ប្រជាពលរដ្ឋមួយចំនួននៅស្រុកបាទី ខេត្តតាកែវ បានបោះបង់ការចិញ្ចឹមសត្វជ្រូកឡើងវិញ ក្រោយពីជម្ងឺប៉េស្ដ្រជ្រូកអាហ្វ្រិចបានសម្លាប់សត្វជ្រូករបស់ពួកគាត់អស់ ដោយបារម្ភថា ជម្ងឺនេះនឹងបន្តឆ្លងដល់សត្វជ្រូកសារជាថ្មី។
ពលរដ្ឋម្នាក់រស់នៅភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ អ្នកស្រី មាន់ ចាន់រ៉ន អាយុ ៤០ឆ្នាំ បានលើកឡើងថា អ្នកស្រីឈប់ចិញ្ចឹមជ្រូកដោយសារតែបារម្ភថា ជម្ងឺប៉េស្ដ្រជ្រូកអាហ្វ្រិចនឹងសម្លាប់សត្វជ្រូករបស់គាត់ទៀត បើសិនជាគាត់ហ៊ានចិញ្ចឹមលើកក្រោយ។
អ្នកស្រីបន្តថា៖ «ខ្ញុំផ្អាកចិញ្ចឹមជ្រូកសិន ព្រោះខ្លាចខាតលុយកាក់ទៀត ខ្ញុំប្តូរមកលក់តែជ្រក់មួយរយៈ ហើយបើជម្ងឺជ្រូកនេះលែងកើតទៀត ខ្ញុំនឹងចិញ្ចឹមឡើងវិញ» ។
ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅភូមិខាងលើដែរ អ្នកស្រី ឈិន សុខឡេង អាយុ ៣៧ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីក៏មិនហ៊ានចិញ្ចឹមទេ ព្រោះខ្លាចជម្ងឺនេះកើតឡើងម្តងទៀត និងធ្វើឲ្យគាត់ខាត់បងថវិកាដូចជាពេលមុន។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនហ៊ានចិញ្ចឹមព្រោះខ្ញុំខាតអស់២០០០ដុល្លារដោយសារជ្រូកងាប់កន្លងមក»។
មេភូមិពៃ ឃុំត្នោត ស្រុកបាទី លោក សែម សុផាន មានប្រសាសន៍ថា ពីមុនមក ប្រជាពលរដ្ឋក្នុងភូមិ ចិញ្ចឹមជ្រូកចំនួន២០គ្រួសារ តែឥឡូវនេះនៅសល់តែ៤គ្រួសារប៉ុណ្ណោះ ខណៈពួកគាត់ចិញ្ចឹមជ្រូកទាំងភ័យខ្លាចផងដែរ។
លោកបន្ដថា៖ «ខ្ញុំនឹងចុះជំរុញពលរដ្ឋឲ្យចិញ្ចឹមជ្រូកឡើងវិញ ព្រោះជម្ងឺឆ្លងនេះយើងអាចទប់ស្កាត់បាន ដើម្បីដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារ»។
អនុប្រធានការិយាល័យកសិកម្មស្រុកបាទី លោក ថោង ប៊ុនថេន មានប្រសាសន៍ថា លោកមានគម្រោងចុះទៅផ្សព្វផ្សាយពីវិធានការណ៍ទប់ស្កាត់ និងការពារដល់ប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូលនាពេលឆាប់ៗខាងមុខ ដោយថា ដើម្បីឲ្យប្រជាពលរដ្ឋយល់ច្បាស់ពីវិធីការពារពីជម្ងឺឆ្លងប៉េស្ដ្រជ្រូកអាហ្វ្រិច។
លោកបញ្ជាក់បន្ដថា៖ «បើពលរដ្ឋយល់ពីវិធីទប់ស្កាត់និងការពារ នោះជម្ងឺនេះមិនអាចកើតមាននោះទេ ហើយប្រជាពលរដ្ឋនឹងងាកមកចិញ្ចឹមជ្រូកឡើងវិញមិនខាន»។
យ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋ ដែលបានជួបសម្ភាសន៍និយាយថា ពួកគាត់ចង់ឲ្យអាជ្ញាធរជួយណែនាំពីវិធានការបច្ចេកទេស និងការចិញ្ចឹមជ្រូកបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺនេះកុំឲ្យសម្លាប់ជ្រូកពួកគាត់សារជាថ្មី៕
———————————————–
ដោយពលរដ្ឋសារព័ត៌មានខេត្តតាកែវ