ប្រជាពលរដ្ឋប្រមាណ៧០គ្រួសាររស់នៅភូមិត្រពាំងក្រញូង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានរិះគន់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក៤កន្លែង ថា មិនអនុវត្តតាមបច្ចេកទេស ធ្វើឲ្យភាយក្លិនស្អុយចេញមក និងប៉ះពាល់ដល់សុខភាពប្រជាជនរស់នៅក្នុងភូមិ។
ក្រុមអ្នកភូមិអះអាងថា កសិដ្ឋានទាំង៤កន្លែងនោះមិនបានធ្វើតាមបច្ចេកទេសដែលមន្ត្រីជំនាញណែនាំនោះទេ និងបង្កឱ្យមានផលប៉ះពាល់ក្លិនស្អុយខ្លាំង ថែមទាំងហូរទឹកបាចសាចចូលអាចម៍ជ្រូកនៅតាមដងអូរដែលធ្វើឲ្យមានផលប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋនិងសត្វពាហនៈទៀតផង។
ម្យ៉ាងទៀត ប្រជាពលរដ្ឋលើកឡើងថា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកទាំងនោះមិនខ្លាចញញើត ឬកែប្រែឥរិយាបថឡើង បើទោះបីជាអាជ្ញាធរភូមិឃុំក៏បានចុះណែនាំច្រើនដងហើយក៏ដោយ។
ករណីនេះ ក្រុមប្រជាពលរដ្ឋបានស្នើទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ដ្រីពាក់ព័ន្ធផ្សេងទៀតជួយអន្ដរាគមន៍ និងមានវិធានការទៅលើកសិដ្ឋានចិញ្ចឹមជ្រូកទាំងនោះ៕
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។