របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ក្រោយពីមានការចុះផ្សាយពីការដាក់ញត្ដិទៅក្រសួងអប់រំ យុវជន និងកីឡា របស់លោកគ្រូអ្នកគ្រូនៅវិទ្យាល័យទួលប្រាសាទសែនសុខ សង្កាត់ឃ្មួញ រួចមក មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានចុះទៅស៊ើបអង្កេតស្វែងរកការពិត កាលពីថ្ងៃទី៧ ខែតុលា ប៉ុន្តែលោកគ្រូអ្នកគ្រូមួយចំនួនយល់ថា ការពិតនឹងមិនអាចរកឃើញឡើយ បើគ្មានការចូលរួមបំភ្លឺឱ្យបានទូលំទូលាយពីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញលោក ហែម ស៊ីណារ៉េត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី១០ ខែតុលានេះថា កាលពីថ្ងៃទី៧ ខែតុលា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកនិងសហការីបានចុះទៅស៊ើបអង្កេតនិងសាកសួរក៏ដូចជាប្រមូលព័ត៌មានមួយចំនួនតាមបណ្ដឹងរបស់លោកគ្រូអ្នកគ្រូតែប៉ុណ្ណោះ។ ប៉ុន្ដែលោកថា ការណ៍ដែលចុះទៅនេះ មិនបានហៅលោកគ្រូអ្នកគ្រូទាំងអស់ឱ្យចូលរួមនោះទេ ពីព្រោះពុំមែនជាការចុះដោះស្រាយបញ្ហាដើមបណ្ដឹង ឬក៏ចុងបណ្ដឹងទេ។ ដូច្នេះសុំកុំមានការយល់ច្រឡំថា ខាងមន្ទីរចុះទៅសម្រេចសេចក្តីណាមួយនោះ។
ប្រធានមន្ទីរអប់រំបន្ដថា៖«ករណីនេះខ្ញុំអត់ទាន់ឆ្លើយថាយ៉ាងម៉េចទេ កាលក្រុមការងារខាងមន្ទីរចុះទៅ មិនមែនទៅជួបចុងបណ្ដឹងឬដើមបណ្ដឹងទេ គឺមន្ទីរបានយកខ្លឹមសារនិងចំណុចដែលក្រុមគ្រូដែលគាត់មិនពេញចិត្ដប្ដឹងហ្នឹងមានចំណុចអីៗ គឺយើងបានដាក់មន្ដ្រីតាមការិយាល័យជំនាញពាក់ព័ន្ធនឹងគាត់ចុះទៅស្រាវជ្រាវកន្លែងហ្នឹង ដូចជាពាក់ព័ន្ធថវិកា ពាក់ព័ន្ធការលាក់បុគ្គលិក គឺយើងចាត់ចែង និងចុះធ្វើការងារអស់ហើយ ប៉ុន្ដែយើងមិនទាន់បានបូកសរុបថា នឹងសម្រេចបែបណានោះទេ»។
លោក ស៊ីណារ៉េត បន្ដថា ការសម្រេចយ៉ាងណា គឺនៅមិនទាន់ឱ្យខាងពលរដ្ឋអ្នកសារព័ត៌មានបានដឹងនៅឡើយទេ ហើយលោកបានស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធរងចាំមើលលទ្ធផលទាំងអស់គ្នា។ លោកថា ករណីនេះ ត្រូវការពេលវេលាក្នុងការស៊ើបអង្កេតសិន ទើបមិនទាន់មានការសម្រេចជាផ្លូវការ។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM ក៍បានសួរបន្ថែមទៅប្រធានមន្ទីរអប់រំថា តើមូលហេតុអ្វី បានជាខាងមន្ទីរមិនកោះហៅលោកគ្រូអ្នកគ្រូដែលជាដើមបណ្ដឹងមកសួរនាំផងនោះ? លោកបាននិយាយថា ខាងលោកធ្វើតាមជំហាន ដើម្បីកំណត់បញ្ហានីមួយៗឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ ជាពិសេសលោកថា រាល់ការចោទប្រកាន់បានត្រឹមត្រូវ ឬមិនត្រឹមត្រូវ គឺសំអាងលើឯកសារបច្ចេកទេស។ លោកថា មិនមែនយកទៅសួរក្រុមគាំទ្រ ឬក្រុមមនុស្សប្រឆាំងនោះទេ។
ប្រធានមន្ទីរអប់រំរូបនេះបានឱ្យដឹងទៀតថា៖«នៅពេលដែលយើងបានដំណាក់កាលទី១ យើងអីយ៉ាងម៉េច? យើងនឹងពិចារណាថា តើយើងអាចចាំបាច់ទៅជួបអីរួមអី ចាំយើងគិតទៀត មិនមែនក្រុមនោះថាអញ្ចឹង យើងទៅសួរក្រុមហ្នឹងថាអញ្ចឹង គឺអត់មានមូលដ្ឋានច្បាស់លាស់ គឺការងារដោះស្រាយបច្ចេកទេស គឺសំអាងទៅលើឯកសារហ្នឹងឯង»។
នៅក្នុងសារសម្លេងបែកធ្លាយមួយ ដែលពលរដ្ឋអ្នកសារព័ត៌មានយើងទទួលបាន ដោយខាងមន្ទីរបានហៅខាងនាយកវិទ្យាល័យទួលប្រាសាទសែនសុខ និងសិស្សមួយចំនួនទៅសាកសួរ ពេលដែលមានការសាកសួរ គឺបានសួរនាំសិស្សមួយចំនួនអំពីការយកប្រាក់១០០ដុល្លារ ជាថ្នូរនិងការផ្លាស់ប្ដូរពីសាលារៀននៅខេត្ដកំពត មករៀននៅវិទ្យាល័យទួលប្រាសាទសែនសុខនេះ គឺខាងនាយកសាលាបានទារថ្លៃប្ដូរ១០០ដុល្លារ តែសិស្សបានស្នើសុំឱ្យយកតម្លៃទាបជាងហ្នឹង ប៉ុន្ដែខាងនាយកសាលាមិនព្រម។ រីឯករណីមួយទៀត គឺសិស្សសាលាទាំងនោះបាននិយាយថា ពេលដែលត្រូវការដកសញ្ញាបត្រ គឺខាងនាយកសាលាបានទារប្រាក់ក្នុងម្នាក់ៗ អាចចាប់២ពាន់រៀលទៅ១ម៉ឺនរៀល ទាំងដែលខាងក្រសួងអប់រំ មិនតម្រូវឱ្យយកក៏ដោយ។
សិស្សវិទ្យាល័យទាំងនោះបានអះអាងថា៖«គាត់ [នាយកសាលា] អ្នកទារ គាត់ថា បើអត់ឱ្យលុយគាត់ អត់ឱ្យក្រដាស់ហ្នឹងទេ គាត់និយាយច្បាស់ៗចឹង»។
យ៉ាងណាក្ដី សិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខទាំងនោះសង្ឃឹមថា ក្រោយពីមន្ទីរអប់រំបានចុះផ្ទាល់និងស៊ើបអង្កេតលើករណីទាំងនេះមក អាចនឹងធ្វើឱ្យសាលានេះ វិលមករកភាពល្អប្រសើរជាងមុន និងអាចអនុវត្ដទៅតាមការណែនាំរបស់ក្រសួងអប់រំ។
សិស្សដែលកំពុងស្ថិតក្នុងការសាកសួររបស់មន្ទីរអប់រំរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា សាលាខ្ញុំ អាចអនុវត្ដកាន់តែខ្លាំងឡើងៗ កុំឱ្យដូចឥឡូវ ព្រោះអីខ្ញុំទី១២ [ថ្នាក់ទី១២] ខ្ញុំសុខចិត្តមកចូលរួមដើម្បីឱ្យសិស្សប្អូនខ្ញុំ បានរៀនតទៅមុខទៀត គឺស្រួល ខ្ញុំអត់ចង់ឱ្យពិបាកដូចខ្ញុំទេ»។
នៅក្នុងសារសម្លេងដដែល ខាងមន្ទីរអប់រំក៏បានបញ្ជាក់យ៉ាងច្បាស់ថា ពេលដកសញ្ញបត្រអត់មានតម្រូវឱ្យសិស្សបង់លុយនោះទេ។ លោកថា ពេលទៅដកហើយ ខាងនាយកសាលាទារលុយ អាចប្រាប់ខាងមន្ទីរភ្លាម ខាងមន្ទីរនឹងធ្វើការណែនាំ។
លោកថា៖«កុំថាឡើយឱ្យ១ម៉ឺន ១ពាន់រៀល ក៏មិនអស់ដែរ ពេលគាត់យកប្រាប់មកខាងមន្ទីរមក»។
បើតាមលោកគ្រូអ្នកគ្រូដែលជាដើមបណ្ដឹងបានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMនៅថ្ងៃចន្ទនេះថា ពួកគាត់ចង់បានដំណោះស្រាយសមស្របមួយ ហើយក៏ចង់ដឹងអំពីដំណោះស្រាយដែលបានចេញពីខាងមន្ទីរអប់រំរាជធានីភ្នំពេញក្រោយពីការចុះទៅស៊ើបអង្កេតនេះដែរ ថាអាចទទួលយកបានឬអត់។
ពួកគាត់ថ្លែងថា៖«ពួកខ្ញុំអត់ចង់ទាមទារទេ គ្រាន់តែចង់ដឹងពីដំណោះស្រាយពីខាងមន្ទីរអប់រំ»។
យ៉ាងណាក្ដី ពួកគាត់បានសង្កត់ធ្ងន់ថា បើសិនជាមិនមានដំណោះស្រាយសមស្របណាមួយពីមន្ទីរអប់រំទេ ពួកគាត់នឹងបន្ដឡើងទៅតវ៉ាដល់ក្រសួងអប់រំ យុវជន និងកីឡា ផ្ទាល់តែម្ដង។
ពួកគាត់បន្ដថា៖«បើអត់មានដោះស្រាយទេ ពួកខ្ញុំនឹងឡើងទាមទារដល់ក្រសួងតែម្ដង»។
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ គ្រូបង្រៀននិងសិស្សានុសិស្សមួយចំនួននៃវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មូញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាដាក់ញត្ដិទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យក្រសួងដកនាយកសាលាឈ្មោះ អ៊ុំ សុកំ ចេញ ក្រោយពីនាយកសាលារូបនេះបានប្រព្រឹត្ដអំពើពុករលួយនិងភាពមិនប្រក្រតីជាច្រើន។
យោងតាមលិខិតដែលមានកម្រាស់៣ទំព័រ ដែលលោកគ្រូអ្នកគ្រូនៅសាលាវិទ្យាល័យទួលប្រាសាទសែនសុខបានប្តឹងទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែកញ្ញា បានលើកឡើងពីភាពមិនប្រក្រតីជាច្រើនចំណុចដែលក្នុងនោះរួមមាន ការមិនបង្ហាញតម្លាភាពក្នុងការចាយវាយថវិកាដំណើរការសាលារៀន (SOB) និងថវិកាគម្រោង (SIEP ឬ GIEP) ដែលប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ការបង្រៀន និងរៀន។ ការមិនប្រកាសពីតម្លាភាពថវិកាចំណូលដែលសាលាទទួលបានពីការដេញថ្លៃ ភាស៊ីកង់ និងតូបផ្សារ នៅក្នុងសាលារៀន, ការឃុបឃិតលាក់បុគ្គលិកអសកម្ម ដែលមិនបានមកបំពេញការងារដោយប្រើពាក្យសម្ដីថា ខ្លួនជាអ្នកមានឆន្ទានុសិទ្ធិ, ការអនុញ្ញាតឱ្យកូនប្រុសរបស់ខ្លួនដែលគ្មានវិជ្ជាជីវៈជាគ្រូបង្រៀន មកបង្រៀនជំនួសបុគ្គលិកអសកម្ម ជាថ្នូរការបើកយកប្រាក់បៀវត្សពីបុគ្គលិកដែលអសកម្មទាំងនោះ, ការតម្រូវឱ្យលោកគ្រូអ្នកគ្រូបង់ប្រាក់លើការបង់ថ្លៃជួលអ្នកយាមសាលា ១០០០០ រៀលក្នុងមួយខែ និងការចំណាយលើការធ្វើឯកសារផ្សេងៗ ដូចជា ការទិញសម្ភារៈសិក្សាដូចជា ហ្វឺត និងទឹកហ្វឺតជាដើម។
ក្រៅពីនេះ ក្នុងពាក្យបណ្តឹងនេះ ក៏បានលើកឡើងដែរថា សាលាបានទារប្រាក់ពីអាណាព្យាបាលសិស្សដែលសុំផ្ទេរការសិក្សា ការទារប្រាក់ពីការស្នើសុំដកសញ្ញាប័ត្រប្រឡង និងការកាត់យកប្រាក់ពីគណៈកម្មាការមេប្រយោគពេលចេញបេសកម្មប្រឡង រួមទាំងការប្រើប្រាស់អំណាចគាប់សង្កត់ គំរាមកំហែង អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារបង្រៀនដល់សិស្សានុសិស្សជាដើម។
យ៉ាងណាក្ដីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ បានថ្លែងឱ្យដឹងទៀតថា៖«យើងខ្ញុំទាំងអស់គ្នា មានការមិនពេញចិត្តជាខ្លាំងចំពោះលោក អ៊ុំ សុកំ ដែលជាមនុស្សអសីលធម៌ដោយគាត់តែងដើរញុះញង់ លាបពណ៌ ឆ្កិះឆ្កៀល បំបែកបំបាក់សាមគ្គីផ្ទៃក្នុងនៅក្នុងអង្គភាព ខ្វះគុណធម៌ អាត្មានិយម ប្រកាន់បក្សពួក នៅតែផ្ទះ មកធ្វើការមិនដែលទៀងទាត់ឡើយ»។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោក អ៊ុំ សុកំ ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានអញ្ជើញដើម្បីដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួនទៅតាមការចោទប្រកាន់បណ្ដឹងរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខផងដែរ។ ប៉ុន្ដែនៅមិនទាន់បានសម្រេចជាផ្លូវការណាមួយទើបពួកគាត់បន្ដប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងអប់រំបន្ថែមទៀត។
ជុំវិញរឿងនេះនាយកសាលានៃវិទ្យាល័យទួលប្រាសាទសែនសុខ លោក អ៊ុំ សុកំ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើ។ លោកឆ្លើយបំភ្លឺប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា រឿងរបស់លោក គឺកំពុងស្ថិតនៅដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលក្នុងសេចក្ដីប្រកាស គឺបានបិទពេញក្នុងសាលា។ លោកថា មិនទាន់បានដល់ការសម្រេចរបស់ACU ផង បែជាពួកគាត់ដើរប្ដឹងគ្រប់កន្លែងទៅសាលាក្រុងផង ទៅក្រសួងអប់រំ មន្ទីរអប់រំផង។
លោកនាយកបន្ដថា៖«ខ្ញុំបានឆ្លើយបំភ្លឺនៅACUហើយ ហើយបិទសេចក្ដីប្រកាសពេញសាលាតែពួកគាត់មិនមើល ហើយចេះតែដើរប្ដឹងខ្ញុំ វាអាចខូចកិត្ដិយសខ្ញុំដែរបង ទម្រាំរកខុសរកត្រូវឃើញបានត្រឹមតែម៉ាស្អុយឈ្មោះ ធ្វើឱ្យអង្គភាពខ្ញុំវាអាក្រក់ឈ្មោះចឹងឯង»។
យ៉ាងណា គោលបំណងក្នុងលិខិតរបស់លោកគ្រូអ្នកគ្រូបានបញ្ជាក់ច្បាស់លាស់ថា ពួកគេស្នើសុំទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជូនណារ៉ុន ជួយត្រួតពិនិត្យ និងធ្វើការសម្រេចករណីខាងលើជូនពួកគាត់ ដោយសេចក្ដីអនុគ្រោះ ពីព្រោះលោកគ្រូអ្នកគ្រូមិនអាចធ្វើការងារក្រោមការគាប់សង្កត់ផ្លូវចិត្តរបស់លោក អ៊ុំ សុកំ បន្ដទៀតបានឡើយ៕
…………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន