ពលរដ្ឋមានជម្លោះដីធ្លីចំនួន៥ភូមិ នៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ចោទទាហានមួយក្រុមមកពីវីរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ៤២ ថា បានគំរាមកំហែង និងហាមឃាត់មិន
ឲ្យធ្វើស្រែចម្ការលើដីធ្លីរបស់ពួកគាត់។
ពលរដ្ឋមានជម្លោះដីធ្លី និងជាជនជាតិដើមភាគតិចគួយ អ្នកស្រី កាន់ នី អះអាងថា រូបគាត់ និងអ្នកភូមិផ្សេងទៀតត្រូវបានក្រុមទាហានវីរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ៤២ រករឿង និងហាមឃាត់ពួកគាត់មិនចូលទៅភ្ជួររាស់ និងធ្វើស្រែលើដីរបស់ពួកគាត់ ដែលមានទំហំ៥ហិកតា ស្ថិតនៅភូមិគោកតាគ្លាំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
អ្នកស្រី កាន់ នី បន្ដថា ក្រុមទាហានទាំងនោះបានពាក្យសម្ដីគំរាមកំហែង ប្រើកាំបិត និងហិង្សាគំរាមសម្លាប់ពួកគាត់ក៏មាន ដោយអះអាងថា ដីទាំងនោះជាកម្មសិទ្ធិរបស់ពួកគេ ប៉ុន្ដែ មិនបានបង្ហាញឯកសារបញ្ជាក់កម្មសិទ្ធិឡើយ។ ប៉ុន្ដែអ្នកស្រីថា អ្នកភូមិបានចូលទៅកាន់កាប់ និងធ្វើស្រែចម្ការតាំងពីយូរយារណាស់មកហើយ។
អ្នកស្រី កាន់ នី បន្ដថា៖ «ប្រើហិង្សា តើម្នាក់នោះជិះម៉ូតូទៅដល់ដីនោះ គំរាមខ្ញុំ លីកាំបិតទៅ សំឡុតឲ្យទៅជួបមេភូមិ មកតាមខ្ញុំ៣ដង សួរថា កាលណាបានទៅៗ […] អាអ្នកទៅហាមខ្ញុំហ្នឹងវាធ្វើដីដំឡូងចង់យកមកជាប់ដីខ្ញុំទៀត វាថាដីវា»។
អ្នកស្រី កាន់ នី ក៏ស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយដីធ្លីជាមួយនឹងទាហាននេះ ដោយថា រូបគាត់មិនអាចប្រកបការងារលើដីស្រែរបស់ពួកគាត់ និងខ្វះខាតប្រាក់បង់សងទៅធនាគារវិញ។
តំណាងពលរដ្ឋមានជម្លោះដីធ្លី លោក ឡា ខាន់ អះអាងថា ពលរដ្ឋបានចូលទៅកាន់កាប់ដីនៅតំបន់នោះតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ និងនៅឆ្នាំ២០១២ ក៏មានការបង្កើតភូមិមួយឈ្មោះ «សំរោងសែនជ័យ១» នៅចំណុចខាងលិចអូរ គោកតាគ្លាំ ដែលបែកចែកឲ្យក្រុមទាហាន ទើបធ្វើឲ្យវិវាទកើតឡើងដូច្នេះ។
លោក ឡា ខាន់ រៀបរាប់ទៀតថា ក្រុមតំណាងពលរដ្ឋមានជម្លោះដីធ្លីបានយកបញ្ហានេះដាក់ជូនថ្នាក់ខេត្ត ដើម្បីជួយដោះស្រាយ ប៉ុន្ដែ លោកថា មកទល់ពេលនេះ មិនឃើញមានដំណោះស្រាយសមស្របណាមួយឡើយ។
លោក ឡា ខាន់ បន្ដថា៖ «ខ្ញុំទៅខេត្តប៉ុន្មានថ្ងៃនេះ ដូចមិនឃើញមានអីស្ងាត់តែម្ដង គឺមិនមានលទ្ធផលអីមកទេ។ ឲ្យតែពលរដ្ឋទៅដីនោះ ក៏គេឃាត់ ទៅក៏គេឃាត់»។
បើតាមតំណាងពលរដ្ឋមានជម្លោះដីធ្លីរូបនេះ ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយនឹងក្រុមទាហានវីរសេនាតូចលេខ៤២១ មានចំនួន៥ភូមិ ឬស្មើនឹង៧៥គ្រួសារ៕
—————————————————
ពលរដ្ឋសារព័ត៌មានខេត្តឧត្តរមានជ័យ អ្នកស្រី ឡុញ ម៉ាលិស