ប្រជាពលរដ្ឋនៅភូមិមួយក្នុងខេត្តក្រចេះ អំពាវនាវទៅអាជ្ញាធរជួយអន្តរាគមន៍រកស្វាមីដែលបង្កហិង្សាលើភរិយាបណ្តាលឲ្យរបួសក្បាល បន្ទាប់ពីជនបង្ករត់គេចខ្លួនបាត់។
អ្នកស្រី ចាន់ រ៉ា ដែលអះអាងថា ជាអ្នកភូមិច្រណោល ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ បានរៀបរាប់ថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ស្វាមី និងភរិយាទាំងពីរនាក់នោះ បាននាំគ្នាទៅស្រែរកអារឈើធ្វើកូនក្រឡឹង ក្រោយមក ត្រឡប់មកវិញ ឆ្កែលួចស៊ីត្រីដែលទុកនៅផ្ទះអស់ ធ្វើឲ្យស្វាមីខឹងជេរដៀលប្រពន្ធពីកន្លែងវាលស្រែរហូតដល់ភូមិ ព្រមទាំងទាញដបទឹកសុទ្ធដែលកករឹង គប់ចំក្បាលប្រពន្ធ បណ្តាលឲ្យពកធំពីរកន្លែង ធ្វើឲ្យនាងវិលមុខភ្លាមៗ។ ករណីនេះ អ្នកស្រី រ៉ា បានចូលទៅឃាត់ និងស្នើទៅអាជ្ញាធរជួយអន្តរាគមន៍ ហៅអ្នកបង្កហេតុមកអប់រំផងដែរ ប៉ុន្តែជនបង្ករត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុភ្លាមៗ មេភូមិច្រណោល លោក វ ទ្រ អះអាងថា នឹងហៅអ្នកបង្កហិង្សា ដើម្បីសួរ និងណែនាំជុំវិញករណីនេះ កុំឲ្យមានអំពើហិង្សាកើតឡើងក្នុងគ្រួសារបន្តទៀត៕