ប្រជាពលរដ្ឋ ដែលនៅជុំវិញតំបន់បឹងស្នេហ៍ធាយ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង សំណូមពរដល់ពលរដ្ឋ និងអ្នកលក់ដូរជុំវិញបរិវេណតំបន់ធម្មជាតិមួយនេះ ចៀសវាងការបោះសំរាមផ្ដេសផ្ដាស និងគ្មានអនាម័យ ដើម្បីកុំឱ្យប៉ះពាល់សោភ័ណ្ឌភាព និងការទាក់ទាញភ្ញៀវទេសចរចូលមកលេងតំបន់នេះ។
អាជីវករលក់ដូរម្នាក់នៅតំបន់អភិរក្សបឹងស្នេហ៍នេះ លោក សូ វាសនា និយាយថា ចាប់តាំងពីតំបន់ដីសើមបឹងស្នេហ៍ធាយ ត្រូវបានគេស្នើដាក់បញ្ចូលជាតំបន់ការពារធម្មជាតិមក គឺមានភ្ញៀវទេសចរពីជិតឆ្ងាយ មកលេងនៅតំបន់នេះ កាន់តែច្រើនហូរហែរ។ លោកថា ការអភិរក្សតំបន់ដីសើមបឹងស្នេហ៍នេះ មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរមកលេងច្រើននោះទេ ប៉ុន្ដែវាក៏ជួយបង្កើនមុខរបរ និងជួយដល់ជីវភាពពលរដ្ឋទៀតផង។
លោក សូ វាសនា សង្កេតឃើញផងដែរថា កន្លងមក ពលរដ្ឋមួយចំនួន ឬអាជីវករលក់ដូរនៅជុំវិញបរិវេណតំបន់ការពារមួយនេះ ហាក់មិនបានយល់ដឹងពីការចោលសំរាមនោះទេ ដោយខ្លះទៀតបានបោះចោលសំរាម ឬកាកសំណល់ផ្សេងៗ ចូលទៅក្នុងបឹងធម្មជាតិទៀតផង។
លោកបន្ដថា៖ «សម្រាប់កន្លែងខ្ញុំវិញ សំរាម គឺពេលចប់ភ្ញៀវ ខ្ញុំប្រមូលយកទៅដុត ព្រោះខ្ញុំមានឡសម្រាប់ដុត។ បាទ បញ្ហាចោមសំរាមហ្នឹងមាន ហើយមកពីគាត់ខ្ជិលសម្អាត បោះតែចោលទៅ អត់មានកន្លែងដាក់ត្រឹមត្រូវ។ ខ្ញុំយល់ឃើញថា វាមិនសម ប៉ុន្ដែបើសិនជាយើងអាចថែរក្សាសំរាមហ្នឹង ទុកម្ដុំៗបានទៅ វាជួយថែទាំងអស់គ្នាទៅ ធ្វើម៉េចកន្លែងយើងលក់»។
ពលរដ្ឋម្នាក់ទៀត ដែលកំពុងអង្គុយលក់ត្រីនៅក្បែរតំបន់ដីសើមបឹងស្នេហ៍នេះដែរ គឺអ្នកស្រី ភា ស្រីនាង ក៏សំណូមពរដល់អ្នកលក់ដូរ និងពលរដ្ឋដទៃទៀត បង្កើនអនាម័យ និងបញ្ឈប់ការបោះចោលសំរាមផ្ដេសផ្ដាស ប៉ះពាល់ដល់សោភណ្ឌភាពតំបន់ដីសើមបឹងស្នេហ៍ធាយ និងដើម្បីឱ្យភ្ញៀវមកទស្សនាតំបន់នេះកាន់តែច្រើនថែមទៀត។
អ្នកស្រីបន្ដថា៖ «ប៉ះពាល់ដល់បរិស្ថាន នៅកន្លែងខ្ញុំ ខ្ញុំបោសស្អាត ខ្ញុំអ្នកលក់ត្រីមែន ប៉ុន្ដែ កន្លែងខ្ញុំស្អាត។ តែនៅកន្លែងខ្លះ ថ្ងៃមុន ខាងភូមិឃុំ គេហៅទៅប្រជុំដែរហ្នឹង គេប្រជុំឱ្យសម្អាតទាំងអស់គ្នា យើងត្រូវថែរក្សាទាំងអស់គ្នា»។
ប្រធានគណៈកម្មការសហគមន៍បឹងស្នេហ៍ លោក ប៉ាន់ យន សង្កេតឃើញផងដែរថា ពលរដ្ឋ និងអ្នកលក់ដូរមួយចំនួននៅតែបោះចោលតាមទម្លាប់ ចោលសំរាមពាសវាលពាសកាល ទោះបីជាមានការចុះណែនាំជាបន្ដបន្ទាប់ក៏ដោយ។
យ៉ាងនេះក្ដី លោកបន្ដថា អាជ្ញាធរនឹងចុះណែនាំបន្ថែមទៀត ហើយឈានទៅដល់ការផាកពិន័យទៅថ្ងៃខាងមុខ ប្រសិនបើពួកគាត់នៅតែមិនរាងចាល។
លោកបន្ដថា៖ «ប៉ុន្ដែ យើងក៏បានទៅប្រាប់គាត់នៅកន្លែងលក់ ទៅខាងនោះអី យើងដឹកជញ្ជូនទៅ គឺយើងប្រាប់គាត់ អោយគាត់ខ្ចប់ដាក់តាមទូកត្រឡប់មកវិញ។ ហើយឥឡូវខាងមន្ទីរបរិស្ថានរៀបចំមកប្រាប់ថា បើគាត់អត់ស្ដាប់ទេ ថ្ងៃក្រោយនឹងធ្វើបម្រាមមួយដាក់ពិន័យ»។
ប្រធានគណៈកម្មការសហគមន៍បឹងស្នេហ៍ លោក ប៉ាន់ យន រៀបរាប់បន្ដថា សហគមន៍បឹងស្នេហ៍នេះត្រូវបានបង្កើតឡើងដោយជោគជ័យនៅឆ្នាំ២០១២។ លោកថា តំបន់នេះមានទំហំជាង ៤ពាន់ហិកតា នៅរដូវវស្សា ហើយទំហំដីបានថយចុះមកត្រឹម ២ពាន់ហិកតា នៅរដូវប្រាំង។ តំបន់នេះចាប់ផ្ដើមមានសត្វស្លាបជាច្រើនប្រភេទចូលមកទុំនៅ ដូចជា សត្វទុង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក ស្មោញ ទុងប្រផេះ ត្រយ៉ងខ្លួនស ត្រដក់តូច និងសត្វស្លាបជិតផុតពូជផ្សេងទៀត។
បើតាមលោក ប៉ាន់ យន តំបន់នេះមានភូមិសាស្ត្រជាប់ស្រុកចំនួន៣ និងក្រុងមួយ រួមមាន ស្រុកបាភ្នំ ស្រកពាមរក៍ ស្រុកស្វាយអន្ទរ និងក្រុងព្រៃវែង ដែលមានពលរដ្ឋសរុបចំនួន ២៣ភូមិ ឬ ស្មើពលរដ្ឋប្រមាណ ៤ពាន់គ្រួសាររស់នៅជុំវិញ និងអាស្រ័យផលពីតំបន់បឹងអភិរក្សមួយនេះ៕
———————————————-
ដោយពលរដ្ឋសារព័ត៌មានខេត្តព្រៃវែង កញ្ញា ផាន់ ពៅធីតា