បច្ចុប្បន្ន ពលរដ្ឋកម្ពុជាមួយចំនួនចាប់ផ្តើមគិតគូរអំពីសុខភាពដោយបរិភោគបន្លែ ត្រី សាច់ តែងគិតដល់ផលិតផលដែលគ្មានសារធាតុគីមី ឬមានជាតិគីមី មុននឹងទិញយកមកបរិភោគ ពិសេសពលរដ្ឋនៅតាមទីក្រុង និងទីប្រជុំជន។
ដោយក្ដីបារម្ភពីសុខភាពទាំងអ្នកដាំ និងអ្នកបរិភោគនេះ ទើបបានកសិករនៅភូមិអូរឡោក នាំគ្នាដាំបន្លែបង្ការ ដោយមិនប្រើប្រាស់ថ្នាំគីមីឡើយ។
កំពុងមមាញឹកស្រោចស្រពដំណាំបន្លែបង្ការ និងដើរមើលថែទាំបន្លែក្រែងលោមានសត្វល្អិតចង្រៃចូលមកស៊ីដំណាំរបស់គាត់នោះ អ្នកស្រី ភេត ហ៊ន់ឡេង ជាពលរដ្ឋរស់នៅភូមិអូរឡោក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រាប់ថា ពីរនាក់ប្ដីប្រពន្ធគាត់បានប្រកបរបរដាំបន្លែគ្មានសារធាតុគីមីនេះ អស់រយៈពេល ៨ឆ្នាំមកហើយ នៅលើដីទំហំ ១០អា។
អ្នកស្រីនិយាយថា ដំណាំបន្លែដែលពួកគាត់និយមដាំនោះមាន ម្ទេស ម្រះ ត្រសក់ និងត្រប់ ជាដើម ដោយថា ដំណាំរបស់គាត់មិនប្រើសារធាតុគីមីឡើយ ហើយត្រូវការការមើលថែ ស្រោចទឹក និងដាក់ជីធម្មជាតិជាទៀងទាត់។
ស្ដ្រីវ័យ ៥២ឆ្នាំរូបនេះ រៀបរាប់បន្ដថា បន្លែដែលពួកគាត់ដាំបានជួយផ្គត់ផ្គង់នៅក្នុងភូមិផង និងនាំទៅតំបន់ជិតខាងផង។ ម្យ៉ាងទៀត ក្រៅពីជួយដល់ជីវភាព គាត់ថា បន្លែប្រភេទនេះក៏បានជួយដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។
អ្នកស្រីរៀបរាប់បន្ដថា៖ «ដាំសរីរាង្គហ្នឹង មិនដាំគីមី កុំឱ្យវាប៉ះពាល់សុខភាព។ ចាស៎ មិនគ្រាន់តែបានលុយទេ ចាស៎! លោកគ្រូ ការពារសុខភាព កុំឱ្យកើតជំងឺច្រើនពេក»។
ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះកសិដ្ឋានរបស់អ្នកស្រី ភេត ហ៊ន់ឡេង ពលរដ្ឋម្នាក់ទៀត លោក តន់ គឹមទៀង ក៏ជាកសិកររស់នៅក្នុងភូមិអូរឡោក ឃុំចក ស្រុកអូររាំងឪ នេះដែរ ហើយលោកក៏កំពុងមមាញឹកស្រោចស្រព និងមើលថែដំណាំដែលមិនប្រើប្រាស់សារធាតុគីមីរបស់ខ្លួនផង។
បុរសវ័យ៣២ឆ្នាំរូបនេះ រៀបរាប់ថា ចម្ការរបស់គាត់មានដីទំហំ ៣០អា ដោយមានដាំដំណាំម្ទេស ត្រប់ ត្រឡាច និងដំណាំផ្សេងទៀត ។
លោកអះអាងថា មូលហេតុគ្រួសារលោកងាកមកដាំដំណាំគ្មានជាតិគីមីប្រមាណ២ឆ្នាំមកហើយ គឺចង់ចូលរួមកាត់បន្ថយការបរិភោគបន្លែនាំចូលពីក្រៅប្រទេស ដែលផ្ទុកដោយសារធាតុគីមី និងជំរុញឱ្យពលរដ្ឋដទៃទៀត ងាកមកបរិភោគបន្លែធម្មជាតិជួយដល់សុខភាពរបស់ពួកគេ។
លោកបន្ដថា៖ «ទី១ អ្នកដាំហ្នឹង មិនសូវប៉ះពាល់ដល់សុខភាព ទី២ កន្លែងយើងមិនអាចប្រើគីមីខ្លាំងទេ កាត់បន្ថយសារធាតុគីមីខ្លះទៅ ប្រើធម្មជាតិខ្លះទៅ។ បន្លែដាំខ្លួនឯង វាគ្រាន់បើជាង យើងដាំ យើងដឹងប្រើកម្រិតថ្នាំ តាមប៉ុណ្ណាៗ ហើយបើបន្លែគេមិនដែលទិញទេ ឥឡូវហ្នឹង ដាំតែបន្លែខ្លួនឯង»។
យ៉ាងណាក៏ដោយ លោក តន់ គឹមទៀង ឱ្យដឹងផងដែរថា ការដាំបន្លែគ្មានជាតិគីមី ក៏ជួបការលំបាក និងបញ្ហាប្រឈមជាច្រើន ដូចជា បញ្ហាអាកាសធាតុប្រែប្រួលមិនទៀងទាត់ កសិករមិនសូវចេះបច្ចេកទេសដាំដុះ និងបញ្ហាសត្វល្អិតស៊ី ដែលធ្វើឱ្យដំណាំពួកគាត់ មិនសូវលូតលាស់ល្អ និងងាប់ ជាដើម។
ម្យ៉ាងទៀត លោកថា ទីផ្សារបន្លែគ្មានជាតិគីមីសម្រាប់កសិករខ្មែរ ក៏ជាបញ្ហាដែរ ដោយថា តម្លៃ គឺមិនសូវខុសគ្នានោះទេ រវាងបន្លែគ្មានជាតិគីមី និងបន្លែមានផ្ទុកសារធាតុគីមី ដែលនាំចូលពីប្រទេសជិតខាង។
កសិករមួយរូបទៀត ដែលកំពុងដើរបោចស្មៅត្រសក់ផ្អរក្នុងចម្ការ អ្នកស្រី ភេត ដា មានប្រសាសន៍ថា ការដាំបន្លែដោយមិនប្រើថ្នាំគីមីនេះ មានការជួយណែនាំពីមន្ត្រីជំនាញកសិកម្មក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋានផង។
អ្នកស្រីបន្ថែមថា ការដាំត្រសក់សារមុន លក់បានតម្លៃខ្ពស់គឺបានរហូតដល់១ពាន់រៀលក្នុងមួយគីឡូ ប៉ុន្តែ តម្លៃត្រសក់បច្ចុប្បន្នមានការធ្លាក់ចុះខ្លាំង គឺបាន១គីឡូក្រាម ៥រយរៀល ហើយបើត្រសក់មិនល្អគឺបានតែ២រយរៀលប៉ុណ្ណោះ និងត្រូវយកទៅជូនម៉ូយដល់កន្លែងទៀតផង។
កសិកររូបនេះស្នើឱ្យរដ្ឋាភិបាលទប់ស្កាត់ការនាំចូលបន្លែដែលប្រើសារធាតុថ្នាំគីមីពីក្រៅប្រទេស ចៀសវាងការបណ្ដោយឱ្យបន្លែមានប្រើសារធាតុគីមីកាន់តែច្រើន ដែលនាំឱ្យបន្លែរបស់ពួកគាត់ពិបាកប្រកួតប្រជែង។
អ្នកស្រីអំពាវនាវថា ៖ «ចាស់៎! ចង់ស្នើសុំ គឺចង់ឱ្យលោកគ្រូណាៗក៏ដោយឱ្យជួយ។ ជួយថាអីចេះ បន្លែយើងដាំបានហើយ គេអត់មកសួរយើងទេ គឺមានតែយើងទៅសួរគេ»។
មេភូមិអូរឡោក លោក ភា ឆេន អាយុ៧០ឆ្នាំ មានប្រសាសន៍ថា នៅភូមិអូរឡោកនេះ មានប្រជាពលរដ្ឋរស់នៅសរុប៦០គ្រួសារ ក្នុងនោះ១៧គ្រួសារប្រកបរបរដាំដំណាំបន្លែតាមបែបធម្មជាតិ ឬមិនប្រើប្រាស់ថ្នាំ និងជីគីមី នៅលើទំហំដីសរុបចំនួន៦ហិកតា។
លោក ភា ឆេន រៀបរាប់ថា កាលពី១០ឆ្នាំមុន មិនសូវមានគ្រួសារនិយមដាំដំណាំគ្មានសារធាតុគីមីនោះទេ ប៉ុន្ដែ បន្ទាប់ពីមានការគាំទ្រ និងផ្ដល់ការណែនាំបច្ចេកទេសពីមន្ទីរកសិកម្មស្រុក និងខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋកាន់តែច្រើនក៏នាំគ្នាដាំដំណាំបន្លែគ្មានជាតិគីមីនេះ។
លោកមានប្រសាសន៍បន្ដថា៖ «ខ្ញុំគាំទ្រ ព្រោះក្នុងគម្រោងហ្នឹង ពួកមន្ដ្រីកសិកម្មគាត់ចុះមកបង្ហាញបែបបទ ហើយក៏ជួយបានក្រែលដែរ។ ជួយក្នុងមួយគ្រួសារហ្នឹង ប្រាក់១លាន ៩៥ម៉ឺន ហើយជួយទាំងសម្ភា ទាំងទុយោ ស្អីៗហ្នឹង ជួយទាំងអស់»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ មានប្រសាសន៍ថា បច្ចុប្បន្នខាងមន្ត្រីជំនាញ លោកបានបណ្ដុះបណ្ដាល និងចុះតាមដានជាប់លាប់នូវការដាំបន្លែសុវត្ថិភាព ឬបន្លែដែលប្រើជី ថ្នាំធម្មជាតិ ហើយធន់នឹងការប្រែប្រួលអាកាសធាតុ បានចំនួនប្រមាណ៥០០គ្រួសារ ដោយមាននៅស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក និងនៅក្រុងសួង។
លោកបន្តថា ការបណ្ដុះបណ្ដាលនោះ ដូចជា បង្រៀនពលរដ្ឋឱ្យចេះពីបច្ចេកទេសដាំដុះ ជ្រើសរើសពូជ ការផលិតជី និងថ្នាំធម្មជាតិ ការរៀបចំប្រព័ន្ធទឹក ព្រមទាំងវិធានការទប់ទល់កត្តាចង្រៃ ជាដើម។
លោកមានប្រសាសន៍ថា៖ «ជាដំបូង យើងបង្រៀនគាត់ពីបច្ចេកទេសដាំដុះ ចាប់ផ្តើមពីការបណ្ដុះពូជ។ កាបណ្ដុះគ្រាប់ពូជ យើងបង្រៀនគាត់ឱ្យចេះពីការមើលគ្រាប់ពូជ ចេះលាយដីក្នុងការយកមកបណ្ដុះ។ ការរៀបចំរង ហើយនិងការគ្រប់គ្រងកត្តាចង្រៃ។ យើង បណ្ដុះបណ្ដាលគាត់ឱ្យចេះពីការធ្វើជីកំប៉ុសទឹក ជីកំប៉ុសគោក ហើយនិងថ្នាំពុលដែលយើងត្រាំពីរុក្ខជាតិ»។
ប្រធានមន្ទីរកសិកម្មខេត្តរូបនេះ បញ្ជាក់ថា ជំហានបន្តទៀត ខាងលោកនឹងនៅតែបន្តជួយបណ្ដុះបណ្ដាលចំណេះជំនាញ ឬបច្ចេកទេសដល់កសិករបន្ថែមទៀត ព្រមទាំងណែនាំឱ្យពលរដ្ឋចេះធ្វើផែនការដាំដុះ និងចេះចងក្រងគ្នាជាក្រុម ឬជាសហគមន៍ផងដែរ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន សាទរចំពោះការជួយជាបច្ចេកទេស និងធនធានពីសំណាក់រដ្ឋាភិបាលដល់កសិករ ដើម្បីលើកកម្ពស់ការដាំដុះបន្លែបែបសុវត្ថិភាព ប៉ុន្តែ លោកចង់ឱ្យរដ្ឋាភិបាលពង្រីកគោលនយោបាយជួយដល់កសិករឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
បន្ថែមពីនេះ លោកក៏ស្នើឱ្យពលរដ្ឋងាកមកគាំទ្របន្លែ ត្រីសាច់ បែបសុវត្ថិភាព ឬមិនប្រើប្រាស់ថ្នាំ និងជីគីមី ព្រមទាំងបញ្ឈប់ការដាំដុះដោយប្រើសារធាតុគីមីផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងសូមអំពាវនាវដល់រដ្ឋាភិបាល ដល់ប្រជាជនដែលជាអ្នកផលិត និងជាអ្នកដាំ សូមមេត្តាកាត់បន្ថយ ឬបញ្ឈប់ការដាំដុះដោយប្រើថ្នាំគីមី ឬសារធាតុគីមី ព្រោះបន្លែទាំងអស់ហ្នឹង វាធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ហើយខ្ញុំអំពាវនាវដល់អ្នកប្រើប្រាស់ និងអ្នកដែលនិយមទិញបន្លែបង្ការ ត្រី សាច់ នៅក្នុងវិស័យកសិកម្មផងដែរ ថា ចូលរួមពហិការទាំងអស់គ្នា ដោយបញ្ឈប់ការទិញទៅលើបន្លែណាដែលមានប្រើប្រាស់សារធាតុគីមី ថ្នាំគីមី ឬជីគីមី ហើយងាកមកគាំទ្របន្លែដែលដាំដោយគោលការណ៍សុវត្ថិភាព ឬគោលការណ៍ធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាព»។
មន្ត្រីសង្គមស៊ីវិលរូបនេះ មើលឃើញថា ការគាំទ្របន្លែបង្ការបែបសុវត្ថិភាព ឬគ្មានសារជាតិគីមី នឹងជួយបង្កើតការងារដល់កសិករកាន់តែច្រើន ព្រមទាំងដើម្បីធានាសុខុមាលភាពទាំងអ្នកបរិភោគ និងអ្នកដាំដុះទៀតផង៕
———————————————————————————————–
បទយកការណ៍នេះរៀបរៀងដោយពលរដ្ឋអ្នកសារព័ត៌មាននៅខេត្តត្បូងឃ្មុំ កញ្ញា ឈឿន សុឃាង ដោយមានការជួយបង្ហាត់បង្ហាញពីមន្ដ្រីគម្រោង លោក ពេជ្រ ចំរុង និងអ្នករាយការណ៍ព័ត៌មាន VOD លោក សូត សុខប្រាថ្នា។