ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដឹកនាំកម្មករ កម្មការិនីហែក្បួនដើម្បីជំរុញឱ្យមានការគោរពសិទ្ធិការងារដូចការគ្រោងទុក បើទោះជាមានការព្រមានពីសមត្ថកិច្ចក៏ដោយ។
នៅព្រឹកនេះ លោក អាត់ ធន់ រួមជាមួយថ្នាក់ដឹកនាំសហជីពផ្សេងទៀត បានដឹកនាំកម្មករ កម្មការិនីជាង២០០០នាក់ ហែក្បួនចេញពីសួនច្បារក្បែរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហែជុំវិញវត្តភ្នំ ដើម្បីជំរុញឱ្យមានភាពប្រសើរឡើងក្នុងវិស័យការងារ។
កាលពីម្សិលមិញ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បញ្ជាក់ថា មិនអនុញ្ញាតឱ្យហែក្បួនទេ ហើយថា ការប៉ុនប៉ងហែក្បួនគឺជាសកម្មភាពខុសច្បាប់។
លោក អាត់ ធន់ លើកឡើងពីការរំលោភសិទ្ធិមនុស្ស ការរំលោភសិទ្ធិការងារ គ្រូពេទ្យរើសអើងកម្មករប្រើប្រាស់បណ្ណ ប ស ស និងប្រាក់ឈ្នួលទាបមិនសម និងតម្លៃទំនិញលើទីផ្សារ ជាដើម។
នៅថ្ងៃនេះក៏មានសហជីពពីរក្រុមទៀតរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិនៅទីលានប្រជាធិបតេយ្យដែលមានអ្នកចូលរួមជាង២០០០នាក់ដែរ។