សហគមន៍ជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរីបារម្ភពីការបាត់បង់ដីព្រៃអារក្សទំហំជាង៣ហិចតា ដោយសារតែមានគ្រឿងចក្របានចូលទៅឈូសឆាយរំលោភយកដីដូនតារបស់ពួកគេ។
លោក ឡា ឆើប គឺជនជាតិដើមភាគតិចពូនង (ព្នង) រស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អះអាងថា ដីព្រៃអារក្សស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា កំពុងត្រូវបានគេរំលោភយក ដោយមានគ្រឿងចក្រមួយចំនួនចូលទៅឈូសឆាយ និងកាប់ទន្ទ្រាន។
លោក ឡា ឆើប បន្ដថា៖ «សូមឱ្យអាជ្ញាធរជួយទប់ស្កាត់ការពារដីអារក្សរនេះដើម្បីជាប្រយោជន៍ដល់សហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង) ក្នុងការប្រារព្ធពិធីសែនព្រេនតាមបែបប្រពៃណីរបស់ពួកគេ តកូនតចៅទៅមុខទៀត»។
ជនជាតិដើមភាគតិចពូនងម្នាក់ទៀតរស់នៅភូមិពូលូងនេះដែរ អ្នកស្រី ប៉ប់ ចើច និយាយថា បើសិនជាព្រៃអារក្សនៃភ្នំរ៉ាដាងនេះត្រូវបានរំលោភយក នោះពួកគាត់នឹងលែងមានកន្លែងធ្វើពិធីសែនព្រេនតាមបែបប្រពៃណី និងវប្បធម៌របស់ជនជាតិដើមភាគតិចទៀតឡើយ។ អ្នកស្រីថា ថ្មីៗនេះ អ្នកមានអំណាចបានយកគ្រឿងចក្រឈូសឆាយរំលោភដីភ្នំរ៉ាដាងទាំងមូល ដោយមិនឃើញមានការទប់ស្កាត់ពីសំណាក់អាជ្ញាធររដ្ឋនោះទេ។
អ្នកស្រីបន្តថា៖ «ការទន្ទ្រានដីភ្នំរ៉ាដាងនេះហាក់បីដូចជាកាត់ក្បាលសម្លាប់អ្នកភូមិយើងអញ្ចឹង ហើយអារក្សអ្នកតាភ្នំនេះ នឹងមិនសប្បាយចិត្តជាមួយអ្នកភូមិទេ តាំងពីមានការឈូសឆាយដីភ្នំរ៉ាដាងនេះ គឺអ្នកភូមិជួបគ្រោះថ្នាក់ចររាចណ៏ជាបន្តបន្ទាប់»។
បើតាមសម្ដីពលរដ្ឋផ្សេងទៀតរស់នៅក្បែរតំបន់នេះ ការកាប់ទន្ទ្រានដីព្រៃអារក្សនៅចំណុចភ្នំរ៉ាដាង ដែលស្ថិតនៅសង្កាត់រមនា ក្រុងសែនមនោរម្យ ទើបតែបានចាប់ផ្តើមនៅដើមខែកក្កដានេះ នៅលើផ្ទៃដីជាង៣ហិកតា ដែលអ្នកភូមិបារម្ភថា នឹងធ្វើឲ្យបាត់បង់ប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់។
មេភូមិពូលូង លោក ឡុង ប៉ុក និយាយថា លោកមិនបានដឹងថា មានការឈូសឆាយព្រៃម្តុំនោះទេ ដោយសារលោកជាប់រវល់ទៅថែរក្សាភរិយាដែលមានជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកបន្តថា៖ «កន្លងទៅព្រៃអារក្សនេះត្រូវបានអ្នកភូមិសហកាគ្នាលក់ទៅឲ្យឧកញ៉ាម្នាក់ តែខ្ញុំមិនដឹងឈ្មោះនោះទេ ខ្ញុំមិនដឹងដោះស្រាយយ៉ាងម៉េចទេ បើអង្ករក្លាយជាបាយហើយនោះ»។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសុវត្ថិភាពចរាចរណ៍ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា រដ្ឋាភិបាលមានលំបាកក្នុងការដោះស្រាយវិបត្តិដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី ដោយលោកអះអាងថា មានមន្ត្រីធំៗ មួយចំនួនបាននាំគ្នាទៅចាប់ដី និងមានជាប់ពាក់ព័ន្ធបញ្ហាដីធ្លីនៅទីនោះ។
ម្យ៉ាងទៀត លោក ស ខេង បានថ្លែងថា បញ្ហាដែលពិបាកដោះស្រាយជាងនេះទៀតនោះ គឺដោយសារមិនមានប្លង់មេ ឬប្លង់គោលឱ្យបានច្បាស់លាស់ទាក់ទងនឹងវិបត្តិដីធ្លីនេះ។
លោក ស ខេង ថ្លែងក្នុងកិច្ចប្រជុំនោះថា៖ «ឥឡូវនាំគ្នាទៅចាប់ដី កំពុងមានរឿងកំពុងដោះស្រាយ ហើយសុទ្ធតែធំៗ ប៉ុណ្ណាខ្ញុំមិនដឹងទេ តែមន្ត្រីធំៗទៅប្រជែងគ្នាចាប់ដី។ ខ្ញុំជាអ្នករងកម្ម មែនទែនទៅដោះស្រាយរឿងដីហ្នឹង»។
នៅកម្ពុជា មានជនជាតិដើមភាគតិចជាង ២០ក្រុម ដូចជា ពូនង កួយ ទំពួន និងចារាយជាដើម។ ជនជាតិភាគតិចទាំនោះមានប្រមាណតែជាង ១ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប ១៦លាននាក់។ ជនជាតិដើមភាគតិចច្រើនរស់នៅតំបន់ព្រៃភ្នំ ក្នុងខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តសៀមរាប៕
—————————————–
ដោយក្រុមពលរដ្ឋសារព័ត៌មានខេត្តមណ្ឌលគីរី