ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន បានអះអាងថា អាជ្ញាធរមូលដ្ឋានបានចុះសួរនាំ និងហាមឃាត់ពួកគាត់មិនឱ្យឡើងមកភ្នំពេញ ដើម្បីតវ៉ាទាមទារដោះលែង លោក ថេង សាវឿន និងមន្ត្រីសមាគម២រូបឱ្យមានសេរីភាពវិញ។
អ្នកភូមិរាប់សិបនាក់មកពីបណ្តាខេត្តនានា ដែលភាគច្រើនជាកសិករ បានឡើងមកតវ៉ានៅមុខក្រសួងមហាផ្ទៃរយៈពេល៣ថ្ងៃហើយគិតត្រឹមថ្ងៃចន្ទនេះ ដើម្បីស្នើដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តរតនៈគិរី ដោះលែងលោក ថេង សាវឿន ជាប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសមាគម។
អ្នកស្រី មុំ សោភី ដែលអះអាងថា ជាតំណាងពលរដ្ឋនៅខេត្តកំពង់ស្ពឺប្រាប់សារព័ត៌មានពលរដ្ឋថា អាជ្ញាធរមូលដ្ឋានបានចុះមកសួរនាំ និងហាមប្រជាពលរដ្ឋមិនឱ្យទៅធ្វើសកម្មភាពតវ៉ាទាមទារដោះលែងលោក ថេង សាវឿន និងមន្ត្រីសហគម២រូបដែលកំពុងជាប់ឃុំ ក្រោមហេតុផលថា អ្នកទាំង៣នាក់នោះ ត្រូវបានក្រសួងមហាផ្ទៃចេញថ្លែងការណ៍ចោទប្រកាន់ពីបទញុះញង់ធ្វើបដិវត្តន៍កសិករ។
តំណាងពលរដ្ឋអ្នកស្រី មុំ សោភី អះអាងថា អាជ្ញាធរមូលដ្ឋបានដាក់កម្លាំងសមត្ថកិច្ច និងប្រជាការពារភូមិឱ្យចាំឃ្លាំមើលតាមផ្ទះប្រជាពលរដ្ឋ ដើម្បីរារាំង ឬហាមឃាត់ពលរដ្ឋមិនឱ្យឡើងមកតវ៉ានៅភ្នំពេញ។ អ្នកស្រីថា ពលរដ្ឋនៅសហគមន៍រស្មីសាមគ្គី ស្ថិតក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ហាញការខកចិត្តចំពោះសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាននេះ និងបានចាត់ទុកថា ជាទង្វើរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគាត់។
អ្នកស្រី មុំ សោភី បានលើកឡើងថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលដឹកនាំដោយលោក ថេង សាវឿនតែងជួយដល់កសិករ តាមរយៈការបណ្ដុះបណ្ដាលផ្នែកកសិកម្ម ដូចជាការផ្តល់ទន់ចិញ្ចឹមមាន់ បង្រៀនបច្ចេកទេសធ្វើកសិកម្ម និងជួយរកទីផ្សារលក់ផលិតផលកសិកម្មរបស់កសិករ ជាពិសេសជួយដល់ពលរដ្ឋមានជម្លោះដីធ្លី ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះទេ។
អ្នកស្រីបន្ថែមថា៖«រាជរដ្ឋាភិបាលមេត្តាជួយបើកភ្នែកមើលប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅទូរទាំងប្រទេស ដែលកំពុងជួបទុក្ខលំបាកផង សូមជួយផ្ដល់ដំណោះស្រាយផង។ ហើយមួយវិញទៀត សូមដោះលែងលោក ថេងសាវឿន លោកញ៉ិលភាព លោកថានហាច ដោយឥតលក្ខខណ្ឌ ព្រោះពួកគាត់គ្មានកំហុសទេ»។
លោក ហាន់ ទៀត ដែលអះអាងថា ជាតំណាងសហគមន៍ដីធ្លី៩៥៥នៅខេត្តកោះកុង បានថ្លែងថា រូបលោកក៏ត្រូវបានអាជ្ញាធរមូលដ្ឋាននៅឃុំដងពែង នៃស្រុកស្រែអំបិល ហៅទៅសាក់សួរនៅសាលាឃុំ ជុំវិញការធ្វើដំណើរឡើងមកភ្នំពេញ ដើម្បីគាំទ្រ និងទាមទារដោះលែងមន្ត្រីសមាគមទាំង៣រូបផងដែរ។
តំណាងពលរដ្ឋរូបនេះបន្តថា កាលពីថ្ងៃទី១៩ខែឧសភានេះ លោកបានធ្វើដំណើរពីផ្ទះទៅជិះឡានជាមួយប្រជាពលរដ្ឋផ្សេងទៀតដើម្បីទៅតវ៉ានៅភ្នំពេញ ប៉ុន្តែត្រូវបានសមត្ថកិច្ចនៅឃុំដងពែងហាមឃាត និងគំរាមពីការចាប់ខ្លួនថែមទៀត។ លោកថា ដោយឃើញស្ថានភាពមិនសូវល្អ និងបារម្ភពីសុវត្តិភាពផងនោះ លោកបានត្រឡប់ទៅផ្ទះវិញ។
លោក ហាន់ ទៀត អះអាងថា ប៉ុន្មានថ្ងៃនេះសមត្ថកិច្ចមូលដ្ឋាន និងប្រជាការពារភូមិចាំឃ្លាំមើលរូបលោកគ្រប់ពេលវេលា និងគ្រប់សកម្មភាពទាំងអស់។
លោកថ្លែងថា៖«រូបភាពអស់ទាំងនេះ ស្ដែងចេញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកខ្ញុំ និងជារូបភាពគំរាមកំហែង រំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ»។
ទោះបីជាមានការរឹតត្បិត និងការគំរាមកំហែងមិនឱ្យប្រជាពលរដ្ឋឡើងមកភ្នំពេញយ៉ាងក៏ដោយ ក៏មានពលរដ្ឋរាប់សិបនាក់ពីបណ្តាខេត្តផ្សេងៗបានមកដល់ភ្នំពេញ ហើយតវ៉ាមុខក្រសួងមហាផ្ទៃ ទាមទារដោះលែងលោក ថេង សាវឿន និងក្រុមការងារផងដែរ។
អ្នកស្រី ខៀវ សារុន ជាតំណាងពលរដ្ឋមកពីខេត្តស្វាយរៀងដែលកំពុងតវ៉ាមុខក្រសួងមហាផ្ទៃបានប្រាប់សារព័ត៌មានពលរដ្ឋថា ប្រជាពលរដ្ឋនៅតែឡើងមកប្រមូលផ្ដុំមុខក្រសួងមហាផ្ទៃ ដើម្បីតវ៉ាទាមទារសុំឱ្យមានការដោះលែងលោក ថេងសាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ដោយឥតលក្ខខណ្ឌ ដោយថា ពួកគេគ្មានកំហុសអ្វីនោះទេ។
តំណាងពលរដ្ឋរូបនេះបញ្ជាក់ថា ការតវ៉ានៅមុខក្រសួងមហាផ្ទៃនៅថ្ងៃនេះ មានពលរដ្ឋមកពីខេត្តស្វាយរៀង កោះកុង ត្បូងឃ្មុំ និងខេត្តកណ្ដាល ហើយថា នឹងមានប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួម។ អ្នកស្រីថា ពលរដ្ឋដែលមកតវ៉ានៅភ្នំពេញនេះ បានស្នាក់នៅបណ្តោះអាសន្តនៅសាមគ្គីរង្សី ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ។
អ្នកស្រីបន្ថែមថា៖«ការមកស្នាក់នៅតាវ៉ានេះ គឺពួកយើងប្រឈមនឹងការលំបាកជាច្រើន ដោយសារអាជ្ញាធរបានដេញមិនឱ្យអ្នកលក់បាយ លក់ទឹក និងចំណីអាហារមកជិតក្រុមប្រជាពលរដ្ឋតវ៉ាបានទិញបរិភោគឡើយ។ ជាពិសេសគឺការបត់ដៃបត់ជើងត្រូវបានគេបិទមិនឱ្យប្រើប្រាស់បង្គន់»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណ ដែលកំពុងតាមដានករណីនេះខេត្តរតនៈគិរីបានឱ្យដឹងថា បច្ចុប្បន្នលោក ថេង សាវឿន លោកញ៉ិល ភាព និងលោកថាន់ ហាច ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យជួបក្រុមគ្រួសារសាច់ញាតិប្រពន្ធកូន និងមេធាវីហើយ ប៉ុន្តែនីតិវិធីយ៉ាងណាទៀតនោះលោកមិនទាន់បានដឹងនៅឡើយទេដោយសារលោកនៅខាងក្រៅ។
ចំពោះករណីអាជ្ញាធររារាំង និងគំរាមកំហែងពលរដ្ឋមិនឱ្យឡើងមកតវ៉ានៅភ្នំពេញនោះ លោ ស៊ឹង សែនករុណ ថ្លែងថា វាជាទ្វើរខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។
លោកបន្ថែមថា៖«វាជារឿងផ្ទុយនឹងច្បាប់ ព្រោះវាជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមានសិទ្ធិតវ៉ាទាមទារសិទ្ធិជួបប្រជុំ និងសិទ្ធិការសម្ដែងមតិជាដើម។ ដូច្នេះអាជ្ញាធរមិនគួររឹតត្បិតមិនគួរបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទេ។ គួរតែអនុញ្ញាតឱ្យគាត់ធ្វើសកម្មភាពតវ៉ាទាមទារដោយសន្តិវិធី និងទទួលយកសំណើរបស់គាត់មកដោះស្រាយ។ ការរារាំងរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមិនមែនជាដំណោះស្រាយទេ»។
សហភាពផ្ទះសាមគ្គីដែលជាបណ្តុំដោយអង្គការធ្វើការងារផ្នែកសិទ្ធិមនុស្ស និងបរិស្ថានបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១៨ ខែឧសភានេះ ដោយលើកឡើងថា សកម្មភាពសាកសួររបស់សមត្ថកិច្ច ដោយមានការដកហូតសម្ភារៈ និងឧបករណ៍អេឡិចត្រូនិចរបស់មន្ត្រីសមាគមនោះ គឺជាសកម្មភាពរំលោភលើឯកជនភាពធ្ងន់ធ្ងរ។
ផ្ទះសាមគ្គីបន្ថែមទៀតថា ការឃាត់ខ្លួននោះទៀត ជាទង្វើរំលោភអំណាចរបស់ស្ថាប័នរដ្ឋ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធររដ្ឋមកលើសមាគមដែលកំពុងធ្វើការងារយ៉ាងសកម្មលើការលើកកម្ពស់សិទ្ធិមនុស្សជាមូលដ្ឋានដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។
ផ្ទះសាមគ្គីចាត់ទុកករណីសមត្ថកិច្ចឃាត់មន្ត្រីសមាគមទាំង៣នាក់នេះថា ជាទង្វើគំរាមកំហែងឥតឈប់ឈររបស់អាជ្ញាធររដ្ឋទៅលើក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋរបស់ខ្លួនឯង ហើយថា ទង្វើនេះមិនមែនជាលើកទីមួយឡើយ។
សហភាពផ្ទះសាមគ្គី បានអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរខេត្តរតនគិរី ឱ្យដោះលែងលោក ថេង សាវឿន និងមន្ត្រី២រូបរបស់សមាគមឱ្យមានសេរីភាពវិញ និងបញ្ឈប់សកម្មភាពយាយីមកលើសកម្មជនសិទ្ធិមនុស្សគ្រប់រូបបន្តទៀត៕
…………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន