កសិករម្នាក់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចាប់យកមុខរបរចិញ្ចឹមមាន់តាមបែបបច្ចេកទេសទេសវិញ បន្ទាប់រូបគាត់លែងចំណាកស្រុកទៅធ្វើពលករនៅប្រទេសថៃ នៅអំឡុងផ្ទុះជំងឺកូវីដ-១៩។
លោក ថេត ប៊ុនធាម ដែលធ្លាប់ចំណាកស្រុកទៅធ្វើពលករនៅប្រទេសថៃ បានប្រាប់ពលរដ្ឋសារព័ត៌មានថា ការសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមមាន់បែបបច្ចេកទេសនេះ គឺដោយសារការធ្វើចំណាកស្រុកមានផលលំបាកច្រើន ដូចជា រកលុយមិនសល់នៅពេលគាត់ត្រឡប់មកផ្ទះ ហើយពេលត្រឡប់ទៅប្រទេសថៃវិញត្រូវបាត់បង់ការងារ នៅអំឡុងកើតជំងឺកូវីដ-១៩។
លោក ថេត ប៊ុនធាម រៀបរាប់បន្ដថា៖ «ខ្ញុំបានរៀនជំនាញចិញ្ចឹមមាន់តាមយូធូប ព្រោះការចិញ្ចឹមមាន់អាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរជាងមុន»។
លោក ថេត ប៊ុនធាម បន្តថា ការចិញ្ចឹមមាន់ធ្វើឲ្យគាត់ទទួលបានផលឆាប់រហ័ស និងងាយស្រួលរកទីផ្សារនៅក្នុងស្រុក។
លោក ប៊ុនធាម អះអាងថា លោកធ្លាប់បានធ្វើចំណាកស្រុកទៅប្រទេសថៃអស់រយៈពេល៥ឆ្នាំ ដោយត្រូវរស់នៅឆ្ងាយពីគ្រួសារ និងមិនមានសល់លុយកាក់អ្វីនោះទេ ហើយតាំងពីចាប់អាជីពចិញ្ចឹមមាន់បែបបច្ចេកទេសមក បច្ចុប្បន្ននេះលោកអាចរកប្រាក់ចំណូលបានច្រើនជាងមុន និងមិនជួបបញ្ហាប្រឈមដូចនៅប្រទេសថៃឡើយ។
ក្នុងកិច្ចប្រជុំមួយរវាងស្ថាប័នពាក់ព័ន្ធ និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្តីពីកម្មវិធីរួមគ្នាដើម្បីគាំទ្រជនទេសន្តប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតនិងផលប៉ះពាល់នៃជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានលើកឡើងថា រយៈពេលជាង៣ខែអំឡុងវិបត្តិកូវីដ១៩ មានពលករមកពីក្រៅប្រទេសចំនួនជាង ១០ម៉ឺននាក់ បានវិលត្រឡប់ចូលមកកម្ពុជាវិញ ហើយឥឡូវនេះពួកគាត់កំពុងប្រឈមនឹងបញ្ហាជីវភាព ដោយសេដ្ឋកិច្ចធ្លាក់ចុះ និងមិនមានការងារធ្វើ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ការចាប់យកមុខរបរនៅក្នុងស្រុកជំនួសការធ្វើចំណាកស្រុកគឺជារឿងល្អ ពិសេសនៅអំឡុងកើតជំងឺកូវីដ-១៩ បែបនេះ។ ប៉ុន្ដែ លោកថា រដ្ឋាភិបាលក៏ត្រូវមានវិធានការទាន់ពេលវេលា ក្នុងការបង្កើតការងារ និងជួយដល់ពលរដ្ឋរងគ្រោះ។
លោក ថេង សាវឿន និយាយថា៖ «មួយវិញទៀត សង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធ គប្បីចូលរួមដោះស្រាយបញ្ហាចំណាកស្រុក ពិសេសចំណាកស្រុកដោយខុសច្បាប់ តាមរយៈបង្កើតការងារក្នុងស្រុកឱ្យបានច្រើន។ ម្យ៉ាង ត្រូវណែនាំដល់កសិករអំពីបច្ចេកទេសដាំដំណាំកសិកម្មផ្សេងៗ បន្ថែមទៀត»។
បើតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៨ ពលករខ្មែរទៅធ្វើការនៅប្រទេសថៃ មានប្រមាណ ១លាន ១សែននាក់ ប៉ុន្ដែក្រសួងមិនបានបញ្ជាក់ពីចំនួនពលករធ្វើការខុសច្បាប់នោះទេ។
ប៉ុន្តែ បើតាមនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា CANTRALលោក មឿន តុលា ធ្លាប់អះអាងថា ពលករខ្មែរដែលធ្វើការខុសច្បាប់នៅប្រទេសថៃ មានប្រមាណ ២០ម៉ឺននាក់៕
—————————————————
ដោយក្រុមពលរដ្ឋសារព័ត៌មានខេត្តត្បូងឃ្មុំ