រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ថែមទៀត ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងអ្នកធ្វើការនៅក្នុងវិស័យផ្សេងទៀត នៅអំឡុងជំងឺកូវីដ-១៩ បន្ដកើតមានក្នុងប្រទេសកម្ពុជា និងសកលលោក។
ក្នុងសេចក្តីណែនាំចុះថ្ងៃទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះបន្ដទៀតសម្រាប់រយៈពេល២ខែ គឺខែសីហា និងខែកញ្ញា។
នៅអំឡុងពេលដែលជម្ងឺកូវីដ១៩ បន្តមានវត្តមាន និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា រដ្ឋាភិបាលដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាមួយគ្នានេះដែរ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនធំក៏កំពុងបន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
ស្ត្រីមេម៉ាយម្នាក់ឈ្មោះ ប៊ូវ សារុំ អាយុ៧២ឆ្នាំ មានសមាជិកចំនួន២នាក់ រស់នៅក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលទទួលបានប័ណ្ណសមធម៌ ប្រាប់ថា គាត់បានបើកប្រាក់ឧបត្ថម្ភពីសង្កាត់ចំនួន២លើកហើយ ហើយក្នុងមួយលើក ទទួបាន ១៤ម៉ឺនរៀល (១៤០,០០០៛)។
ស្ត្រីមេម៉ាយម្នាក់ទៀតឈ្មោះ សំ ម៉ៅ អាយុ៧០ឆ្នាំ ដែលចិញ្ចឹមចៅៗចំនួន៣នាក់ រស់នៅក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលទទួលបានប័ណ្ណសមធម៌ បានប្រាប់ថា គាត់ក៏បានប្រាក់ឧបត្ថម្ភពីសង្កាត់ចំនួន២លើកហើយដែរ ហើយក្នុងមួយលើក គាត់ទទួបាន ២៥ម៉ឺនរៀល(២៥០,០០០៛) ។
អ្នកស្រី សំ ម៉ៅ និយាយថា៖ «ប្រាក់អំណោយនេះអាចជួយឲ្យខ្ញុំចិញ្ចឹមចៅៗបានស្រួលបន្តិច ទិញអង្ករហូបខ្លះ ទុកទិញម្ហូបខ្លះ ទំរាំម៉ែឪវាផ្ញើរលុយមក»។
កន្លងមកគ្រួសារក្រីក្រ និងងាយរងគ្រោះបានទទួលឧបត្ថម្ភសាច់ប្រាក់ចំនួន២ខែរួចហើយ គឺខែមិថុនា ហើយកំពុងបន្តបើកខែកក្កដា ឆ្នាំ២០២០។ ក្រៅពីវិធានការជួយពលរដ្ឋក្រីក្រ រដ្ឋាភិបាលអះអាងថា ខ្លួនក៏នឹងជួយដល់អ្នកធ្វើការក្នុងវិស័យផ្សេងទៀតផងដែរ ដូចជា វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងផលិតផលផ្សេងទៀត ព្រមទាំងការជួយដល់វិស័យទេសចរណ៍៕
——————————————-
ដោយពលរដ្ឋសារព័ត៌មាន លោក នូ រ៉េន