ធនាគារពិភពលោក ព្រមានពីហានិភ័យនៃការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបលើកម្ពុជា ដោយជំរុញឲ្យរដ្ឋាភិបាលមានវិធានការត្រៀមជាមុនបន្ថែមទៀត។
ក្នុងការផ្សព្វផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិកនាថ្ងៃនេះ ធនាគារពិភពលោកប្រចាំកម្ពុជាបានលើកឡើងថា ការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធចំពោះកម្ពុជា វាទំនងនឹងធ្វើឲ្យកំណើននៃការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបថយចុះ។ បន្ថែមពីលើនេះ ដោយសារ កម្ពុជាពឹងផ្អែកខ្លាំងលើការនាំចូលពីចិននោះការធ្លាក់ចុះសេដ្ឋកិច្ចចិនក្នុងកាលៈទេសៈណាមួយនោះ វានឹងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជាផងដែរ។
ក្នុងរបាយការណ៍នោះលើកឡើងថា៖ «នៅទីបំផុត ការកើនឡើងយ៉ាងរហ័សនៃការហូរទុនចូល និងការផ្ដល់ឥណទាន ដែលបានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យទទួលបានការលូតលាស់ខ្លាំងកន្លងមក នឹងជះឥទ្ធិពលទៅលើវិស័យហិរញ្ញវត្ថុរបស់ប្រទេសផងដែរ។»
ធនាគារពិភពលោកបានឲ្យជាយោបល់ថា ក្នុងស្ថានភាពបែបនេះ កម្ពុជាគួរមានវិធានការចាំបាច់មួយចំនួន ដូចជា រក្សាបៀវត្សសាធារណៈកុំឲ្យរីកមាឌតទៅទៀត ត្រូវមានវិធានការត្រៀមឆ្លើយតបវិបត្តិហិរញ្ញវត្ថុ និងដាក់កំហិតដល់ធនាគារក្នុងការផ្ដល់កម្ចីឲ្យផ្នែកសំណង់ រួមជាមួយនឹងការកាត់បន្ថយថ្លៃដើមក្នុងពាណិជ្ជកម្ម ដែលរួមមាន ការកាត់បន្ថយថ្លៃអគ្គិសនី និងថ្លៃចំណាយដឹកជញ្ជូនផងដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ មានប្រសាសន៍ថា រដ្ឋាភិបាលមានវិធានការឆ្លើយតបមួយចំនួនរួចទៅហើយទៅនឹងការលើកឡើងខាងលើនេះ។
លោកថា៖ «តាមពិតការវាយតម្លៃរបស់គាត់ យើងមិនថាខុសថាត្រូវអីដែរ ហើយយើងក៏យល់ថា EBA វាមានប្រយោជន៍ដល់យើងពីមុនមកដែរ។ មិនថាអត់ទេ សូម្បីតែប្រមុខដឹកនាំក៏គាត់បានបញ្ជាក់ដែរថា មានប្រយោជន៍ចំពោះយើង។ ហើយយើងក៏បានត្រៀមនឹងមានវិធានការដើម្បីទប់ស្កាត់ ប្រសិនជាមានករណីហ្នឹងកើតឡើងផងដែរ។»
កាលពីខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីវិធានការទប់ទល់នឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា រួមមាន ការដកកាំកុងត្រូលចេញពីព្រំដែន ការលុបចោលស្ថាប័ននាវាចរកាំសាប និងការិយាល័យក្រសួងនៅថ្នាក់ស្រុកមួយចំនួន ការបញ្ចុះថ្លៃអគ្គិសនី និងឈប់យកពន្ធលើសហគ្រាសកសិកម្មរយៈពេល៥ឆ្នាំ ជាមួយនិងវិធានការសម្រួលដល់ពាណិជ្ជកម្មមួយចំនួនទៀតដែលថា នឹងជួយឲ្យកម្ពុជាអាចរស់បាន បើទោះបីគ្មានប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសលោកសេរីក៏ដោយ។
លោកមានប្រសាសន៍ថា៖ «យុទ្ធនាការពង្រឹងឯករាជ្យរបស់កម្ពុជា មានចំណុចមួយចំនួន អាចនឹងជួយឲ្យវិស័យធុរៈកិច្ចរបស់យើង បើទោះបីជាគ្មានភាពអនុគ្រោះ ក៏កម្ពុជានៅតែរស់!។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ មានប្រសាសន៍ប្រាប់ VOD កាលពីថ្ងៃទី៨ ខែមេសា ថា ការធ្វើឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីប្លុកលោកសេរី រួមមាន EBA របស់អឺរ៉ុប និង GSP របស់អាមេរិក គឺជាល្បែងនយោបាយដ៏គ្រោះថ្នាក់សម្រាប់សង្គមជាតិ ដោយថា កម្ពុជានឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលចិនកាន់តែធ្ងន់ធ្ងរ។
លោក គឹម សុខ បន្តថា៖ «បើសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ហើយអាមេរិកសម្រេចដកប្រព័ន្ធ GSP ពីកម្ពុជា។ ខ្ញុំយល់ថា ស្ថានភាពដ៏លំបាករបស់កម្ពុជាក្លាយជាប្រទេសទទួលរងអាណានិគមបែបថ្មីក្រោមអំណាចត្រួតត្រារបស់ចិន ហើយពលរដ្ឋខ្មែរអាចធ្លាក់ទៅក្នុងស្ថានភាពវ័ណ្ឌកក្នុងកម្ចីរបស់ចិន»។
ក្នុងព្រឹត្តិបត្រស្ថិតិបំណុលកម្ពុជាចេញផ្សាយកាលពីថ្ងៃ២៦ ខែមីនា ក្រសួងសេដ្ឋកិច្ចឱ្យដឹងថា គិតរហូតមកត្រឹមឆ្នាំ២០១៨ ម្ចាស់បំណុលដែលធំជាងគេរបស់កម្ពុជា គឺប្រទេសចិនដែលគ្រប់គ្រងបំណុលជិត ៥០ភាគរយ ដែលមានតម្លៃប្រមាណ ៣ពាន់ ៤រយលានដុល្លារអាមេរិកនៃបំណុលសរុបជាង ៧ពាន់លានដុល្លារអាមេរិក ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ សហភាពអឺរ៉ុបបានប្រកាសរាប់ថ្ងៃថយក្រោយលើវិធានការព្យួរជាបណ្ដោះអាសន្នប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីកម្ពុជា ក្រោយពីប្លុកលោកសេរីមួយនេះរកឃើញថា រដ្ឋាភិបាលបានបរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស៕