បណ្ដុំអង្គការសង្គមស៊ីវិល និងសមគមចំនួន៣៦ស្ថាប័នដែលធ្វើការផ្នែកលើកកម្ពស់សិទ្ធិស្ត្រីនិងយែនឌ័រនៅកម្ពុជាទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈដែលរំលោភបំពានដល់សិទ្ធិស្ត្រី និងបន្ទោសទៅលើជនរងគ្រោះនៃអំពើហិង្សា។
ក្នុងសេចក្តីថ្លែងការណ៍ អង្គការសង្គមស៊ីវិល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងសមគមចំនួន៣៦ស្ថាប័នយល់ថាសេចក្តីព្រាងច្បាប់នេះគឺជាការដាក់ទណ្ឌកម្មដល់ស្ត្រីចំពោះការស្លៀកពាក់ និងអាកប្បកិរិយា ដែលថា ខុនឹងក្រឹត្យក្រមសង្គម ប្រពៃណីខ្មែរ ដែលមានលក្ខណៈរើសអើងលើការស្លៀកពាក់ និងការប្រព្រឹត្តរបស់ស្ត្រី ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលលើកឡើងដែរថា សេចក្តីព្រាងច្បាប់នេះអាចធ្វើឲ្យស្ត្រីបាត់បង់លទ្ធភាពទទួលបានសិទ្ធិរបស់ខ្លួនដូចជា សិទ្ធិសេរីភាពក្នុងការសម្តែងមតិ សិទ្ធិក្នុងការជ្រើសរើសសម្លៀកបំពាក់ផ្ទាល់ខ្លួន (ដែលចោទប្រកាន់ថា ការស្លៀកពាក់បញ្ចេញសាច់ មានផលប៉ះពាល់វិជ្ជះមានដល់ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់ជាតិ)។
នាយកប្រតិបត្តិអង្គការក្លាហាន កញ្ញា បុណ្យ រចនា បានឲ្យដឹងថា សេចក្តីថ្លែងការនេះមិនមែនផ្តោតទៅលើតែការស្លៀកពាក់របស់នារីតែម្យ៉ាងទេ គឺចង់និយាយជារួមដែលនាំឲ្យប៉ះពាល់ និងមានហានិភ័យខ្ពស់ជាពិសេសគឺស្ត្រី រាប់ទាំងសកម្មភាពក្នុងគ្រួសារ សកម្មភាពផ្នែកសង្គម សកម្មភាពផ្នែកសេដ្ឋកិច្ច ក្នុងនោះស្ត្រីភាគច្រើនជាអ្នកបំពេញកិច្ចការអស់ទាំងហ្នឹង ។
កញ្ញាបន្តទៀតថា អ្នកធ្វើពលកម្មនៅវិស័យក្រៅប្រព័ន្ធភាគច្រើនគឺស្ត្រីជាអ្នកបង្កើត ដូចជាស្ត្រីរកស៊ីផ្លូវភេទ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ឬអ្នករុញរទេះលក់តាមដងផ្លូវតែងរងនូវការរិតត្បិត ផាកពិន័យ ធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូលយកទៅផ្គត់ផ្គង់គ្រួសារ។
កញ្ញា បុណ្យ រចនា មានប្រសាសន៍បន្តថា៖ «ខ្ញុំចង់ជួបពិភាគ្សាគ្នាជាមួយរដ្ឋាភិបាលដើម្បីជួយផ្តល់យោបល់ក៏ដូចជាជួយបំពេញបន្ថែមរាល់ចំណុចខ្វះចន្លោះ ការឆ្លើយឆ្លងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយនាំឲ្យការឆ្លើយតបមកវិញតាមបែបអត់យល់ចិត្តគ្នា។ ការស្លៀកពាក់របស់ស្ត្រីជាសិទ្ធិរបស់ស្ត្រី គេមានលុយទិញអីស្លៀកស្លៀកទៅ មិនគួយកមកលើកនៅពេលនេះទេ ព្រោះការរិតត្បិតលើការស្លៀកពាក់នេះមានចែងនៅក្នុងក្រមព្រហ្មទណ្ឌហើយ»។
បន្ថែមលើសេចក្តីថ្លែងការនេះ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ អង្គការសង្គមស៊ីវិល សមាគមចំនួន៧៩ខាងលើ បានលើកឡើងពីក្តីបារម្ភជាក់លាក់ដែលទាក់ទងទៅនឹងយេនឌ័រ លើសេចក្តីព្រាងច្បាប់នេះដែលមានផលប៉ះពាល់ដល់ស្ត្រី ដូចជាមាត្រា១,មាត្រា៩, មាត្រា១១,មាត្រា១៦,មាត្រា២០,មាត្រា២៥,មាត្រា២៩,មាត្រា៣៦,មាត្រា៣៧ នៃសេចក្តីព្រាងច្បាប់នេះ។
សេចក្តីថ្លែងការណ៍នេះក៏អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះទាំងស្រុង និងជាបន្ទាន់ដើម្បីកុំឲ្យមានការរើសអើងយេនឌ័រ ការរើសអើងក្នុងប្រព័ន្ធអប់រំ ការចូលរួមផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ តាមរយៈកំណែទម្រង់ច្បាប់ និងផ្លាស់ប្តូគោលនយោបាយ៕
———————————————
ដោយពលរដ្ឋសារព័ត៌មាន លោក នូ រ៉េន