លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ចិនបានប្រកាសគាំទ្រកម្ពុជាជាថ្មីម្ដងទៀតក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ជាពិសេសជួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហភាពអឺរ៉ុប។
គេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃនេះ ឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយលោក វ៉ាន់ ហូនីង ដែលជាសមាជិកគណៈអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ និងជាលេខាធិការ នៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន ខណៈមេដឹកនាំកម្ពុជាស្ថិតក្នុងដំណើរទស្សនកិច្ចចូលរួមវេទិកា «ខ្សែក្រវ៉ាត់ និងផ្លូវ» នាទីក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា។
បើតាមគេហទំព័រហ្វេសប៊ុកផ្លូវការ ក្នុងជំនួបកាលពីថ្ងៃម្សិលមិញ លោក វ៉ាន់ ហូនីង បានថ្លែងប្រាប់លោក ហ៊ុន សែន ថា រដ្ឋាភិបាលចិននឹងធានាជួយដោះស្រាយបញ្ហានានាដែលកម្ពុជាកំពុងជួបប្រទះ រួមទាំងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបកំពុងព្រមានដកពីកម្ពុជា ជុំវិញបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ។
លោក វ៉ាន់ ហូនីង បន្ដថា ភាគីចិនក៏បានសិក្សាពីផលប៉ះពាល់នៃការដកប្រព័ន្ធ EBA របស់សហភាពផងដែរ ប៉ុន្ដែលោកអះអាងថា ការឈានទៅដកប្រព័ន្ធ EBA នេះ មិនប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះទេ។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គូសបញ្ជាក់ថា៖ «ភាគីចិនបានសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីប្រទេសកម្ពុជា តែមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗ ជួយដល់កម្ពុជា»។
បើតាមប្រភពដដែល ក្នុងជំនួបនេះ លោក ហ៊ុន សែន ក៏បានស្នើឲ្យភាគីចិនពង្រីកទីផ្សារបន្ថែមទៀត ដើម្បីឱ្យផលិតផលកសិកម្មរបស់កម្ពុជា អាចនាំចេញទៅប្រទេសចិន កាន់តែច្រើនថែមទៀត។
សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងមក បានប្រកាសអំពីការចាប់ផ្ដើមនីតិវិធីដែលឈានទៅព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា បន្ទាប់ពីមើលឃើញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងរយៈពេល ១៨ខែចុងក្រោយមកនេះ។
ចំណែកធនាគារពិភពលោកក៏បានចេញផ្សាយរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសាថ្មីៗនេះថា នៅឆ្នាំ២០១៩ និងឆ្នាំបន្ទាប់ សេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងមានការថយចុះបន្ដិច ដោយសារតែភាពមិនច្បាស់លាស់នៃបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហភាពអឺរ៉ុប និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់ចិន៕