កសិករមួយរូបនៅស្រុកស្រែអំបិល ខេត្តកោះកុងអះអាងថា គាត់អាចរកប្រាក់ចំណូលច្រើនគួរសមពីការចិញ្ចឹមមាន់តាមបែបបច្ចេកទេស ចន្លោះពី ៦លាន ទៅ ៨លានរៀលក្នុងមួយឆ្នាំ ដែលធ្វើឱ្យគ្រួសារគាត់មានជីវភាពធូរធារជាងមុន។
អ្នកស្រី វឿន ធា រស់នៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល បានប្រកបមុខរបរចិញ្ចឹមមាន់ចំនួន២ឆ្នាំមកហើយ ដោយសព្វថ្ងៃគាត់មានមេមាន់កើនដល់ចំនួន ២០ក្បាល មាន់ឈ្មោលចំនួន ៥ក្បាល កូនមាន់ ៣០០ក្បាលនិងមាន់សាច់ចំនួន២៥០ក្បាល នៅលើផ្ទៃដីទំហំ៥អា និងសាងសង់ទ្រុងតាមបែបបច្ចេកទេសដោយបែងចែកដាច់ដោយឡែកពីគ្នា។
អ្នកស្រីរៀបរាប់ថា គាត់បានចំណាយពេលវេលាមើលថែទាំមាន់សាច់ ចន្លោះពី ៤ទៅ៦ខែ ទើបបានបញ្ចេញទៅលក់ ដោយក្នុងមួយឆ្នាំ គាត់អាចលក់មាន់បាន ២ទៅ៣ដង ដែលមាន់មួយគីឡូ តម្លៃ ២ម៉ឺនរៀល ទៅ២ម៉ឺន៥ពាន់រៀល។
អ្នកស្រីបន្ថែមថា គាត់អាចរកចំណូលកើនឡើងរហូត៦លាន ទៅ៨លានរៀលក្នុងមួយឆ្នាំ នេះបើធៀបនឹងឆ្នាំ២០១៧ ដែលប្រាក់ចំណូលបានត្រឹមតែ ៣លានទៅ៤លានរៀលប៉ុណ្ណោះ។
អ្នកស្រីបន្ដថា៖ «ខ្ញុំអាចរកប្រាក់ចំណូលបន្ថែមពីការលក់ពងមាន់ ក្នុង១គ្រប់តម្លៃ ១២០០៛ និងកូនមាន់១ក្បាលថ្លៃ៥០០០៛ នេះនៅមិនគិតពីការហូបចុកនិងចែកឱ្យអ្នកជិតខាងខ្លះផង»។
ស្រ្ដីវ័យ ៣៦ឆ្នាំរូបនេះបន្ដថា មុខរបរមួយនេះបានជួយផ្គត់ផ្គង់ជីវភាពគ្រួសារគាត់បានមួយផ្នែកធំ និងជួយរាល់ការចំណាយផ្សេងៗ ជាពិសេសចំណាយលើកការរៀនសូត្រកូនៗរបស់ពួកគាត់។ មិនតែប៉ុណ្ណោះ គាត់បានរៀបចំផែនការប្រាក់ចំណូលនិងចំណាយច្បាស់លាស់សម្រាប់គ្រួសារ ព្រមទាំងមានគម្រោងពង្រីងការចញ្ចឹមមាន់តាមបែបបច្ចេកទេសនេះកាន់តែធំជាងមុននៅឆ្នាំក្រោយទៀតផង។
អ្នកស្រី វឿន ធា ក៏លើកទឹកចិត្តដល់ពលរដ្ឋផ្សេងទៀតគួរឆ្លៀតពេលទំនេរបង្កើតមុខរបរចិញ្ចឹមមាន់ និងដាំបន្លែ ព្រោះថា វាអាចជួយផ្គត់ផ្គង់និងសម្រួលគ្រួសារបន្ថែម គួបផ្សំពីមុខរបរប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ អ្នកស្រីក៏ជំរុញឱ្យកសិករសិក្សាបន្ថែមទៀតពីការចិញ្ចឹមតាមបែបបច្ចេកទេស ការរក្សាអនាម័យជាប្រចាំ និងផ្តល់ចំណីដល់សត្វមាន់។
ក្រៅពីនេះ លោកស្រី វឿនធា ក៏សំណូមពរទៅមន្ទីរកសិកម្មខេត្ត ជួយផ្តល់វាក់សាំង និងផ្សព្វផ្សាយរកទីផ្សារដល់កសិករ ដោយថា កសិករខ្លះនៅតែជួបបញ្ហាទីផ្សារ និងបច្ចេកទេសចិញ្ចឹម។
ជំទប់ទី១ ឃុំជីខក្រោម លោក ហេង ឈីវ មានប្រសាសន៍ថា ក្នុងឃុំរបស់លោកមិនមានពលរដ្ឋច្រើនទេដែលចិញ្ចឹមមាន់តាមបច្ចេកទេស។
លោកថា ក្នុងចំណោមប្រជាពលរដ្ឋជាង ៨០០គ្រួសារ ក្នុងនោះ ប្រមាណជា ៩០ភាគរយ ដែលចាប់យកមុខរបរចិញ្ចឹមមាន់ ពិតជាជួបបញ្ហាខ្វះវាក់សាំងចាក់ និងចំណេះដឹងចិញ្ចឹមតាមបែបបច្ចេកទេសនៅមានកម្រិត។
លោក ហេង ឈីវ បន្ដថា៖ «ខ្ញុំមិនមានវាក់សាំងទេ ទាល់តែមន្រ្តីជំនាញទើបមានហើយប្រជាពលរដ្ឋបានចូលរៀនជំនាញប្រើវ៉ាក់សាំង ទើបអាចយកមកប្រើបាន។ តែកង្វះវាក់សាំង និងទីផ្សារ ប្រជាពលរដ្ឋត្រូវធ្វើរបាយការណ៏ចំនួនមាន់ច្បាស់លាស់មកអាជ្ញាធរ ដើម្បីរៀបចំសំណើទៅអ្នកពាក់ព័ន្ធ និងការិយាល័យកសិកម្មជួយសម្រួលទីផ្សារ និងបញ្ហាជូនពួកគាត់»។
ប្រធានការិយាល័យកសិកម្មស្រុកស្រែអំបិល លោក លាស់ ប៉ូលីវណ្ណ មានប្រសាសន៏ថា បញ្ហាទីផ្សារលក់ផលិតផលមាន់ គឺមិនសូវជួបបញ្ហារាំងស្ទះនោះទេ។ ប៉ុន្ដែ លោកជំរុញដល់ពលរដ្ឋដទៃទៀតគួររៀនពីវិធីសាស្ដ្រចិញ្ចឹមមាន់តាមបែបបច្ចេកទេស ដើម្បីទទួលបានផលខ្ពស់ និងកុំឱ្យមានឈឺងាប់ច្រើន។
អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិនាពិសី លោក អុល ព្រីង មានប្រសាសន៍ថា លោកនឹងខិតខំផ្សព្វផ្សាយដល់អង្គការសង្គមស៊ីវិល និងមន្ទីរកសិកម្មរខេត្ត ដើម្បីជួយរកទីផ្សារ និងរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ដើម្បីពង្រឹងសមត្ថភាពកសិករឱ្យចេះចិញ្ចឹមមាន់តាមបែបបច្ចេកទេស និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន៕
——————————————————
ដោយក្រុមពលរដ្ឋសារព័ត៌មានខេត្តកោះកុង