សហគមន៍ជនជាតិដើមភាគតិចមកពីខេត្ដចំនួន៤ ក្នុងប្រទេសកម្ពុជា បានចូលរួមវគ្គបណ្ដុះបណ្ដាលមួយស្ដីពីជំនាញពលរដ្ឋសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរឿងរ៉ាវ ដែលកើតឡើងពីសហគមន៍របស់ពួកគេ។
យុវជន និងយវនារី ១២នាក់ ដែលជាសហគមន៍ជនជាតិដើមភាគតិចពីខេត្ដចំនួន៤ ក្នុងប្រទេសកម្ពុជាបានចូលរួមវគ្គបណ្ដុះបណ្ដាលមានរយៈពេល ៣ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយសិក្សាទៅជំនាញមូលដ្ឋានគ្រឹះសារព័ត៌មាន ជំនាញថតរូប ក្រមសីលធម៌អ្នកសារព័ត៌មាន សុវត្ថិភាពតាមប្រព័ន្ធឌីចីថល និងកម្មវិធីរាយការណ៍ព័ត៌មាន Citizen News Wire។
តំណាងប្រធានយុវជនជនជាតិដើមភាគតិចគួយ នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ លោក លឹម សុរ៉ុណ លើកឡើងក្រោយវគ្គបណ្ដុះបណ្ដាលថា វគ្គបណ្ដុះបណ្ដាលនេះផ្ដល់ចំណេះដឹងថ្មីទាក់ទងនឹងវិស័យព័ត៌មានដល់សហគមន៍ជនជាតិដើមភាគតិច ដែលពួកគាត់កំពុងជួបបញ្ហាប្រឈមនៅក្នុងសហគមន៍ ដូចជា ជម្លោះដីធ្លី បញ្ហាបរិស្ថាន ព្រៃឈើ និងការបាត់បង់តម្លៃវប្បធម៌ ប្រពៃណីរបស់ពួកគេជាដើម។
លោក លឹម សុរ៉ុណ អះអាងទៀតថា នេះជាលើកដំបូងដែលក្រុមយុវជនរៀនបានសូត្រជំនាញនេះ ហើយលោកក៏ចង់ឲ្យសហគមន៍ជនជាតិដើមផ្សេងទៀតបានសិក្សាវគ្គនេះផងដែរ។
បើតាមប្រភពដដែល សហគមន៍ដែលឡើងមកសិក្សាវគ្គបណ្ដុះបណ្ដាលដំបូងនេះ រួមមាន បន្ទាយមានជ័យ ក្រចេះ ខេត្តរតនគីរី និងខេត្តមណ្ឌលគីរិ៕
—————————————————–
អត្ថបទដោយសហគមន៍ជនជាតិដើមភាគតិច
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។