របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
អ្នកស្រី មុំ សុភី ដែលជាជនរងគ្រោះម្នាក់ ក្នុងចំណោមពលរដ្ឋរងគ្រោះដីធ្លីជាច្រើននាក់ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានក្លាយជាពលរដ្ឋអ្នកសារព័ត៌មាន ក្រោមគម្រោងបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។
អ្នកស្រី មុំ សុភី បច្ចុប្បន្នមានអាយុ៤១ឆ្នាំ ដែលមានស្រុកកំណើតរស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្នកស្រីមានកូន៤នាក់ ក្នុងនោះមានប្រុសម្នាក់និងស្រី៣នាក់។ អ្នកស្រី គឺជាស្ត្រីសកម្មម្នាក់ដែលសកម្មនៅក្នុងកិច្ចការងារសង្គម ដោយបានចូលរួមការងារក្នុងសហគមន៍រស្មីសាមគ្គី និងបានក្លាយជាពលរដ្ឋអ្នកសារព័ត៌មានដែលជាអ្នករាយការណ៍ព័ត៌មានពីសហគមន៍ដីធ្លីរបស់គាត់ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អ្នកស្រីថា ការដែលអ្នកស្រីចង់ធ្វើជាពលរដ្ឋអ្នកសារព័ត៌មាន គឺដើម្បីចូលរួមជួយផ្សព្វផ្សាយរឿងរ៉ាវនានាដែលកើតឡើងនៅក្នុងសហគមន៍របស់អ្នកស្រីដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងលឺ និងដើម្បីលើកស្ទួយវិស័យយេនឌ័រ នៅក្នុងកិច្ចការងារសង្គមផងដែរ។
អ្នកស្រីបន្តថា៖ «ខ្ញុំឃើញភាពអយុត្តិធម៌នៅក្នុងសង្គមជាច្រើនជាពិសេសការរំលោភដីធ្លីជាដើម ដែលនាំឲ្យខ្ញុំសម្រេចចិត្តធ្វើជាអ្នកសារព័ត៌មានរហូតដល់សព្វថ្ងៃ»។
អ្នកស្រី មុំ សុភី បានចាប់ផ្តើមចូលរួមវគ្គបណ្តុះបណ្តាលជាពលរដ្ឋអ្នកសារព័ត៌មាន (Citizen Journalist) នៅខែមីនា ឆ្នាំ២០២០ ក្រោមការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) តាមរយៈការគាំទ្រពីអង្គការដៃគូរនានា។
ជម្លោះដីធ្លីនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានកើតមានឡើង តាំងពីខែធ្នូ ឆ្នាំ២០១១ មក រវាងប្រជាពលរដ្ឋពីរឃុំ គឺឃុំរស្មីសាមគ្គី និងអមលាំង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់។ បច្ចុប្បន្នមានពលរដ្ឋ ១ ១៤៧ គ្រូសារទៀតក្នុងនោះក៏មានគ្រួសារអ្នកស្រី មុំ សុភី ផងដែរ ដែលនៅតែតវ៉ា និងមិនព្រមទទួលយកសំណង៥០០ដុល្លារក្នុងមួយគ្រួសារ តាមការកំណត់របស់ក្រុមហ៊ុននិងក្រសួងរៀបចំដែនដីឡើយ។
ក្នុងពេលមានជម្លោះដីធ្លីនេះ អ្នកស្រី មុំ សុភី ធ្លាប់បានឡើងមកតវ៉ាដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅក្នុងរាជធានីភ្នំពេញជាច្រើនលើកច្រើនសារដើម្បីស្វែងរកការអន្តរាគមន៍ពីក្រសួងនិងស្ថាប័នពាក់ព័ន្ធ។
ជាអ្នករួមការងារសហគមន៍ផង និងជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយអ្នកស្រី មុំ សុភី ផង គឺអ្នកស្រី ហាក់ អ៊ីម បានលើកសរសើរអំពីការចូលរួមយ៉ាងសកម្មនៅក្នុងសង្គមរបស់អ្នកស្រី មុំ សុភី។ អ្នកស្រី ហាក់ អ៊ីម បានថ្លែងថា អ្នកស្រី មុំ សុភី គឺជាស្ត្រីក្លាហានម្នាក់ ដែលហ៊ានពុះពារឧបសគ្គនានាដើម្បីសហគមន៍។
អ្នកស្រីថា៖ «តាមខ្ញុំសង្កេតមើលឃើញ មុំ សុភី ជាស្ត្រីសកម្មការងារ ទាំងក្នុងគ្រួសារ និងកិច្ចការសង្គម គាត់តែងតែចូលរួមតវ៉ាបញ្ហាដីធ្លីយ៉ាងសកម្ម»។
ចំណែកលោក ពេជ្រ ចំរុង មន្ត្រីសម្របសម្រួលបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកឡើងថា អ្នកស្រី មុំ សុភី គឺជាពលរដ្ឋអ្នកសារព័ត៌មានសកម្មម្នាក់។ អ្នកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាពលរដ្ឋអ្នកសារព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។
លោកបន្តថា អ្នកស្រី មុំ សុភី បានចូលរួមវគ្គបណ្ដុះបណ្ដាលជាច្រើន ដូចជា ជំនាញសរសេរអត្ថបទនិងរាយការណ៍ព័ត៌មានតាមទូរសព្ទដៃ វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន វគ្គពង្រឹងជំនាញសុវត្ថិភាពលើប្រព័ន្ធឌីជីថល វគ្គបណ្តុះបណ្តាលស្តីពីការថតរូប និងចុងក្រោយនេះ គឺវគ្គបណ្តុះបណ្តាលស្តីពីកាត់តវីដេអូ និងរូបភាព ដែលបានធ្វើឡើងនៅសណ្ឋាគារមិត្តភាព ក្នុងខេត្តកំពត ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
លោកថា៖ «គាត់ [មុំ សុភី] បានចូលរួមការងារជាពលរដ្ឋអ្នកសារព័ត៌មានយ៉ាងសកម្ម និងបានអភិវឌ្ឍនូវជំនាញដោយចែករំលែកព័ត៌មានពីសហគមន៍ និងបានសរសេររឿងជាអត្ថបទព័ត៌មានផងដែរ»។
គួររំលឹកផងដែរថា អ្នកស្រី មុំ សុភី ក៏ជាសមាជិកនៅក្នុងសហគមន៍រស្មីសាមគ្គី ដែលជាសហគមន៍ធ្លាប់មានវិវាទដីធ្លីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១១៕
………………………………….
ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺលោក ព្រំ រតនៈ