អ្នកភូមិប្រហែល ៤០នាក់មកពីស្រុកស្នួល ខេត្តក្រចេះ បានឡើងមកតវ៉ានៅរាជធានីភ្នំពេញរយៈពេល ២ថ្ងៃជាប់ៗគ្នា ដើម្បីស្វែងរកដំណោះស្រាយជុំវិញជម្លោះដីធ្លីដែលពួកគេចោទអាជ្ញាធរមូលដ្ឋានថា បានឈូសឆាយដំណាំ និងដុតផ្ទះសម្បែងរបស់ពួកគេ។
ពលរដ្ឋមកពីភូមិជើងឃ្លេរ ស្ថិតក្នុងឃុំ ២ធ្នូ លោក យ៉េន សុខាល័យ ប្រាប់វីអូឌីថា សមត្ថកិច្ចចម្រុះដឹកនាំដោយអភិបាលរងខេត្ត លោក ខាន់ ចំណាន បានយកគ្រឿងចក្រទៅឈូសឆាយដំណាំអស់ជាច្រើនហិកតា និងដុតផ្ទះសម្បែងពលរដ្ឋអស់ចំនួន ១១ខ្នងផងដែរ មួយថ្ងៃក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។
លោក យ៉េន សុខាល័យ ឲ្យដឹងថា ពលរដ្ឋដែលចូលទៅកាន់កាប់ដីកំពុងមានជម្លោះនោះ ៧០ភាគរយជាគ្រួសារកងទ័ព និង៣០ភាគរយជាពលរដ្ឋធម្មតា ហើយថា តំបន់ដីដែលពួកគាត់កាន់កាប់នោះដែរ គឺនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។