អតីតចៅសង្កាត់អូចាររបស់គណបក្សប្រឆាំង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ត្រូវតុលាការខេត្តបាត់ដំបងកោះហៅឲ្យចូលបំភ្លឺនៅខែក្រោយនេះ សង្ស័យថា បំពានលើសាលដីកាតុលាការកំពូល ដែលហាមសិទ្ធិធ្វើនយោបាយ។
តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិ និងហាមមន្ត្រីបក្សនេះ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ។
តាមដីកាកោះ ចុះថ្ងៃទី២៤ ខែមេសានេះ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក គី ប៉ុណ្ណារ៉ា បង្គាប់ឲ្យកញ្ញា រ៉ូហ្សិត បង្ហាញខ្លួននៅតុលាការ នៅព្រឹកថ្ងៃទី៩ ខែឧសភា។
តំណាងអយ្យការបញ្ជាក់ក្នុងដីកានោះថា ការកោះហៅនេះ ដើម្បីសាកសួរពីដំណើររឿង «ប្រឆាំងនឹងសាលដីកាតុលាការកំពូលចុះថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧»។
ទោះជាយ៉ាងណា ដីកាកោះនោះ មិនបានបញ្ជាក់ថា កញ្ញា អតីតចៅសង្កាត់របស់បក្សប្រឆាំងរូបនេះធ្វើសកម្មភាពបែបណា ឬនៅកន្លែងណានោះទេ។ VOD មិនទាន់អាចទាក់ទង អតីតចៅសង្កាត់អូចារ មកពីបក្សប្រឆាំងនេះបាននៅឡើយទេ ។
ប៉ុន្តែ ស្រ្តីរូបនេះ បានសរសេរលើហ្វេសប៊ុក របស់ខ្លួនថា ចាប់ពីថ្ងៃដែលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក គាត់ថា មិនដែលធ្វើសកម្មភាពនយោបាយណាមួយទេ ហើយថា គាត់ក៏គ្មានឈ្មោះក្នុងបញ្ជី១១៨នាក់ ដែលសាលដីការតុលាការកំពូលហាមធ្វើនយោបាយដែរ។
កញ្ញា រ៉ូហ្សេត សរសេរថា៖ « ខ្ញុំមិនត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ តែក៏មិនធ្វើនយោបាយអីដែរ ព្រោះគណបក្សមិនទាន់មកវិញ ដូចដែលធ្លាប់ប្រកាស។ ខ្ញុំមិនដែលជួបជុំពលរដ្ឋថ្លែងសារនយោបាយម្តងណាឡើយចាប់តាំងពីគណបក្សត្រូវរំលាយ»។