ឹម សុអាន ជាចៅអធិការវត្ត «ព្រឹក្សារាម» ដែលជាវត្តមួយស្ថិតក្នុងខេត្តឧត្តរមានជ័យ មានសង្ឃដីកាថា នៅពេលមកដល់ព្រៃសហគមន៍នេះភ្លាម ព្រះអង្គបានចុះទៅទីតាំងកើតហេតុ ដែលមានសកម្មភាពកាប់ឈើ ឬបរបាញ់សត្វព្រៃ និងពេលខ្លះ ព្រះសង្ឃក៏អាចប្រឈមនឹងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយនឹងក្រុមជនល្មើសផងដែរ។
ព្រះសង្ឃ អ៊ឹម សុអាន មានសង្ឃដីកាថា បទល្មើសកើតឡើងញឹកញាប់ជាងគេនោះ គឺសកម្មភាពឆក់ត្រី ការលួចចូលកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វខុសច្បាប់ ដែលប្រព្រឹត្តដោយពលរដ្ឋរស់នៅក្បែរព្រៃសហគមន៍ និងជនខិលខូចមួយចំនួន ដែលមិនស្គាល់អត្ដសញ្ញាណច្បាស់លាស់។
ព្រះសង្ឃ អ៊ឹម សុអាន មានសង្ឃដីកាថា៖ «បទល្មើសដែលជាចំបង គឺមាន៣សំខាន់ៗ ដែលព្រះសង្ឃតែប្រឈម និងព្រួយបារម្ភ ទី១ គឺការឆក់ត្រី ទី២ គឺការលួចកាប់ព្រៃឈើ ទី៣ គឺការដាក់អន្ទាក់សត្វ»។
ព្រះសង្ឃមួយអង្គទៀត ដែលមានព្រះជន្មចាស់ជាងគេក្នុងចំណោមសង្ឃសហគមន៍រុក្ខាវ័ននេះ ព្រះអង្គ អេង កាត់ មានសង្ឃដីកាថា ព្រះសង្ឃដែលគង់នៅទីស្នាក់ការសង្ឃក្នុងព្រៃសហគមន៍សហគម៍រុក្ខាវ័ននេះ មានលំបាកច្រើនទាំងការងារការពារព្រៃ ការឆាន់ចង្ហាន់ ជំងឺដង្កាត់ផ្សេងៗ និងការយាយីពីសំណាក់ជនល្មើស។
ព្រះអង្គ អេង កាត់ មានសង្ឃដីកាបន្ដថា៖ «ប្រឈមសំខាន់បំផុតទី១ គឺការឆាន់ចង្ហាន់ និងទឹក ទី២ គឺការសឹងនៅតាមដុបតាមព្រៃ ពេលចាំឃ្លាំមើលជនខិលខូច។ មួយទៀត មូសច្រើន គ្រុនចាញ់អីមានដោយរដូវ»។
ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា មានប្រសាសន៍ថា នៅព្រៃសហគមន៍រុក្ខាវ័នកំពុងទទួលរងការកាប់ទន្ទ្រានពីសំណាក់ពលរដ្ឋ ដែលរស់នៅអាស្រ័យជុំវិញតំបន់ការពារនេះ និងពីសំណាក់អ្នកមកពីខាងក្រៅ ដែលលួចចូលដោយខុសច្បាប់។
ប៉ុន្ដែ លោក ភួង លីណា អះអាងថា អាជ្ញាធរពាក់ព័ន្ធបានសហការជាមួយនឹងសង្ឃសហគម៍រុក្ខាវ័ន ដែលឈានមុខគេក្នុងការយាមល្បាត និងការពារព្រៃនៅទីនោះ តាមរយៈការផ្ដល់ថវិកាគាំទ្រចំនួន ២ម៉ឺនដុល្លារអាមេរិក ទៅលើការស្ដារព្រៃ សកម្មភាពចុះយាមល្បាត និងកាយបង្គ្រោលព្រំ។
លោក ភួង លីណា មានប្រសាសន៍ថា៖ «បច្ចុប្បន្ន យើងមានកិច្ចការរួមគ្នា មានការល្បាតរួមគ្នា។ ក្រៅពីកិច្ចការងារល្បាត យើងបានធ្វើការងារអប់រំ គឺអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីច្បាប់ទូទៅ អំពីការគ្រប់គ្រងតំបន់ផ្សេងៗ ឲ្យប្រជាជនលោកបានយល់ […] យើងពិនិត្យឃើញថាជាពលរដ្ឋដែលរស់នៅជុំវិញនោះ ហើយមួយចំនួនក៏ជាអ្នកចល័តមកពីខាងក្រៅបានចូលទៅកាប់ ឬប្រព្រឹត្តបទល្មើសផ្សេងៗ»។
ក្រៅពីនេះ លោក ភួង លីណា មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធនិងមន្ដ្រីមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ក៏បានចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់សកម្មភាពកាប់ឈើ និងបរបាញ់សត្វខុសច្បាប់។
សង្ឈសហគមន៍រុក្ខាវ័ន ដែលដឹកនាំដោយក្រុមព្រះសង្ឃនៅ ខេត្តឧត្តរមានជ័យ បានទទួលពានរង្វាន់ជ័យលាភីរង្វាន់Equator Prize ប្រចាំឆ្នាំ២០១០ របស់គម្រោងអភិរក្សជីវចម្រុះមួយឈ្មោះថា Equator Initiative ដែលជាគម្រោងពហុដៃគូមួយនៅក្នុងអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិUNDP មានមូលដ្ឋាននៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក៕
—————————————————
ពលរដ្ឋសារព័ត៌មានខេត្តឧត្តរមានជ័យ លោក ម្លិះ ហឿត