CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

កម្មការិនី​​ជិត​​សំរាល​​កូន​​ម្នាក់​​នៅ​​រោងចក្រ​ឃែនធើរ៉ែន គ្មាន​​ប្រាក់​​សម្រាល​​កូន​​ក្រោយ​​រោង​ចក្រ​​បិទ​​ទ្វារ

Admin ដោយ Admin
September 28, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC)
0
កម្មការិនី​​ជិត​​សំរាល​​កូន​​ម្នាក់​​នៅ​​រោងចក្រ​ឃែនធើរ៉ែន គ្មាន​​ប្រាក់​​សម្រាល​​កូន​​ក្រោយ​​រោង​ចក្រ​​បិទ​​ទ្វារ

កម្មការិនីផ្ទៃពោះជិតសម្រាលកូននៃរោងចក្រកាត់ដេរ ឃែនធើរ៉ែន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co.,LTD) បោះតង់ដេកយាមនៅមុខរោងចក្រនាពេលកន្លងមក។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
103
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

«ពេល​ខ្ញុំ​ពោះធំ​អត់​បាន​ធ្វើការ​ឱ្យ​គេ​ហើយ ថៅកែ​រត់​ចោល​ហើយ​ អត់​មាន​ប្រាក់​ខែទៀត លុយកូន លុយ​ទឹក​ដោះ​គោ លុយ៧០%  បសស ក៏​អត់​បាន​ទៀត និយាយ​រួម​ផលលំបាក​ច្រើន​បង  បើ​គាត់​រត់​ចឹង ខ្ញុំ​ពោះ​ធំ​ចឹង ទៅ​ធ្វើការ​ណា ក៏​គេ​អត់​យក​យើង​ដែរ»។

នេះ​គឺ​ជា​សម្ដី​របស់​ស្ដី្រ​ជិត​សម្រាល​កូន​មា្នក់ ជា​កម្មការិនី​រោងចក្រកាត់ដេរ ឃែនធើរ៉ែន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co.,LTD) បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ជុំវិញ​ផលលំបាក​ក្រោយ​ពី​ថៅកែ​រោងចក្រ​បាន​បិទ​ទ្វារ​ដោយ​មិន​បាន​ទូទាត់​ថ្លៃ​សំណង​ជម្ងឺចិត្ត​ចំនួន​ពីរចំណុច​បន្ថែម​ទៀត។

អ្នកស្រី ហេង  ស៊ីនួន អាយុ​២៨​ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានរៀបរាប់ថា អ្នកស្រីបានចូលធ្វើការងារនៅក្នុងរោងចក្រឃែនធើរ៉ែនចាប់តាំងពីខែតុលា ឆ្នាំ២០១៤ មកម្ល៉េះ ដោយមានតួនាទីជាអ្នកត្រួតពិនិត្យសំលៀកបំពាក់ក្នុងរោងចក្រខាងលើនេះ។

កម្មការិនីដែលមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ បន្ដរៀបរាប់ទាំងអស់សង្ឃឹមថា ក្រោយពីរោងចក្របានបិទទ្វារ ដោយសារថៅកែរោងចក្ររត់ចោលដោយមិនបានទូទាត់សំណងឱ្យអ្នកស្រីមកនោះ អ្នកស្រីបានជួបបញ្ហាលំបាកក្នុងជីវភាព និងការប្រឈមជាច្រើន ដូចជា ការខ្ចីប្រាក់ពីអ្នកដទៃដើម្បីចាយវាយប្រចាំថ្ងៃ និងការពិនិត្យសុខភាពប្រចាំខែ រួមទាំងថ្លៃចំណាយលើការហូបចុកថែមទៀត។

អ្នកស្រីបន្ដថា៖«ពេលនៅចាំចឹង ពេលខ្លះខ្វះថវិកាចាយវាយពេលរាល់ថ្ងៃអីចឹង ខ្ចីគេខ្លះ ខ្ចីបងខ្លះពេលប្ដីបើកប្រាក់ខែបានតិចតួចចឹងទៅយើងឱ្យថ្លៃបន្ទប់ជួល និងសល់ល្មមទុកចាយចឹងទៅ និយាយរួមផលលំបាកមានច្រើនណាស់»។

កម្មការិនីរូបនេះបន្ដថា នាងរួមជាមួយកម្មការិនីផ្សេងទៀត បានបោះតង់ដេកយាមរោងចក្រជាច្រើនខែមកហើយ ដើម្បីទាមទាររកដំណោះស្រាយ។ ក៏ប៉ុន្តែ កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ រដ្ឋបាលសង្កាត់ចោមចៅទី១ បានចេញសេចក្តីជូនដំណឹងមួយដោយបង្គាប់ឱ្យកម្មកររោងចក្រ ឃែនធើរ៉ែន រុះរើតង់ និងយកសម្ភារផ្សេងៗចេញពីមុខរោងចក្រទាំងអស់ក្នុងរយៈពេល៧ថ្ងៃ ក្រោមហេតុផលថា ការបោះតង់របស់កម្មករនោះធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបាត់បង់សោភ័ណភាព។

កម្មការិនីដែលមកពីខេត្តព្រៃវែងរូបនេះ បន្តថា បើសិនជារោងចក្រក្ស័យធន់នោះ អ្នកស្រីនឹងមិនតវ៉ាច្រើននោះទេ។ ក៏ប៉ុន្តែ ខណៈរោងចក្រអ្នកស្រីបិទទ្វារ តែរោងចក្រមួយទៀត ដែលមានម្ចាស់តែមួយ បែរជានៅបន្តដំណើរការដដែល។

អ្នកស្រីថា៖«គេធ្វើការរាល់ថ្ងៃ ពួកខ្ញុំបែរជាមកដេកយាមទាំងគ្មានលុយសោះ វាពិតជាអយុត្ដិធម៌ណាស់សម្រាប់ពួកខ្ញុំ»។

កម្មការិនីដែលជិតគ្រប់ខែឆ្លងទន្លេរូបនេះបានបន្ដទៀតថា អ្នកស្រីចង់ឱ្យមានការដោះស្រាយឆាប់ៗ ដើម្បីអ្នកស្រីបានប្រាក់យកទៅសម្រាលកូននៅខែក្រោយនេះ។

អ្នកស្រីថា កាលដែលអ្នកស្រីមិនព្រមទទួលយកការដោះស្រាយរបស់ក្រសួងការងារកន្លងមកនិងបន្ដដេកយាមនៅមុខរោងចក្រដោយសារតែការដោះស្រាយរបស់ក្រសួងមិនបានគិតអំពីថ្លៃសងជម្ងឺចិត្ត និងលុយបណ្ដេញចេញជាដើម។ អ្នកស្រីក៏បានស្នើសុំទៅក្រសួងការងារក៏ដូចលោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន មេត្តាជួយដោះស្រាយបញ្ហារបស់អ្នកស្រីឱ្យបានមុន នឹងអ្នកស្រីសម្រាលកូន ដើម្បីបានប្រាក់សម្រាលកូននៅឯមន្ទីរពេទ្យ។

អ្នកស្រី ស៊ីនួន បានលើកដៃសុំអង្វរដល់ក្រសួងការងារ និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថា៖«ខ្ញុំសុំឱ្យក្រសួងការងារនិងសម្ដេច ហ៊ុន សែន មេត្ដាជួយកូនចៅផង ពួកខ្ញុំមិនចង់អ្វីច្រើនទេ គ្រាន់តែស្នើឱ្យគិត២ចំណុចបន្ថែមទៀតឱ្យពួកខ្ញុំមក គឺពួកខ្ញុំសប្បាយចិត្តហើយ»។

យោងតាមច្បាប់ស្ដីពីការងារ មានត្រា៩១ ឱ្យដឹងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈ​ផ្ទាល់​នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀតទាម​ទារសំណងសោហ៊ុយជម្ងឺចិត្តបាន។

ចំណែកអ្នកស្រី ប៊ិន បូរ៉ែន អាយុ ៣៤ ឆ្នាំ រស់នៅភូមិល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលបានធ្វើការនៅរោងចក្រឃែនធើរ៉ែន ចាប់តាំងពីឆ្នាំ២០១៣មកបានរៀបរាប់ថា ចាប់តាំងពីថៅកែបិទទ្វារនិងរត់ចោលមក អ្នកស្រីបានជួបបញ្ហាច្រើន ដូចជា ខ្វះខាតថវិកាចាយវាយរាល់ថ្ងៃ គ្មានប្រាក់បង់ថ្លៃបន្ទប់ជួល។ អ្នកស្រីថា ដោយសារអ្នកស្រីមានផ្ទៃពោះ ដូច្នេះអ្នកស្រីទៅធ្វើការនៅកន្លែងផ្សេង គេមិនទទួលយកនោះទេ។

ស្រ្ដីមានផ្ទៃពោះ៦ខែរូបនេះបន្ដថា៖«ខ្ញុំមានផ្ទៃពោះចឹងទៅកន្លែងផ្សេងគេអត់យកខ្ញុំទេ»។

អ្នកស្រី បូរ៉ែន បានឱ្យដឹងទៀតថា អ្នកស្រីហាក់គ្មានសង្ឃឹមក្នុងខ្លួននោះទេ ពីព្រោះពេលអ្នកស្រីទៅក្រសួងគេថា ទាល់តែអ្នកស្រីបន្ដប្ដឹងទៅតុលាការនិងស្វែងរកមុខថៅកែរោងចក្របានទើបខាងក្រសួងអាចដោះស្រាយទៅតាមផ្លូវច្បាប់បាន។ បើអ្នកស្រីមិនអាចបន្ដប្ដឹងឬក៏ស្វែងរកមុខថៅកែបានទេ គឺមិនអាចដោះស្រាយបានឡើយ។

យ៉ាងណាក៏ដោយអ្នកស្រីស្នើសុំឱ្យខាងក្រសួងការងារ និងរដ្ឋាភិបាល មេត្តាជួយគិតគូរពីរចំណុច​ដែលស្នើសុំបន្ថែម​ពីរចំណុច ដើម្បីឱ្យអ្នកស្រីមានលទ្ធភាព មានប្រាក់សម្រាប់ទុកសម្រាលកូន ពីព្រោះនៅសល់តែប៉ុន្មានខែទៀតនោះទេ អ្នកស្រីត្រូវសម្រាលកូនហើយ​។

អ្នកស្រីបន្ដថា៖«ខ្ញុំសុំសំណូមពរទៅរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំពាក់ព័ន្ធផ្សេងៗហ្នឹង ឱ្យជួយដោះស្រាយឱ្យពួកខ្ញុំបាន២ចំណុចទៀត ដើម្បីឱ្យខ្ញុំបានលុយហ្នឹងត្រៀមសម្រាលកូនផង ព្រោះអីរាល់ថ្ងៃយើងអត់មានចំណូលអីចូលទេ»។

ស្ត្រីផ្ទៃពោះ៦ខែរូបនេះបន្ថែមទៀតថា ពេលរោងចក្របិទទ្វារ ប័ណ្ណ ​ប.ស.ស ក៏ប្រើលែងបានផងដែរ។

អ្នកស្រីថា កន្លងមក អ្នកស្រីបានប្រើប្រាស់ប័ណ្ណ ប.ស.ស ឬប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីជួយកាត់បន្ថយថ្លៃសម្រាលកូន តែពេលនេះលុយប្រាក់ខែក៏អត់ ប័ណ្ណ ប.ស.ស ក៏លែងប្រើបាន ដែលជាហេតុធ្វើឱ្យអ្នកស្រីកាន់តែលំបាកបន្ថែមទៀត។

អ្នកស្រីបានស្នើទៅអ្នកគ្រប់គ្រងខាងផ្នែក បេឡាជាតិសន្ដិសុខសង្គមមេត្តាជួយគិតគូរពីបញ្ហានេះ ជូនអ្នកស្រីផងដែរ។

កម្មការិនីវ័យ៣៤ឆ្នាំមកពីស្រុកល្វាឯមខេត្តកណ្ដាលរូបនេះបន្ដថា៖«ពេលអត់ប័ណ្ណ ប.ស.ស ចឹង ពេលទៅពេទ្យយើងត្រូវប្រើលុយផ្ទាល់ខ្លួនច្រើន ហើយអាលុយពីរោងចក្រក៏យើងអត់បាន ហើយ​អាលុយយើងពី ប.ស.ស ដែលគេឱ្យយើង៧០%ក៏យើងអត់បាន និយាយរួមបាត់អត្ថប្រយោជន៍ច្រើន។ ខ្ញុំចង់សុំឱ្យខាង ប.ស.ស ហ្នឹងជួយឱ្យពួកខ្ញុំទម្ងន់៤នាក់នៅរោងចក្រឃែនធើរ៉ែនហ្នឹង ជួយឱ្យគាត់ផ្ដល់ថវិកាហ្នឹងឱ្យពួកខ្ញុំដដែល»។

យ៉ាងណាមិញពលរដ្ឋអ្នកសារព័ត៌មាន CCIM បានទាក់ទងទៅលោក ឡាយ សុវង្ស អនុប្រធានការិយាល័យនៃបេឡាជាតិសន្ដិសុខសង្គម ដើម្បីសុំការបំភ្លឺរឿងសុពលភាពនៃការប្រើប្រាស់ប័ណ្ណ ប.ស.ស របស់កម្មការិនីដែលកំពុងមានផ្ទៃពោះ។

ស្រដៀងគ្នានេះដែរ ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រឃែនធើរ៉ែនអ្នកស្រី សាន់ សុផា ថ្លែងថា កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ អាជ្ញាធរចោមចៅទី១បាននាំគ្នាជាច្រើននាក់មកគំរាមកំហែងពួកអ្នកស្រី ដោយសម្លុតនិងធ្វើសកម្មភាពផ្សេងៗមកលើកម្មករដែលដេកយាមមុខរោងចក្រ។

អ្នកស្រីចាត់ទុកសកម្មភាពនេះថា ជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារដែលមានចែងក្នុងច្បាប់។

អ្នកស្រីបានឱ្យដឹងថា៖«គេ [អាជ្ញាធរចោមចៅ១] មកគំរាមពួកខ្ញុំ គេថា ពួកខ្ញុំបង្កភាពអាណាធិបតេយ្យ ជាពិសេសប៉ះពាល់ដល់សណ្ដាប់ធ្លាប់សាធារណៈ ទាំងដែលពួកខ្ញុំដេកមុខរោងចក្រសោះហ្នឹង»។

អ្នកស្រីបន្ដថា មូលហេតុដែលពួកអ្នកស្រីនៅតែបន្ដដេកយាមនៅមុខរោងចក្រដោយសារពួកអ្នកស្រីមិនព្រមទទួលយកការដោះស្រាយរបស់ក្រសួងការងារ ដោយសារតែការដោះស្រាយរបស់ក្រសួងការងារមិនត្រូវតាមការចង់បានរបស់ពួកអ្នកស្រី។ ម្យ៉ាងវិញទៀត បើសិនជារោងចក្រក្ស័យធន់ គឺពួកអ្នកស្រីនឹងព្រមទទួលយកដំណោះស្រាយខាងលើនេះ ក៏ប៉ុន្ដែជាក់ស្ដែងរោងចក្រមិនបានក្ស័យធន់នោះឡើយ ដោយសាររោងចក្រមួយទៀត ដែលមានថៅកែតែមួយនៅបើកដំណើរការធម្មតាដដែល។

ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រឃែនធើរ៉ែន អ្នកស្រី សុផា បន្ដថា៖«រោងចក្រនេះវាអត់ក្ស័យធន់ឬក៏វាបិទទេ ប៉ុន្ដែនេះវាបិទកន្លែងនេះ ហើយទៅផ្គត់ផ្គង់សាខាកន្លែងមួយទៀតដែលនៅជិតគ្នាបំផុត ដែលពួកខ្ញុំប្រាប់ក្រសួងការងារ ហើយប្រាប់ទៀតថា ២ហ្នឹងជាសាខាជាមួយគ្នា ពីព្រោះពួកខ្ញុំធ្វើអស់ពេល២៥ឆ្នាំហើយ បែរជាក្រសួងការងារស្ដាប់មិនលឺ ថាមិនដឹងជាមួយយើង»។

អ្នកស្រីក៏បានសង្កត់ធ្ងន់ថា រោងចក្រនៅក្បែររោងចក្រពួកអ្នកស្រីបានបិទទ្វារដែរ ហេតុអ្វីអាចទទួលបាន៥ចំណុចនិងដោះស្រាយបាន? ហេតុអ្វីពួកអ្នកស្រីបិទទ្វារដូចគ្នាមិនអាចទទួលបាន៥ចំណុចដូចគេ?

អ្នកស្រីថា ពួកអ្នកស្រីមិនបានទាមទារឱ្យលើសអំពីច្បាប់ការងារកំណត់នោះទេ គឺពួកអ្នកស្រីចង់បានតែតាមច្បាប់ការងារដែលមានចែងប៉ុណ្ណោះ។

អ្នកស្រីបានឱ្យដឹងថា៖«ពួកខ្ញុំនៅតែបន្ដដេក ពីព្រោះពួកខ្ញុំកំពុងរងភាពអយុត្តិធម៌ រងអំពើដែលវាមិនស្របច្បាប់ ម៉ោងនេះឥវ៉ាន់ក្នុងរោងចក្រក៏មិនទាន់យកចេញដែរ។ ទាល់តែក្រសួងមានលក្ខខណ្ឌច្បាស់លាស់ស្របតាមច្បាប់ រាល់ថៅកែបិទរោងចក្រ រាល់ថៅកែដូរទីតាំង ត្រូវតែគិត៥ចំណុចឱ្យពួកខ្ញុំមក»។

អ្នកស្រីបានចាត់ទុកថា ការដែលអាជ្ញាធរចុះរុះរើតង់ និងគំរាមវ៉ៃខ្នោះលើកម្មការិនីដូច្នេះ វាជាការបំបិទសិទ្ធិសេរីភាពតវ៉ា​ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយគ្រាន់តែចង់ទាមទារនូវអ្វីដែលពួកអ្នកស្រីចង់បាន។

អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានមានប្រសាសន៍ថា ក្រសួង​បាន​ដោះស្រាយចប់អស់ហើយ។ ដោយឡែកការស្នើសុំក្រៅច្បាប់ គឺក្រសួងមិនគាំទ្រ ហើយក៏មិនមានអ្វីត្រូវផ្តល់ជូននោះដែរ។

លោក ហេង សួរ បានអះអាងបន្តថា មានកម្មករប្រមាណជា ៩៥% បានមកទទួលយកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាលរួចហើយ។ លោកថា ចំណែកឯការបន្ដតវ៉ារបស់កម្មករកម្មការិនីរោងចក្រឃែនធើរ៉ែន គឺមិនស្របនិងច្បាប់ការងារនោះទេ។

លោកបន្ដថា៖ «ការតវ៉ា ឬទាមទារណាមួយ ដែលមិនមាននៅក្នុងច្បាប់ គឺទុកឱ្យច្បាប់កំនត់ចុះ»។

ជុំវិញការលើកឡើងនេះ អ្នកស្រី សាន សុផា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពួកអ្នកស្រីព្រមទទួលយកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាលមែន ដោយសារតែបញ្ហាជីវភាព  ប៉ុន្ដែអ្វីដែលពួកអ្នកស្រីនៅតែបន្ដការតវ៉ា គឺការទាមទារនូវលក្ខខណ្ឌការងារ២ចំណុចបន្ថែមទៀត គឺទី១ ប្រាក់ជូនដំណឹង និងទី២គឺប្រាក់សងជម្ងឺចិត្តដែលពួកអ្នកស្រីអះអាងថា ក្រសួងផ្តល់ដំណោះស្រាយតែ៣ចំណុចប៉ុណ្ណោះ។ ចំណែកឯពីរចំណុចទៀត មិនទាន់ដោះស្រាយនៅឡើយទេ។

អ្នកស្រីបន្ដថា៖«ដោយសារតែជីវភាព បានជាពួកខ្ញុំព្រមទទួលយកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាល ប៉ុន្ដែពួកខ្ញុំនៅតែបន្ដតវ៉ាបន្ដទៀត ដើម្បីបាន២ចំណុចទៀត បានពួកខ្ញុំព្រម ទី១លុយជូនដំណឹង និងទី២ ប្រាក់សងជម្ងឺចិត្ត»។

យ៉ាងណាលោក ហេង សួរ ក៏ធ្លាប់បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដែរ​ថា ក្រសួងដោះស្រាយឱ្យចំនួន៣ចំណុច ដោយយោងទៅតាមច្បាប់ស្តីពីការងារ ហើយ​២ចំណុចទៀត កម្មករ​អាច​ប្តឹង​ទៅតុលាការទាមទារពីថៅកែបន្តទៀត​បាន។

បើតាមប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង សុភណ្ឌ បញ្ហាវិវាទការងារនៅរោងចក្រឃែនធើរ៉ែន អ្នកស្រីថា ក្រសួងការងារហាក់មានភាពលម្អៀង ទៅលើថៅកែ ជាជាងកម្មករដោយមិនបានឈរលើភាពត្រឹមត្រូវណាមួយនោះទេ។ អ្នកស្រីថា ក្រសួងការងារគួរតែឈលើរច្បាប់ការងារដែលមានចែង មិនមែនរាល់ពេលដោះស្រាយ បែរជាឈរទៅខាងថៅកែ ឬ ក៏អ្នកធំនោះទេ។

អ្នកស្រីថា ការណ៍នេះ ធ្វើឱ្យគេមើលឃើញថា ក្រសួងអសមត្ថភាពក្នុងការដោះស្រាយវិវាទការងារ។

អ្នកស្រី សុភណ្ឌ បន្ដថា៖«ការដែលកម្មករពួកគាត់មិនព្រមទទួលយកដំណោះស្រាយរបស់ក្រសួងការងារជារឿងត្រឹមត្រូវណាស់ ពីព្រោះពួកគាត់បានគិតអំពីការទាមទារតាមផ្លូវច្បាប់ ចឹង បើក្រសួងចង់បញ្ចប់វិវាទមួយហ្នឹង គឺត្រូវតែផ្ដល់ដំណោះស្រាយតាមការចង់បានរបស់កម្មករទើបអាចបញ្ចប់បាន»។

ចំណែកនាយិកានៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី​ ចក់​  សុភាព យល់ឃើញថា អាជ្ញាធរមិនគួរទៅគំរាមកំហែងពួកគាត់នោះទេ ពីព្រោះវាជាសិទ្ធិសេរីភាពរបស់ពួកគាត់ ជាពិសេសក្នុងនាមជាអាជ្ញាធរគួរតែបង្កបរិយាកាសងាយស្រួលដល់កម្មករវិញទើបជារឿងប្រសើរ​។

អ្នកស្រីបន្ដថ្លែងថា៖«ជាធម្មតាកម្មករពួកគាត់អាចអនុវត្តន៍នូវសិទ្ធិសេរីភាពក្នុងការតវ៉ា តួយ៉ាងដូចជាសិទ្ធិធ្វើកូដកម្មអីជាដើមហ្នឹង ដើម្បីទាមទារនូវដំណោះស្រាយណាមួយ ពីសំណាក់អ្នកធំឬក៏និយោជក»។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្គាប់ឱ្យក្រសួងការងារបើកប្រាក់បុរេប្រទានរបស់រដ្ឋាភិបាលដល់កម្មករកម្មការិនីរោងចក្រឃែនធើរ៉ែន ចំនួន បីចំណុច ក្រោយថៅកែរត់ចោល។ ថវិកាបុរេប្រទាន​របស់រដ្ឋាភិបាលដោះស្រាយជូនកម្មករទាំង៣ចំណុចនោះរួមមាន ១-ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក ២-ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣-ប្រាក់បំណាច់អតីតភាព​ការងារថ្មី​ក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ​ដែល​មានមុនឆ្នាំ២០១៩។

ទោះជាយ៉ាងណា បើតាមក្រុមកម្មករ ពួកគេតវ៉ា​ទាមទារ​ចំនួន៥ចំណុច ដោយពីរចំណុច​មិនទាន់ទទួលបាននោះរួមមាន ប្រាក់ជូនដំណឹងជាមុន និងប្រាក់សងជំងឺចិត្ត ហើយ​ពួកគេចាត់ទុកថា បានខាតបង់យ៉ាងធ្ងន់ធ្ងរប្រសិនបើបាត់ពីរចំណុចខាងលើនេះ។ កាល​ពី​ចុង​ខែមេសា ឆ្នាំ២០២២ ភាគី​និយោជក​នៃ​រោងចក្រ​ ឃែនធើរេន អឹភែរឹល ខេមបូឌា ប្រមាណ​ជាង១០នាក់ បាន​លាឈប់​ពី​ការងារ​ និង​បិទទ្វារ​រោងចក្រ​ទាំង​មិន​ទាន់​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ជូន​កម្មករ។ បន្ទាប់​មក​ ក្រុម​សមាសភាព​នៃ​អ្នក​គ្រប់គ្រង​រោងចក្រ​នេះ បាន​ចាត់​ក្រុមការងារ​ប្រមូល​សម្ភារៈ​នៅ​រោងចក្រ ឃែន​ធើ​រេន​ និង​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ សាខា​ថ្មី​របស់​ពួកគេ​មួយ​ទៀត​ឈ្មោះ ក្រុមហ៊ុន ខ្វលីធីត្សេកស្ទើស (Quality Textiles Co.,LTD) ដែល​ស្ថិត​ក្នុង​សង្កាត់​ទួល​ពង្រ​ រាជធានី​ភ្នំពេញ។ ក្រុម​កម្មករ អះអាង​ថា​ រោងចក្រ​ទាំងពីរ​នេះ​មាន​ម្ចាស់​គ្រប់គ្រង​តែ​មួយ។ ក្រៅពី​នេះ ក្រុម​កម្មករ​ឱ្យ​ដឹង​ថា ក្រោយ​ពី​រោងចក្រ ឃែនធើរេន​ បាន​រត់​ចោល​ពួកគាត់ ​ក្រុម​ថៅកែ​ទាំង​នោះ បាន​បង្ខំ​ឱ្យ​កម្មករ​ធ្វើការ​ច្រើន​ម៉ោង​ស្ទើរ​គ្មាន​ពេល​សម្រាក ​ទាំង​មិន​បាន​បើក​ប្រាក់​ឈ្នួល​ប្រចាំខែ​ឱ្យ​កម្មករ៕
………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

ពលរដ្ឋ​នៅ​​ភូមិព្រែកតានូ សង្កាត់​ចាក់អង្រែលើ ​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ស្តារ​ប្រព័ន្ធ​លូរំដោះទឹក​ចេញ​ពី​ភូមិ​ដែល​បង្ហូ​ចេញ​ពី​អគារ​ធំៗ

អត្ថបទបន្ទាប់

ពលរដ្ឋ​ជាង​​១០០​​គ្រួសារ​​នៅ​​ស្រុក​មេមត់​​ខេត្ដត្បូងឃ្មុំ​​ច្រាន​ចោល​​ចំពោះ​ការ​​ចោទ​​របស់​​អាជ្ញាធរ​​ថា មាន​​អ្នក​​នៅ​​ពី​​ក្រោយ​​ខ្នង

អត្ថបទបន្ទាប់
ពលរដ្ឋ​ជាង​​១០០​​គ្រួសារ​​នៅ​​ស្រុក​មេមត់​​ខេត្ដត្បូងឃ្មុំ​​ច្រាន​ចោល​​ចំពោះ​ការ​​ចោទ​​របស់​​អាជ្ញាធរ​​ថា មាន​​អ្នក​​នៅ​​ពី​​ក្រោយ​​ខ្នង

ពលរដ្ឋ​ជាង​​១០០​​គ្រួសារ​​នៅ​​ស្រុក​មេមត់​​ខេត្ដត្បូងឃ្មុំ​​ច្រាន​ចោល​​ចំពោះ​ការ​​ចោទ​​របស់​​អាជ្ញាធរ​​ថា មាន​​អ្នក​​នៅ​​ពី​​ក្រោយ​​ខ្នង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង