ពលរដ្ឋរស់នៅក្នុងសង្កាត់ចំការសំរោង និងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដែលរស់នៅជិតកន្លែងចាក់សំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ស្នើឲ្យក្រុមហ៊ុនមួយនេះកាត់បន្ថយបញ្ហាក្លិន ផ្សែង និងរុយ ដែលភាយចេញពីកន្លែងចាក់សំរាម។
ពលរដ្ឋម្នាក់រស់នៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង លោក ហ៊ុន វិសាល វ័យ ៥០ឆ្នាំ បានឲ្យដឹងថា ក្លិនស្អុយ និងផ្សែងពុល ដែលកើតចេញពីគំនរសំរាមរបស់ក្រុមហ៊ុនទ្រី ស្ថិតនៅជាប់សង្កាត់ចម្ការសំរោង និងសង្កាត់ក្ដុលដូនទាវ បានបង្កផលប៉ះពាល់ដល់សុខភាពកូនៗ និងចៅតូចៗរបស់គាត់។
លោកបន្តថា៖ «កូនៗតែងតែឈឺមិនដែលលោះពេល ដែលត្រូវចំណាយលុយព្យាបាលច្រើនប៉ះពាល់ដល់ជីវភាពគ្រួសារ»។
ចំណែកពលរដ្ឋម្នាក់ទៀត ដែលរស់នៅជិតកន្លែងចាក់សំរាមនេះផងដែរ អ្នកស្រី រ៉ៃ ចាន់រ៉េត អាយុ ៣៤ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីក៏រងប៉ះពាល់ដល់សុខភាពរបស់គាត់ ដូចជា ឧស្សាហ៍ឈឺបំពង់ក និងពិបាកដកដង្ហើម។
ម្យ៉ាងទៀត អ្នកស្រីមិនហ៊ានឲ្យកូនរបស់គាត់នៅជាមួយទេ ដោយគាត់បានសម្រេចចិត្តយកកូន ទៅរស់នៅជាមួយម្តាយនៅកន្លែងផ្សេង។
អ្នកស្រីបន្តថា៖ «ខ្ញុំមនុស្សចាស់នៅឈឺបំពង់កដោយសារតែស្រូបក្លិនស្អុយ និងផ្សែងដែលគេដុតចេញពីគំនរសំរាមជារៀងរាល់ថ្ងៃ ចុះទម្រាំក្មេងប៉ះពាល់ប៉ុណ្ណា អញ្ចឹងខ្ញុំមិនឲ្យកូនតូចនៅជាមួយទេ» ។
ចៅសង្កាត់រង សង្កាត់ចំការសំរោង១ លោក ទួន វណ្ណា មានប្រសាសន៍ថា បញ្ហាដុតសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីពិតជាបានបង្កផលប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរនោះមែន។ ប៉ុន្ដែ លោកថា អាជ្ញាធរថ្នាក់ខេត្តបានគិតគូ និងគ្រោងផ្លាស់ប្ដូរទីតាំងចាក់សំរាមទៅតំបន់ផ្សេងនាពេលខាងមុខ ដែលស្ថិតឃុំតាគ្រាម ស្រុកបាណន់ ដើម្បីដោះស្រាយបញ្ហានេះជូនពលរដ្ឋ។
លោកបន្តថា៖ «ខេត្តគ្រោងនឹងប្តូរទីតាំងចាក់សំរាមទៅឃុំតាគ្រាម ស្រុកបាណន់ តែមិនទាន់ដឹងថាពេលណាឲ្យពិតប្រាកដទេ»។
បើតាមមេភូមិចំការសំរោង១ លោក ទួន វណ្ណា មានប្រជាពលរដ្ឋចំនួន៤៥០គ្រួសារ កំពុងរស់នៅជុំវិញគំនរសំរាមនេះ និងកំពុងទទួលរងផលប៉ះពាល់ពីក្លិនស្អុយ ផ្សែង និងរុយ ដែលកើតចេញពីគំនរសំរាម៕
——————————————
ដោយពលរដ្ឋសារព័ត៌មានខេត្តបាត់ដំបង